លោក ថូម៉ាស ខរលី អ្នកនិពន្ធសៀវភៅមួយរូបដែលបានចំណាយពេល៥ឆ្នាំ ស្រាវជ្រាវនិងតាមដានស៊ីជម្រៅទម្លាប់ប្រចាំថ្ងៃរបស់មហាសេដ្ឋីដែលជោគជ័យដោយខ្លួនឯងចំនួន១៧៧នាក់ បានសរសេរនៅក្នុងសៀវភៅរបស់ខ្លួនថា ទម្លាប់ប្រចាំថ្ងៃរបស់ពួកគាត់គឺជាកត្តាកំណត់ភាពជោគជ័យរបស់បណ្តាអ្នកទាំងនោះ។
មហាសេដ្ឋីដែលជោគជ័យទាំងអស់គ្នា គឺមានចំណុចរួមគ្នាមួយគឺពួកគាត់ប្រកាន់ខ្ជាប់និងដាច់ខាតនូវទម្លាប់ប្រចាំថ្ងៃរបស់ពួកគាត់។ សៀវភៅរបស់លោក ថូម៉ាស់ ដែលបានបោះពុម្ពកាលពីឆ្នាំ២០១៦ មានចំណងជើងថា «ផ្លាស់ប្តូរទម្លាប់របស់អ្នក ផ្លាស់ប្តូរជីវិតរបស់អ្នក»។
ខាងក្រោមនេះគឺជាទម្លាប់វិជ្ជមានទាំង១៥ របស់បណ្តាមហាសេដ្ឋីទាំងនោះ ហើយយើងគ្រប់គ្នាសុទ្ធតែអាចយកមកអនុវត្តជាទម្លាប់ប្រចាំថ្ងៃរបស់យើង៖
១. ទម្លាប់អានជាប្រចាំ
ពួកអ្នកមានតែងតែចំណាយពេលអានសៀវភៅ និងឯកសារនានាជារៀងរាល់ថ្ងៃ។ លោក ថូម៉ាស ខរលី បានសរសេរនៅក្នុងសៀវភៅរបស់ខ្លួនថា ៨៨% នៃមហាសេដ្ឋីទាំងអស់ដែលលោកបានតាមដាន បានចំណាយពេល៣០នាទី ឬលើសពីនេះ រៀងរាល់ថ្ងៃ ដើម្បីអានបង្កើនចំណេះដឹងនិងសិក្សាបន្ថែម។ ពួកគេចូលចិត្តជារួមនូវសៀវភៅ ឬអត្ថបទបីប្រភេទ គឺប្រវត្តិរូបមនុស្សល្បីៗ ជោគជ័យលើលោក សៀវភៅជួយលើកទឹកចិត្តខ្លួនឯង ឬការអភិវឌ្ឍខ្លួន និងប្រវត្តិសាស្រ្ត។
២. ទម្លាប់ហាត់ប្រាណជាប្រចាំ
ពួកអ្នកមានតែងតែហាត់ប្រាណជាប្រចាំដោយចំណាយពេលលើសពី៣០នាទីក្នុងមួយថ្ងៃ ទៅលើការរត់តិចៗ ការដើរ ការជិះកង់ ឬលំហាត់នានាដែលមានផលដល់បេះដូងនិងខួរក្បាល។ ពួកគេជឿថាការហាត់ប្រាណគឺជួយដល់បេះដូង និងខួរក្បាលរបស់ពួកគេឲ្យកាន់តែល្អ និងឆ្លាតបន្ថែមទៀត។
៣. ទម្លាប់ដើរជាមួយពួកដែលជោគជ័យនានា
ពួកអ្នកមានចូលចិត្តដើរជាមួយអ្នកមានដូចគ្នា ឬអ្នកដែលទទួលបានជោគជ័យ។ លោក ខរលី បញ្ជាក់ថា ពួកអ្នកមានទាំងនោះចូលចិត្តស្វែងរក និងដើរជាមួយអ្នកដែលមានគោលដៅច្បាស់លាស់ មានសុទិដ្ឋិនិយម មានទស្សនៈវិស័យវិជ្ជមាន។
នៅពេលដែលពួកគេបានទាក់ទងគ្នាហើយ ពួកគេតែងតែពង្រឹងទំនាក់ទំនងគ្នាជានិច្ច ហើយតែងតែធ្វើនូវទម្លាប់ដូចជា ជូនពរគ្នាក្នុងឱកាសថ្ងៃកំណើត ឬខួបអ្វីមួយ ទូរស័ព្ទសួរសុខទុក្ខគ្នា ចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្ត និងបណ្តាញនានា ។ល។
៤. ទម្លាប់ដើរតាមស្វែងរកគោលដៅរបស់ខ្លួនឲ្យបាន
ពួកអ្នកមានទាំងនោះតែងតែស្វែងរកនិងដើរតាមគន្លងសុបិននិងគោលដៅរបស់ខ្លួន ព្រោះថា ពួកគេមានការសប្បាយចិត្ត ពេញចិត្ត មានសុភមង្គលក្នុងការសម្រេចតាមគោលដៅរបស់ខ្លួន។ មានមនុស្សជាច្រើនបានបង្កើតជាកំហុសដោយមិនបានស្វែងរកគោលដៅរបស់ខ្លួននោះទេ តែបែរជាប្រឹងសម្រេចតាមបំណង ឬគោលដៅរបស់អ្នកផ្សេងទៅវិញ (ដែលរាប់ទាំងឪពុកម្តាយផងដែរ)។ នៅពេលដែលយើងមានសុបិន មានគោលដៅ នោះយើងនឹងធ្វើការប្រកបដោយការពេញចិត្ត សប្បាយ មានការតស៊ូ អំណត់ព្យាយាម មានឋាមពល និងស្វិតស្វាញជាមួយនឹងឧបសគ្គនានា។
៥. ទម្លាប់ក្រោកពីព្រលឹម
ប្រមាណជាង ៥០% នៃបណ្តាមហាសេដ្ឋីដែលលោក ខរលី ស្រាវជ្រាវ ទម្លាប់តែងតែក្រោកពីគេងយ៉ាងហោចណាស់៣ម៉ោងមុនពេលចាប់ផ្តើមធ្វើការ។ ពួកគេថា ក្រោកឡើងនៅម៉ោង៥រៀងរាល់ព្រឹក ហើយតែងតែដាក់ផែនការសម្រេចការងារ៣ក្នុងថ្ងៃនោះ នឹងជួយឲ្យខ្លួនយើងអាចគ្រប់គ្រងលើខ្លួនឯងបាន ជាពិសេស គឺបង្កើនទំនុកចិត្តលើខ្លួនឯង និងដឹកនាំជីវិតរបស់យើងដោយផ្ទាល់។
៦. ពួកគេមានប្រភពចំណូលពីច្រើនប្រភព
ពួកអ្នកមានទាំងនោះមិនមែនពឹងផ្អែកលើប្រភពចំណូលតែមួយនោះទេ។ ក្នុងចំណោមមហាសេដ្ឋីទាំង១៧៧នាក់នោះ ៦៥% បញ្ជាក់ថា ពួកគេមានប្រភពចំណូលយ៉ាងតិចណាស់ ៣ ដែលបានជួយទ្រទ្រង់ពួកគេឲ្យសម្រេចបាន១លានដុល្លារដំបូងរបស់ពួកគេ។
៧. ពួកគេតែងតែផ្ទៀងផ្ទាត់ និងឆែកជាមួយគ្រូណែនាំ ឬអ្នកចង្អុលបង្ហាញរបស់ពួកគេជានិច្ច
លោក ខរលី បានសរសេរនៅក្នុងសៀវភៅរបស់លោកថា ការមានអ្នកណែនាំ ឬអ្នកជួយចង្អុលបង្ហាញផ្លូវរបស់អ្នក នឹងជួយឲ្យទ្រព្យសម្បត្តិរបស់យើងកើនឡើងដែរ។ គ្រូណែនាំ ឬអ្នកចង្អុលបង្ហាញដែលជោគជ័យនានា តែងតែណែនាំយើងពីអ្វីដែលគួរ និងមិនគួរ ចែករំលែកជាមួយយើងនូវបទពិសោធន៍ជីវិត មុខរបរ ហើយចង្អុលបង្ហាញផ្លូវវិជ្ជមានដល់យើង។
៨. ពួកគេតែងតែគិតវិជ្ជមាន
ភាពជោគជ័យយូរអង្វែងគឺអាចសម្រេចទៅបានលុះណាតែយើងមានទស្សនៈវិស័យប្រកបដោយភាពវិជ្ជមាន។ បញ្ហារបស់មនុស្សទូទៅគឺថា ពួកគេមិនបានដឹង ឬយល់អំពីគំនិត ភាពវិជ្ជមាន ឬអវិជ្ជមានរបស់ខ្លួន។ ការយល់ដឹងអំពីគំនិតរបស់ខ្លួនគឺជាកូនសោចម្បងបំផុត។ នេះគឺសមស្របនឹងទស្សនៈសមាទិដ្ឋិរបស់ពុទ្ធសាសនា។
៩. ពួកគេមិនទោរតាមទំនោររបស់ក្រុមផ្សេងៗនោះទេ
ជាការពិតណាស់ថា នៅក្នុងសង្គមយើងចាំបាច់ត្រូវចូលក្នុងចំណោមគេឯង ត្រូវជាផ្នែកមួយនៃក្រុមណាមួយក្នុងសង្គម ប៉ុន្តែ នៅពេលដែលយើងជាផ្នែកមួយហើយ យើងមិនអាចផ្តាច់ខ្លួនបានគឺជាមូលហេតុដែលមនុស្សជាច្រើនមិនទទួលបានជោគជ័យ។
មនុស្សជោគជ័យតែងតែបង្កើតក្រុម ឬហ្វូងរបស់ខ្លួនថ្មី ហើយបញ្ចុះបញ្ចូលឲ្យអ្នកដទៃចូលតាម។ លោក ខរលី បានបញ្ជាក់ថា ទម្លាប់របស់ពួកអ្នកមាននោះគឺ បើចង់ផ្តាច់ខ្លួនពីហ្វូងក្រុមណាមួយ ត្រូវបង្កើតក្រុមខ្លួនឯង ហើយឲ្យអ្នកដទៃចូលរួម។
១០. ពួកគេមានកិរិយាមារយាទល្អ
លោក ខរលី បញ្ជាក់ថា បណ្តាពួកអ្នកមានគឺមានមារយាទល្អណាស់ ហើយតែងតែប្រកាន់ខ្ជាប់នូវមារយាទល្អទាំងនោះ។ ពួកគេតែងតែមានសុជីវធម៌ សីលធម៌ល្អមិនថា នៅក្នុងខណៈពេល ឬកាលៈទេសៈណានោះទេ។
១១. ពួកគេតែងជួយអ្នកដទៃឲ្យជោគជ័យដែរ
ពួកគេប្រកាន់នូវទស្សនៈថា ការជួយអ្នកដទៃឲ្យដើរទៅមុខសម្រេចតាមគោលដៅ និងសុបិនរបស់ខ្លួន គឺដូចជួយខ្លួនឯងឲ្យបានជោគជ័យដែរ។ អ្វីៗទាំងអស់គឺកើតឡើងដោយការងារជាក្រុម ហើយវិធីដ៏ល្អបំផុតដើម្បីឲ្យក្រុមសម្រេចបានជោគជ័យ យើងចាំបាច់ត្រូវជួយគ្នាឲ្យជោគជ័យទាំងអស់គ្នា។
១២. ពួកគេតែងតែប្រើពេលពី១៥ ទៅ៣០នាទីក្នុងមួយថ្ងៃសម្រាប់គ្រាន់តែគិត
ពួកអ្នកមានតែងតែគិតសញ្ជប់សញ្ជឹងតែម្នាក់ឯងយ៉ាងហោចណាស់១៥នាទី ក្នុងមួយថ្ងៃ ហើយពួកគេតែងតែចំណាយពេលរាល់ថ្ងៃ ព្រាងលើចំណុចមួយចំនួនដោយខ្លួនឯងដូចជា រឿងការងារ ហិរញ្ញវត្ថុ គ្រួសារ សុខភាព បញ្ហា និងទំនាក់ទំនងពាណិជ្ជកម្មនានា។
ពួកគេតែងតែសួរខ្លួនឯងនូវសំណួរដូចតទៅ តើត្រូវធ្វើម្តេចដើម្បីបានលុយបន្ថែមទៀត? តើការងាររាល់ថ្ងៃហ្នឹងធ្វើឲ្យយើងសប្បាយចិត្តទេ? តើយើងបានហាត់ប្រាណគ្រប់គ្រាន់ហើយឬនៅ? តើយើងគួរចូលរួមកម្មវិធីមនុស្សធម៌ ឬការងារសង្គមណាទៀតទេ?
១៣. ពួកគេតែងតែស្វែងរកព័ត៌មានត្រឡប់ (feedback)
ការភ័យខ្លាចការរិះគន់តិះទៀននានា នឹងធ្វើឲ្យយើងខកខានមិនបានស្វែករកព័ត៌មានត្រឡប់ (feedback) សម្រាប់ខ្លួនឯង។ ព័ត៌មានត្រឡប់មានសារសំខាន់សម្រាប់ឲ្យយើងរៀនអំពីអ្វីដែលធ្វើកើត ឬមិនកើត និងដឹងថា យើងដើរនៅលើផ្លូវត្រូវឬអត់? ព័ត៌មានត្រឡប់នឹងផ្តល់ឲ្យយើងនូវព័ត៌មាននានាដែលយើងត្រូវការដើម្បីសម្រេចជោគជ័យនូវរាល់ដំណើរផ្សងព្រេងរបស់យើង។
១៤. ពួកគេតែងតែស្នើសុំនូវអ្វីដែលពួកគេត្រូវការ
មានមនុស្សជាច្រើនមានការភ័យខ្លាចក្នុងការស្នើសុំនូវអ្វីដែលខ្លួនត្រូវការ។ បើចង់ជោគជ័យ យើងត្រូវតែជំនះនូវការភ័យខ្លាច និងទទូចស្នើសុំឲ្យមានការជួយពីអ្នកដទៃដើម្បីទទួលបានអ្វីដែលយើងចង់បាន។ សូមកុំខ្មាស់ ក្នុងការសុំឲ្យគេជួយ។
១៥. ពួកគេតែងតែគិតគូរយ៉ាងច្បាស់លាស់ប្រថុយជាមួយនឹងហានិយភ័យទាំងឡាយ
ពួកអ្នកមានទាំងនោះ គឺជាពួកដែលមិនចេះខ្លាចប្រថុយជាមួយនឹងហានិយភ័យនោះទេ។ ពួកគេយល់ថា ហានិយភ័យទាំងឡាយតែងតែមានតម្លៃរបស់វា បើយើងបរាជ័យគឺយើងរៀនពីវា។ ការបរាជ័យ កំហុសទាំងឡាយ គឺជាមេរៀនដ៏ល្អសម្រាប់យើងឈានទៅរកជោគជ័យនៅទីបញ្ចប់៕