ការបំពេញដំណើរទស្សនៈកិច្ចរបស់ក្រុមវិនិយោគម៉ាឡេស៊ី នាពេលនេះ ក្នុងគោលបំណង ស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។ អំឡុងទស្សនកិច្ចរបស់ក្រុមវិនិយោគម៉ាឡេស៊ីនេះ ក៏បានការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមវិនិយោគិនខ្មែរ និងវិនិយោគិនម៉ាឡេស៊ី ផងដែរ ដើម្បីជំរុញឱកាសវិនិយោគដល់គ្នាទៅវិញទៅមក។
ស្ថានភាពវិនិយោគនៅកម្ពុជា កាន់តែបង្ហាញនូវសញ្ញាណវិជ្ជមាន បើទោះបីពិភពលោកបាននិងកំពុងជួបនូវវិបត្តិជាបន្តបន្ទាប់ ស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តច្បាប់វិនិយោគថ្មី កាលពីពេលថ្មីៗ នេះ។ ជាក់ស្ដែង ក្រុមវិនិយោគមកពីប្រទេសម៉ាឡេស៊ី ប្រមាណជាង ៤០ក្រុមហ៊ុន បាននិងកំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា តាមរយៈការបំពេញដំណើរទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី ៣០សីហា ដល់ថ្ងៃទី ០២ កញ្ញា ដែលដឹកនាំដោយសមាគមខ្សែចង្វាក់លក់រាយម៉ាឡេស៊ី (MRCA) ។
ឯកឧត្តម សុខ ចិន្ថាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្ត និងបង្ហាញការស្វាគមន៍យ៉ាងខ្លាំង ចំពោះក្រុមវិនិយោគម៉ាឡេស៊ី ដែលបានមកស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា ដោយឯកឧត្តមក៏បានបង្ហាញពីសក្ដានុពលជាច្រើនរបស់កម្ពុជា ដែលវិនិយោគិនគួរមកវិនិយោគនៅប្រទេសកម្ពុជា។
ឯកឧត្តម សុខ ចិន្ថាសោភា បានគូសបញ្ជាក់ថា បើប្រៀបនឹងបណ្ដាប្រទេសក្នុងតំបន់ កម្ពុជា មានសក្ដានុពលជាងប្រទេសទាំងនោះ ដូចជា មានកម្លាំងពលកម្មច្រើន និងជាទីកន្លែងមានអំណោយផលគ្រប់គ្រាន់សម្រាប់បម្រើដល់ការវិនិយោគ។ លើសពីនោះ កម្ពុជា ក៏ជាប្រទេសដែលមានការគ្រប់គ្រងជំងឺកូវីដ១៩ បានល្អ ដែលធ្វើឲ្យស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា កាន់តែប្រសើរ និងធ្វើឲ្យសង្គមនិងសេដ្ឋកិច្ចកម្ពុជា អាចបើកដំណើរការបានយ៉ាងពេញលេញឡើងវិញ។ បើតាមឯកឧត្តម សុខ ចិន្ថាសោភា ប្រទេសកម្ពុជា គឺជាទីផ្សាសេរីដែលបើកទូលាយដល់ការវិនិយោគលើ គ្រប់វិស័យ បើទោះបីជាទំហំទីផ្សារកម្ពុជាតូចក្តី ប៉ុន្តែមានភាពរឹងមាំ ពិសេសគឺមានស្ថានភាពល្អ។
ក្នុងជំនួបនោះដែរ លោក Sharan Valiram ប្រធានសមាគមខ្សែចង្វាក់លក់រាយម៉ាឡេស៊ី បាននិយាយថា ដំណើរបេសសកកម្មរបស់គណៈប្រតិភូតំណាងក្រុមហ៊ុនម៉ាឡេស៊ីទាំង៤៣ក្រុមហ៊ុន នឹងនាំមកនូវភាពវិជ្ជមានសម្រាប់ឧស្សាហកម្មលក់រាយ នៅតំបន់អាស៊ីអាគ្នេយ៍។ លោកសង្ឃឹមថា ក្រុមហ៊ុនម៉ាឡេស៊ី ដែលបានចូលរួមក្នុងដំណើរបេសកកម្មពាណិជ្ជកម្មនេះ នឹងស្វែងរកឱកាសសម្រាប់ការវិនិយោគនៅក្នុងទីផ្សារតំបន់ឥណ្ឌូចិន ដែលចាប់ផ្ដើមពីប្រទេសកម្ពុជាទៅ។ លើសពីនេះ លោកក៏បានបញ្ជាក់ផងដែរ ពីគោលបំណងសំខាន់ ក្នុងដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា និងប្រទេសម៉ាឡេស៊ី និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
បើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានបង្ហាញថា នៅរយៈពេល ៧ខែ ក្នុងឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគលើគម្រោងថ្មី ចំនួន១១១គម្រោង ដែលមានទំហំទុនវិនិយោគសរុប ជាង ៣ពាន់លានដុល្លារ។ ក្នុងនោះ គម្រោងវិនិយោគ ចំនួន ២០គម្រោង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុប ៤៦០លានដុល្លារ និងគម្រោងវិនិយោគចំនួន ៩១គម្រោង ស្ថិតក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបជាង ២ពាន់៦រយលានដុល្លារ៕