មានក្រុមហ៊ុនតែ ២៥% ប៉ុណ្ណោះ ដែលនិយាយថា ពួកគេនឹងមិនកាត់ប្រាក់ខែបុគ្គលិកឡើយ បើទោះបីជាស្ថានភាពអាជីវកម្មធ្លាក់ចុះដុនដាបក្ដី។
ការស្ទង់មតិទៅលើសហគ្រាសចំនួន ១៧២ នៅក្នុងប្រទេសវៀតណាម ដែលធ្វើឡើងដោយក្រុមហ៊ុនមុខរបរ ឈ្មោះថា Talentnet ពីចុងខែមីនា ដល់ដើមខែមេសា បានរកឃើញថា ក្រុមហ៊ុននៅក្នុងវិស័យនីមួយៗ មានគម្រោងកាត់ប្រាក់ឈ្នួល ឬប្រាក់ខែក្នុងកម្រិតខុសៗគ្នា។ តួយ៉ាង វិស័យទំនិញប្រើប្រាស់ នឹងកាត់ប្រាក់ខែបុគ្គលិកតិចជាង ១០% ចំណែកឯវិស័យរោងចក្រ និងបច្ចេកវិទ្យាទំនើប គ្រោងកាត់ប្រាក់ខែបុគ្គលិក ពី ២០ ទៅ ៣០%។
ចំពោះបុគ្គលិក-និយោជិតដែលបាត់បង់ការងារជាបណ្ដោះអាសន្នដោយសារវិបត្តិកូវីដ១៩ ជាង ៥៤%នៃក្រុមហ៊ុនដែលបានស្ទង់មតិ និយាយថា ពួកគេបានបង់ប្រាក់ខែឲ្យ ដោយផ្អែកតាមការព្រមព្រៀងគ្នា ប៉ុន្តែ មិនទាបជាងកម្រិតប្រាក់ឈ្នួលអប្បបរមាតំបន់ឡើយ។
ការស្ទង់មតិដដែល បានរកឃើញថា ៥២% នៃក្រុមហ៊ុនដែលបានស្ទង់មតិ ព្យាករថា ចំណូលរបស់ខ្លួននឹងធ្លាក់ចុះខ្លាំងនៅឆ្នាំនេះ ដោយសារផលប៉ះពាល់ពីកូវីដ១៩ ចំណែកឯ ២៧% និយាយថា ពួកគេមិនទាន់បានធ្វើការគណនាប៉ាន់ស្មាននៅឡើយ។
វិបត្តិជំងឺឆ្លងរាតត្បាតកូវីដ១៩ បានធ្វើឲ្យប្រជាជនវៀតណាមជិត ៥លាននាក់ បាត់បង់ការងារធ្វើ គិតត្រឹមពាក់កណ្ដាលខែមេសា ហើយនៅត្រីមាសទី១ ឆ្នាំនេះ ក្រុមហ៊ុនអាជីវកម្មចំនួន ១៨.៦០០ បានផ្អាកការងារ។ នេះបើយោងតាមការិយាល័យស្ថិតិទូទៅរបស់វៀតណាម។
ចំណែកអង្គការពលកម្មអន្តរជាតិ ILO វិញ បាននិយាយថា ប្រជាជនវៀតណាមដល់ទៅជាង ១០លាននាក់ អាចនឹងទទួលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ ដោយសារបាត់បង់ការងារ ឬចំណូលធ្លាក់ចុះ៕
(ប្រភព៖ VN Express)