ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាពេលថ្មីៗនេះ លោកបណ្ឌិតអ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ក្រុមហ៊ុនយូនៀនផេយ៍ ជាក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិធំជាងគេលើពិភពលោក ដែលមានអ្នកកាន់កាប់ប័ណ្ណ រហូតដល់៧ពាន់លានប័ណ្ណ ហើយក្រុមហ៊ុននេះ ក៏មានកាន់ កាប់ ចំណែកទីផ្សារធំជាងគេ ក្នុងវិស័យហិរញ្ញវត្ថុអន្តរជាតិផងដែរ។ ដូច្នេះហើយ ការចាប់ដៃគូរអាជីវកម្មជាមួយយូនៀនផេយ៍ លោកបណ្ឌិត អ៊ិន ចាន់នី ជឿជាក់ថា នឹងអាចឲ្យធនាគារអេស៊ីលីដា ពង្រីកខ្លួនកាន់តែធំ ទៅកាន់ទីផ្សារពិភពលោក ដោយមិនចាំបាច់ពង្រីកសាខាការិយាល័យច្រើនបន្ថែមទៀតនោះឡើយ ។
លោកបណ្ឌិតអ៊ិន ចាន់នីបានគូសបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនឡើង បាននិងកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុ។ ជាក់ស្ដែង តាមរបាយការណ៍របស់ធនាគារពិភពលោក ប្រទេសកម្ពុជាជាប់ជាប្រទេសកំពូលទាំង៦ នៅលើពិភពលោក ក្នុងចំណោមប្រទេសមានការរីកលូតលាស់លើវិស័យហិរញ្ញវត្ថុជាងគេ។ ទោះយ៉ាងណា អ្នកជំនាញធនាគាររូបនេះ បញ្ជាក់ថា ទន្ទឹមនឹងការរីកចម្រើននៃវិស័យនេះដែរ ការប្រកួតប្រជែងក៏កើតមានឡើងដែរ តែអ្វីដែលសំខាន់សម្រាប់ការប្រកួតប្រជែងក្នុងវិស័យហិរញ្ញវត្ថុនោះ គឺការប្រកួតប្រជែងទៅលើគុណភាព។
លោក Shuan Ghaidan នាយកគ្រប់គ្រងនៃក្រុមហ៊ុនយូនៀនផេយ៍ អន្តរជាតិ បានមានប្រសាសន៍ថា បច្ចេកវិទ្យាកាន់តែរីកចម្រើន ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ក៏ត្រូវផ្លាស់ប្តូរដែរ ពោលគឺត្រូវវិវឌ្ឍខ្លួនទៅរកប្រតិបត្តិការបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬហៅថា Fintech ដោយវាទាមទារត្រូវមានការធ្វើពិពិធកម្មជាច្រើន។ តួយ៉ាងត យូនៀនផេយ៍ បានអភិវឌ្ឍន៍ ការទូទាត់តាមរយៈបច្ចេកវិទ្យាថ្មី ដោយប្រើប្រាស់ប្រព័ន្ធ QR Code ជាដើម។
របាយការណ៍ ពីធនាគារអេស៊ីលីដា បានបញ្ជាក់ថា នៅកម្ពុជា កាតUnionpay គឺត្រូវបានប្រើប្រាស់ជាង ៨០% ជាមួយនឹងម៉ាស៊ីនទូអេធីអឹម និងមានរហូតដល់៩០% ប្រើប្រាស់សម្រាប់ការទូទាត់នានា។
តាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នមានប្រជាជនពេញវ័យប្រមាណ ៦៩ភាគរយ កំពុងទទួលបានការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដែលវាឆ្លុះបញ្ចាំងឲ្យឃើញពីការរីកលូតលាស់នៃវិស័យហិរញ្ញវត្ថុ ដែលបាននិងកំពុងជំរុញបង្កើននូវបរិយាបន្នហិរញ្ញវត្ថុកម្ពុជាកាន់តែប្រសើរ៕