អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ប្រាប់ខេមបូណូមីសថា បច្ចុប្បន្នការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានរើបឡើងបណ្តើរៗហើយ ក្រោយកម្ពុជា និងប្រទេសមួយចំនួន បានបន្ធូរបន្ថយវិធានការរឹតបន្តឹងពាក់ព័ន្ធបញ្ហាកូវីដ-១៩។
ចំណែកការដឹកជញ្ជូនអ្នកដំណើរវិញមិនទាន់មានសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នោះទេ។ អ្នកនាំពាក្យរូបនេះវាយតម្លៃថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបន្តធ្លាក់ចុះជាង២០% និងដឹកអ្នកដំណើរធ្លាក់ចុះជាង៩០%។ ថ្នាក់ដឹកនាំរូបនេះរំពឹងថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនឹងមានភាពល្អប្រសើរឡើងវិញ ក្រោយពេលដែលរាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសទទួលអ្នកដំណើរពីក្រៅប្រទេសដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។
ជុំវិញការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនេះ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានគូសបញ្ជាក់ថា បច្ចុប្បន្នការដឹកជញ្ជូនទំនិញតាមវិធីនេះនៅតែមានសភាពចង្អៀត និងមានតម្លៃថ្លៃដដែល។ ទោះយ៉ាងណាអ្នកជំនាញរូបនេះអះអាងថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមិនត្រូវបានគេប្រើប្រាស់ទូលំទូលាយដូចការដឹកជញ្ជូនតាមផ្លូវទឹក ឬផ្លូវគោគនោះទេ ខណៈការដឹកជញ្ជូនតាមរបៀបនេះបានរួមចំណែកច្រើនបំផុតប្រមាណ១០% ប៉ុណ្ណោះសម្រាប់ការដឹកជញ្ជូនសរុបរបស់កម្ពុជា។
គួររំលឹកថា ក្រោយពិភពលោក ក៏ដូចជាកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឲ្យការដឹកជញ្ជូនតាមផ្លូវអាកាសបានដាំក្បាលចុះយ៉ាងគំហុក ខណៈការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវគោក ក៏មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ផងដែរ។
យើងសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះតម្លៃដឹកជញ្ជូនទាំងផ្លូវសមុទ្រ និងផ្លូវអាកាស ទៅកាន់ប្រទេសមួយចំនួនបានឡើងថ្លៃខ្ពស់កប់ពពក ដែលបង្កជាការលំបាកសម្រាប់ការនាំចេញទំនិញរបស់កម្ពុជា ក្នុងនោះដែរសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ បញ្ហាកង្វះទូកុងតឺន័រ គឺនៅតែជាបញ្ហាចោទចាក់ស្រះសម្រាប់វិស័យដឹកជញ្ជូន មិនទាន់ដោះស្រាយចេញនៅឡើយទេ ៕