ការបន្ថែមដើមទុនជាង៣៦លានដុល្លារអាមេរិកនេះ ត្រូវបានធ្វើឡើងតាមរយៈការបែងចែកភាគលាភប្រចាំឆ្នាំ២០១៧។ នេះជាលើកទី១៥ហើយ ដែលធនាគារ អេស៊ីលីដា ភីអិលស៊ី បានបន្ថែមដើមទុន ចាប់តាំងពីបានចុះបញ្ជីជាធនាគារមក។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ការបន្ថែមដើមទុនជាបន្តបន្ទាប់នេះ គឺដើម្បីឱ្យដើមទុនរបស់ធនាគារកាន់តែរឹងមាំ គាំទ្រដល់ការរីកលូតលាស់របស់ធនាគារទាំងក្នុងប្រទេស និងក្រៅប្រទេស និងបន្តគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធនាគារអេឡិចត្រូនិក និងឌីជីថល ឱ្យកាន់តែមានភាពជឿនលឿន និងទាន់សម័យ ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ។
បន្ថែមពីលើការបន្ថែមដើមទុនជាភាគហ៊ុនរបស់ភាគទុនិក ធនាគារបានបង្កើនទុនបម្រុងរបស់ខ្លួន ដោយរក្សាទុកចន្លោះពី ៥០% ទៅ ៦០% នៃប្រាក់ចំណេញក្រោយបង់ពន្ធរួច ដែលធ្វើឱ្យមូលនិធិផ្ទាល់សុទ្ធបច្ចុប្បន្ន បានកើនរហូតដល់ជាង ៧៣០លានដុល្លារអាមេរិក នៅក្នុងដំណាច់ខែកក្កដា ឆ្នាំ២០១៨។
សូមជម្រាបថា ធនាគារ អេស៊ីលីដា ភីអិលស៊ី មានដើមទុន ៥១% កាន់កាប់ដោយភាគទុនិកកម្ពុជា ក្នុងនោះរួមមាន ៖ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ និងក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី។ ចំណែកភាគហ៊ុនចំនួន ៤៩% ទៀតដែលនៅសល់ ត្រូវបានកាន់កាប់ដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជាច្រើនផ្សេងទៀត៕