លោក ដូណាល់ ត្រាំ ប្រកាសយ៉ាងដូច្នេះ នៅក្នុងសេតវិមាន ក្រោយពេលដែលមាន ការលើកឡើងពី អ្នកជំនាញក្នុងវិស័យសុខាភិបាល ថាគួរតែបន្តបិទទីក្រុងរយៈពេលវែង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃ មេរោគកូវីដ១៩។ប្រធានាធីបតីអាមេរិក បានអះអាងថា អាមេរិក មិនមែនជាប្រទេស ដែលត្រូវបានបង្កើតឡើង ដើម្បីតែបិទទ្វារនោះទេ គឺត្រូវតែបើកដំណើរការអាជីវកម្មឡើងវិញ ក្នុងពេលឆាប់ៗខាងមុខ និងធ្វើពាណិជ្ជកម្មជាមួយអ្នកដទៃ មិនត្រូវរង់ចាំរហូតដល់ ៣ ឬ ៤ខែ ដូចសម្តីអ្នកស្នើសុំនោះទេ។
បើទោះបីជាមានការទទូចស្នើសុំពី អ្នកជំនាញសុខាភិបាល ឲ្យមានការចាត់វិធានការ រក្សាគម្លាតសង្គម ក៏ដោយ ថ្នាក់ដឹកនាំអាមេរិក បានគូសបញ្ជាក់ហើយថា មិនអនុញ្ញាតឲ្យ ផលប៉ះពាល់នៃមេរោគកូវីដ១៩ ជះឥទ្ធិពលធំដុំដល់ សេដ្ឋកិច្ចអាមេរិកនោះឡើយ ពោលគឺ ដំណើរការសេដ្ឋកិច្ចអាមេរិក នៅមានសក្តានុពលខ្ពស់ជាង ការព្យាបាលមេរោគកូវីដ១៩ ដែលកំពុងរាតត្បាតក្នុងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ដែរថា គិតមកត្រឹមថ្ងៃទី ២៤ ខែមីនានេះ ករណីឆ្លងមេរោគកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិក បានកើនដល់ជាង ៤ម៉ឺន ៣ពាន់ករណីហើយ ដែលក្នុងនោះមានករណីស្លាប់ជាង ៥០០ករណី៕