ជុំវិញការដាក់ចេញច្បាប់ថ្មីនេះ ត្រូវបានសេតវិមានបញ្ជាក់ថា ចំពោះអ្នកដំណើរជាកុមារអាយុក្រោម ១៨ ឆ្នាំ និងអ្នកដែលមានបញ្ហាផ្នែកវេជ្ជសាស្ត្រមួយចំនួន ក៏ត្រូវបានលើកលែងពីការតម្រូវឲ្យមានការចាក់វ៉ាក់សាំង មុននឹងចូលទៅកាន់សហរដ្ឋអាមេរិកផងដែរ។ ទន្ទឹមនឹងនេះ សម្រាប់អ្នកដំណើរមិនមែនភ្ញៀវទេសចរ មកពីប្រទេសចំនួន៥០ ដែលមានអត្រាចាក់វ៉ាក់សាំងទាបជាង១០% ក៏មានសិទ្ធិទទួលបានការលើកលែងពីច្បាប់នេះ ដើម្បីចូលសហរដ្ឋអាមេរិកដែរ ប៉ុន្តែអ្នកដែលទទួលបានការលើកលែងជាទូទៅត្រូវតែចាក់វ៉ាក់សាំងឱ្យបានរយៈពេល ៦០ ថ្ងៃមុនពេលហោះហើរទៅសហរដ្ឋអាមេរិក។
កាលពីថ្ងៃទី ២០ កញ្ញា សហរដ្ឋអាមេរិកធ្លាប់បានប្រកាស ពីគម្រោងនៃការដកចេញនូវការរឹតបន្តឹងសម្រាប់អ្នកធ្វើដំណើរតាមយន្តហោះ ដែលបានចាក់វ៉ាក់សាំងរួចរាល់ពី ៣៣ ប្រទេសម្ដងរួចហើយ ក្នុងនោះរួមមាន ចិន ឥណ្ឌា ប្រេស៊ីល និងអឺរ៉ុបជាដើម។ បើតាមផែនការ អ្នកដំណើរតាមផ្លូវអាកាសទាំងអស់ ដែលចូលមកសហរដ្ឋអាមេរិក ត្រូវតែជាអ្នកចាក់វ៉ាក់សាំងរួច និងតម្រូវឱ្យធ្វើតេស្តរកមេរោគកូវីដ ១៩ មុនការហោះហើររបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក ព្រមទាំងផ្តល់លទ្ធផលតេស្តអវិជ្ជមានទៅដល់ក្រុមហ៊ុនអាកាសចរណ៍ផងដែរ។
សូមរំឭកថា សហរដ្ឋអាមេរិកបានដាក់ចេញនូវវិធានការរឹតបន្តឹងការធ្វើដំណើរជាលើកដំបូងនៅដើមឆ្នាំ ២០២០ ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដូចនេះគិតមកទល់ពេលនេះ គឹមានរយៈពេលជាង ១ ឆ្នាំ កន្លះ មកហើយ។ ទោះយ៉ាងណា ក្រោយមើលឃើញពីសន្ទុះនៃការចាក់វ៉ាក់សាំងមានការកើនឡើង សហរដ្ឋអាមេរិកក៏បានសម្រេចចិត្តបើកដំណើរប្រទេសជាបណ្ដើរៗឡើងវិញ។
ជាក់ស្ដែង សហរដ្ឋអាមេរិកក៏ស្ថិតក្នុងចំណោមប្រទេស ដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋច្រើនជាងគេផងដែរ ខណៈពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានទទួលការណែនាំពី រដ្ឋបាលចំណីអាហារ និងឱសថក្នុងការចាក់វ៉ាក់សាំងជូនកុមារ អាយុចាប់ពី ៥ ទៅ ១១ ឆ្នាំ ផងដែរ។ សូមបញ្ជាក់ថា វ៉ាក់សាំងដែលចាក់ជូនកុមារទាំងនោះ ជាប្រភេទវ៉ាក់សាំង Pfizer ដែលមានកម្រិតទាបប្រើសម្រាប់តែកុមារ ឬស្មើ មួយភាគបី នៃកម្រិតប្រើសម្រាប់មនុស្សពេញវ័យ ដើម្បីការពារកុមារពីការប្រឈមហានិភ័យនៃការរលាកបេះដូង៕
អត្ថបទ ស៊ើង និមល់