
លោកបណ្ឌិត អិុន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានឲ្យដឹងថា ការធ្វើ Roadshow ចំនួន២លើកកន្លងមកនេះ បានផ្តល់ព័ត៌មានគ្រប់គ្រាន់ហើយ ដើម្បីបង្ហាញព័ត៌មានលម្អិតដល់វិនិយោគិនសាធារណៈទាំងអស់ និងផ្តល់ពេលវេលាគ្រប់គ្រាន់ មុននឹងសម្រេចចិត្តវិនិយោគជាមួយអេស៊ីលីដា។
លោកបណ្ឌិតបានបន្តថា « យើងមានការជឿជាក់លើអតិថិជន ដែលជាវិនិយោគិនដែលមានសក្តានុពល វិនិយោគិនឯកត្តជន វិនិយោគិនសាធារណៈ គឺយើងមានការទុកចិត្តខ្ពស់ ទៅលើការចាប់អារម្មណ៍របស់ Investorsនេះ (វិនិយោគិន)»។
លោកបណ្ឌិត អិុន ចាន់នី បានបញ្ជាក់ទៀតថា លោកមានតួលេខ ពីចំនួនអ្នកចូលរួមទិញភាគហ៊ុនអេស៊ីលីដា ក្នុងដំណាក់កាល Book Building នេះដែរ ប៉ុន្ដែ លោកថា លោកមិនទាន់អាចបញ្ចេញនូវព័ត៌មានទាំងនេះ បាននៅឡើយ រង់ចាំដល់ថ្ងៃបិទបញ្ចប់ ទើបប្រកាសតែម្ដងថាតើ វិនិយោគិនប៉ុន្មាននាក់បានទិញភាគហ៊ុនអេស៊ីលីដា និងតម្លៃហ៊ុន ត្រូវបានកំណត់ថា នឹងត្រូវលក់ក្នុងតម្លៃប៉ុន្មានជាក់លាក់។

ចំពោះការកម្មវិធីធ្វើRoad Show២ដងនេះដែរ ត្រូវបានឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មាមូលបត្រកម្ពុជា បានបញ្ជាក់ថា ធនាគារអេស៊ីលីដាបានមានគម្រោងច្បាស់លាស់ណាស់ ដោយមានការពិភាក្សាគ្នាជាមួយក្រុមហ៊ុនធានាទិញផងដែរ។
ឯកឧត្តមឲ្យដឹងថា « តាមពិតទៅការធ្វើ Book Building ឬក៏ការ ផ្តល់ព័ត៌មាននេះ គឺយើងធ្វើរហូតតាំងពីថ្ងៃប្រកាសចាប់ផ្តើម មិនមែនផ្តល់ព័ត៌មានតែពេលធ្វើRoad Show ហ្នឹងទេ អញ្ចឹងគ្រប់វិនិយោគិនទាំងអស់ ដែលបន្ទាប់ពីមានការធ្វើបទបង្ហាញដំបូងនៅថ្ងៃទី០៣ ហើយមានចម្ងល់លោកបានបន្តសួររហូតមកខាងធនាគារក៏ដូចជាក្រុមហ៊ុនធានាទិញ ហើយរហូតដល់ថ្ងៃទី១៤ ក៏នៅតែបន្តសួរបានដែរ ហើយបើយើងនិយាយទៅ រយៈពេលនៃការផ្តល់ព័ត៌មាន និងការធ្វើ Book Building គឺយើងធ្វើរហូតជាប់ជាប្រចាំ មិនមែនផ្តល់ព័ត៌មានតែថ្ងៃ Road Showហ្នឹង ចប់ Road Show សួរអត់បាន អត់មានចម្លើយ អត់ទេ»។

បើមិនមានអ្វីប្រែប្រួលទេ តាមការគ្រោងទុក ធនាគារអេស៊ីលីដានឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ខ្លួនជាផ្លូវការ ក្នុងផ្សារមូលបត្រកម្ពុជា នៅចុងខែមេសាឆ្នាំ២០២០នេះ។ ធនាគារ អេស៊ីលីដា ក៏ជាធនាគារ ពាណិជ្ជ ទី១ ដែលទទួលបានបានការអនុញ្ញាតបោះផ្សាយលក់ភាគហ៊ុន នៅក្នុងផ្សារមូលបត្រកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចាប់ផ្តើមដំណើរការប៊ុកបៀលឌីងជាផ្លូវការចាប់ពីថ្ងៃទី០៣ មីនា ដល់ ថ្ងៃទី១៤ មីនា ២០២០ និងបានកំណត់ថ្លៃមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) នៅក្នុងចន្លោះថ្លៃ ចាប់ពី ១៥.០០០ រៀល ដល់ ១៧.៤០០ រៀល ក្នុងមួយភាគហ៊ុន៕