លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិរបស់ធនាគារអេស៊ីលីដា ភីអិលស៊ីបានឲ្យដឹងថា គោលបំណងសំខាន់នៃជំនួបនៅក្នុងថ្ងៃនេះ គឹដោយសារតែធនាគារ SMBC ដែលជាភាគហ៊ុនិកសំខាន់មួយក្នុងចំណោមភាគទុនិករបស់ធនាគារអេស៊ីលីដា ភីអិលស៊ី ផ្នែកខាងភាគទុនិកបរទេស ដែលមានអតិថិជនខ្នាតសាជីវកម្មជាជប៉ុន ដែលមានប្រតិបត្តិការជាមួយធនាគារអេស៊ីលីដាយ៉ាងច្រើន។ ដូចនេះការជួបនេះគឺជាជំនួបលើកដំបូងហើយ ដើម្បីពិភាក្សាគ្នា ពង្រឹងទំនាក់ទំនងបន្ថែមសម្រាប់ពេលបច្ចុប្បន្ននិង អនាគត ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាទៅនឹងតម្រូវការអាជីវកម្មទាំងនោះ។
លោកបណ្ឌិតបានបន្តថា សព្វថ្ងៃនេះ យុទ្ធសាស្រ្តឌីជីថលរបស់ធនាគារអេស៊ីលីដា អាចបំរើអតិថិជនទូទាំងសកលលោក ដោយសារធនាគារនេះមានដៃគូសហប្រតិបត្តិការជាច្រើន ជាពិសេសក្នុងតំបន់អាស៊ីដោយអេស៊ីលីដា មិនចាំបាច់បើកសាខា ឬការិយាល័យតំណាងរបស់ខ្លួននៅតាមប្រទេសទាំងនោះទេ។
គួរបញ្ជាក់ថា
ធនាគារអេស៊ីលីដា បានចុះកិច្ចព្រមព្រៀង ជាមួយធនាគារ SMBC ជប៉ុន កាលពីខែកញ្ញាឆ្នាំ២០១២ ដោយកិច្ចព្រមព្រៀងនេះជួយបង្កើតឲ្យមានការិយាល័យបំរើអតិថិជនខ្នាតសាជីវកម្មអន្តរជាតិ។
ហើយ២ឆ្នាំក្រោយមកធនាគារ SMBC ជប៉ុន បានវិនិយោគជាមួយធនាគារអេស៊ីលីដា
ដោយកាន់កាប់ភាគរយ ១២,២៥% រហូតដល់ខែសីហា ឆ្នាំ២០១៧ ក៏បង្កើនការកាន់កាប់រហូតដល់១៨,២៥%។
ដោយសារតែមានភាគហ៊ុនិកជប៉ុន ដែលកាន់កាប់ ១ភាគ៣ គឺ SMBC ស៊ូមីតុមូ
ប៊ែងឃីង ខបផើរេសិន និង អូរី ខបផើរេសិន ទើបធនាគារទាំង២នេះ មានភាគហ៊ុនជាង៣០%
ក្នុងអេស៊ីលីដា។ សាជីវកម្ម ជប៉ុនដែលមានទំនាក់ទំនងជាមួយភាគហ៊ុនិកទាំង២របស់ធនាគារអេស៊ីលីដានេះមានជាង
៤៨០សាជីវកម្ម ដែលមានគណនីជាង ២០០០គណនី៕