លោក នីកូឡាស ឆៃឡាន អតីតប្រធានផ្នែកកម្មវិធី Software របស់មន្ទីរបញ្ចកោណអាមេរិក ដែលបានលាលែងពីតំណែង ក្រោយការតវ៉ាប្រឆាំងនឹងភាពយឺតយ៉ាវនៃការផ្លាស់ប្តូរបច្ចេកវិទ្យានៅក្នុងយោធាអាមេរិកបានឱ្យដឹងថា ការបរាជ័យរបស់អាមេរិកក្នុងការឆ្លើយតបប្រកួតប្រជែងទៅនឹងបច្ចេកវិទ្យារបស់ចិន ព្រមទាំងការគំរាមកំហែងផ្សេងទៀតកំពុងធ្វើឱ្យអាមេរិកប្រឈមនឹងហានិភ័យ។
លោកបានបន្តទៀតថា“ ក្នុងរយៈពេល ១៥ ទៅ ២០ឆ្នាំខាងមុខទៀត ក៏អាមេរិកគ្មានឱកាសប្រយុទ្ធប្រឆាំងនឹងចិនដែរ ដោយហេតុថា ឥឡូវនេះកិច្ចព្រមព្រៀងបានសម្រេចរួចរាល់ហើយមិនអាចផ្លាស់ប្ដូរបានទេ។
អតីតមន្ត្រីជាន់ខ្ពស់មន្ទីរបញ្ញកោណអាមេរិកដដែលនេះ បានសង្កត់ធ្ងន់ទៀតថា ប្រទេសចិនត្រូវបានកំណត់ថានឹងគ្រប់គ្រងលើពិភពលោកនាពេលអនាគត ដោយគ្រប់គ្រងអ្វីៗទាំងអស់ រាប់ចាប់ពីប្រព័ន្ធផ្សព្វផ្សាយរហូតដល់ភូមិសាស្ត្រនយោបាយ។ ខណៈប្រព័ន្ធការពារអ៊ីនធឺណេតរបស់អាមេរិកមួយចំនួនក្នុងនាយកដ្ឋានរបស់រដ្ឋាភិបាល គឺស្ថិតនៅកម្រិតខ្សោយនៅឡើយ។ ទន្ទឹមនេះ លោកនីកូឡាស បានបញ្ជាក់ទៀតថា បច្ចេកវិទ្យាដែលកំពុងលេចធ្លោទាំងនេះ មានសារៈសំខាន់ខ្លាំងចំពោះអនាគតរបស់អាមេរិក ជាជាងយន្តហោះចម្បាំងទៅទៀត។
សូមជម្រាបថា ក្រុមហ៊ុន Google ក៏ត្រូវបានរងការស្តីបន្ទោសជុំវិញការស្ទាក់ស្ទើរក្នុងការធ្វើការជាមួយក្រសួងការពារជាតិអាមេរិកស្តីពី បច្ចេកវិទ្យា AI ក៏ដូចជាពិភាក្សាអំពីក្រមសីលធម៌ AI ដែលបានធ្វើឱ្យការអភិឌ្ឍបច្ចេកវិទ្យាអាមេរិកធ្លាក់ចុះ។ ផ្ទុយទៅវិញ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនមានកាតព្វកិច្ចធ្វើការជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង ហើយកំពុងធ្វើការវិនិយោគដ៏ធំទៅលើបច្ចេកវិទ្យា AI ដោយមិនគិតពីក្រមសីលធម៌ខ្លាំងជ្រុលពេកនោះឡើយ។
កន្លងមកទីក្រុងវ៉ាស៊ីនតោនត្រូវបានគេរំពឹងថា នឹងចំណាយលើការវិនិយោគជាង ៦ ពាន់លានដុល្លារនៅក្នុងគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ដែលទាក់ទងនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នៅឆ្នាំ ២០២១នេះ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ ប្រទេសចិនក៏បាននាំមុខអាមេរិក ទាក់ទងនឹងការសិក្សាពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI ដោយក្នុងនោះ ចិនមានចំណែកជិត២១% ខណៈអាមេរិកវិញមានតែជិត២០%ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍ ពីសាកលវិទ្យាល័យ Stanford៕អត្ថបទ ស៊ើង និមល់