គេនៅចាំបានថា កាលពីថ្ងៃទី ២៤ ខែកុម្ភៈកន្លងទៅនេះ រាជរដ្ឋាភិបាលធ្លាប់បានប្រកាសម្ដងរួចហើយ ក្នុងការលើលែងនព្ធប្រចាំខែ សម្រាប់សណ្ឋាគារ និងផ្ទះសំណាក់ តែសម្រាបតែខេត្តសៀមរាប គឺមានការលើកលែងពន្ធ រយៈពេល៤ខែ រាប់ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០។
ដោយឡែក សម្រាប់សេចក្ដីណែនាំថ្មីនេះ រាជរដ្ឋាភិបាលបានបន្ថែមវិសាលភាពនៃវិធានការលើកលែងពន្ធនេះ ទៅដល់សណ្ឋាគារ ផ្ទះសំណាក់ រួមទាំងភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ នៅតាមខេត្ត-ក្រុង ចំនួន ៦ ទៀត ដែលធ្វើឲ្យបច្ចុប្បន្នខេត្តក្រុងចំនួន ៧ ហើយដែលទទួលបានការលើកលែងពន្ធនេះ។ ក្នុងនោះរួមមាន រាជធានីភ្នំពេញ, សៀមរាប, ខេត្តព្រះសីហនុ, កែប, កំពត, ក្រុងបាវិត, និងក្រុងប៉ោយប៉ែត។ ដោយការលើកលែងពន្ធនេះ គឺមានរយៈពេល ៣ខែ គិតចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២០។
ក្នុងសេចក្ដីណែនាំនោះ បានបញ្ជាក់ទៀតថា អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ច ដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែក្នុងអំឡុងពេល នៃការលើកលែនេះ។
សូមបញ្ជាក់ថា ការប្រកាសវិធានការជួយដល់វិស័យឯកជននេះ គឺជាការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់វិធានការបន្ថែម ជាជុំទី២ ហើយ សំដៅជួយដល់វិស័យឯកជន ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ឲ្យបន្តរស់បានក្នុងពេលដ៏លំបាកនេះ ក៏ដូចជាជួយដល់កម្មករនយោជិត នៅក្នុងវិស័យពាក់ព័ន្ធផងដែរ៕