វិនិយោគ​បរទេស

ក្រុមហ៊ុន​ផ្សារ​ទំនើប​ខ្នាត​យក្ស​របស់​ថៃ Central Group បាន​ហួស​ទៅ​វិនិយោគ​នៅ​វៀតណាម មុន​កម្ពុជា​ទៅ​ហើយ!


ក្រុមហ៊ុន សិនត្រាល់ គ្រុប (Central Group) របស់​ថៃ​ដ៏​​ធំ​មួយ​នៅ​អាស៊ី​អាគ្នេយ៍ កំពុង​បោះទុន​វិនិយោគ​រាប់​រយ​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ប្រទេស​វៀតណាម មុន​ប្រទេស​កម្ពុជា​ដែល​ជា​ការ​វិនិយោគ​ទៅ​លើ​ផ្សារ​លក់​​រាយ​និង​ផ្សារ​ទំនើប ហើយ​សព្វថ្ងៃ ក៏​កំពុង​តែ​ទទួល​បាន​ភាព​រីក​ចម្រើន​យ៉ាង​ខ្លាំង​ផង​ដែរ។
ក្រុមហ៊ុន​ផ្សារ​ទំនើប​ដ៏​ធំ​របស់​ថៃ ឈ្មោះ Central Group បាន​ទៅ​បោះ​ទីតាំង​វិនិយោគ​នៅ​វៀតណាម មុន​កម្ពុជា​ហើយ។
ដោយ

នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​លោក ឆានិក ចាន់ឆៃណារ៉ុង ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ-​កម្ពុជា និង​ជា​អនុប្រធាន​ប្រតិបត្តិ​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន សិនត្រាល់ គ្រុប ដែល​បាន​លើក​ឡើង​នៅ​ក្នុង​កម្មវិធី​ឧត្តមភាព ដែល​រៀបចំ​ដោយ​គណៈកម្មការ​មូលបត្រ​កម្ពុជា និង​ផ្សារ​មូលបត្រ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ សុខាភ្នំពេញ រាជ​ធានី​ភ្នំពេញ។

លោក ឆានិក ចាន់ឆៃណារ៉ុង បាន​អះអាង​យ៉ាង​ដូច្នេះ​ថា៖ «យើង [ក្រុមហ៊ុន​សិនត្រាល់​គ្រុប] កំពុងតែ​ពង្រីក​អាជីវកម្ម​របស់​យើង​នៅ​ក្រៅ​ប្រទេស​ឲ្យ​កាន់​តែ​ច្រើន​ក្នុង​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយៗ​ទៀត»។ លោកថា ក្នុង​ឆ្នាំ​២០១៧​នេះ ក្រុមហ៊ុន​នឹង​ពង្រីក​ការ​​វិនិយោគ​ក្រៅ​ប្រទេស​ថៃ​ឲ្យ​បាន ៥​ភាគរយ។ ហើយ​​នឹង​ពង្រីក​បណ្តាញ​អាជីវកម្ម​របស់​ខ្លួន​ប្រមាណ​ជាង ៣០​ភាគរយ​នៅ​ក្រៅ​ប្រទេស​ថៃ។

ក្រុមហ៊ុន សិនត្រាល់ គ្រុប ទទួល​បាន​ប្រាក់​ចំណូល​ចំនួន​ប្រមាណ​ជិត​១០​ពាន់​លាន​ដុល្លារ​អាមេរិក កាល​ពី​ឆ្នាំ​២០១៦ ពោល​គឺ​មាន​ការ​កើន​ឡើង​ប្រមាណ​ជាង ១៣​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៥។ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ​ដែរ ក្រុមហ៊ុន សិនត្រាល់ គ្រុប មាន​ផែនការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​អឺរ៉ុប កម្ពុជា វៀតណាម ភូមា ឡាវ ដែល​មាន​ទឹក​ប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក។

លោក Chanitr Charnchainarong ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ-កម្ពុជា និង​ជា​អនុប្រធាន​ប្រតិបត្តិ​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន សិនត្រាល់ គ្រុប។

ពាក់ព័ន្ធ​ទៅ​នឹង​កម្ពុជា​យើង​វិញ លោក ឆានិក បាន​បញ្ជាក់​ដល់​អ្នក​ចូលរួម​ក្នុង​កម្មវិធី ឧត្តមភាព ថា មាន​មនុស្ស​ជាច្រើន​បាន​សួរ​ខ្ញុំ​ថា ហេតុអ្វី​បាន​ជា​លោក​មិន​ចូល​មក​បោះ​ទីតាំង​វិនិយោគ​នៅ​កម្ពុជា? លោក ឆានិក បាន​ឆ្លើយ​ដោយ​ខ្លួន​ឯង​ថា លោក​កំពុង​តែ​មាន​ភាព​មមាញឹក​អាជីវកម្ម ទើប​តែ​វិនិយោគ​នៅ​ប្រទេស​វៀតណាម ហើយ​កំពុងតែ​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង។ ចំណែក​កម្ពុជា លោក​កំពុង​តែ​សិក្សា​ពី​ឱកាស​វិនិយោគ​នៅ​ឡើយ។

សំណួរ​ដដែល​ខាង​លើ​នេះ ត្រូវ​បាន​អ្នក​សារព័ត៌មាន ខេមបូណូមីស សួរ​បញ្ជាក់​សា​ជា​ថ្មី នៅ​ពេល​ដែល​លោក​សម្រាក​ធ្វើ​ជា​វាគ្មិន​ក្នុងកម្មវិធី​​ឧត្តមភាព ប៉ុន្តែ សំណួរ​ត្រូវ​បាន​លោក​ធ្វើការ​បដិសេធ​ភ្លាមៗ មិន​ព្រម​ធ្វើ​ការ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់ ពាក់ព័ន្ធ​ទៅ​នឹង សិនត្រាល់ គ្រុប ចូល​មក​កម្ពុជា ឬ​យ៉ាង​ណា​នោះ។

លោក ឆានិក បាន​ពង្វាង​​ទៅ​ធ្វើការ​កត់​សម្គាល់​ឃើញ​ពី​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ទៅ​វិញ តាមរយៈ​ការ​ជួយ​សម្រប​សម្រួល​របស់​ក្រសួង​ពាណិជ្ជកម្ម និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។ 

លោក​បាន​បញ្ជាក់​ថា ដូច​ដែល​លោក​ឃើញ​ស្រាប់​ហើយ សព្វថ្ងៃ មាន​វិនិយោគិន​របស់​ថៃ​កាន់​តែ​ច្រើន​ចូល​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា។ ជាមួយ​គ្នា​នេះ ពាណិជ្ជកម្ម​តាម​ព្រំដែន​ក៏​មាន​ភាព​ល្អ​ប្រសើរ​ផង​ដែរ។ នេះ​បាន​បង្ហាញ​ពី​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​នៃ​ប្រទេស​ទាំងពីរ។ 

យ៉ាង​ណា​ក៏​ដោយ​ចុះ កាល​ពី​៥​ខែ​មុន នៅ​ក្នុង​ខួប​២៥​ឆ្នាំ​របស់​ធនាគារ​កម្ពុជា​ពាណិជ្ជ  ឯកឧត្តម ណាត់តាវុធ ប៉ូទីសារ៉ូ (Nuttavudh Photisaro) ឯកអគ្គរាជ​ទូត​ថៃ​ប្រចាំ​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន ខេមបូណូមីស ថា ទីបំផុត​ទៅ ក្រុមហ៊ុន​លក់​រាយ​ដ៏​ធំ​ជាង​គេ​នៅ​ប្រទេស​ថៃ ដែល​មាន​ឈ្មោះ​ថា សិនត្រាល់ គ្រុប នឹង​មក​បោះ​ទីតាំង​វិនិយោគ​ផ្សារ​ទំនើប​ដ៏​ធំ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​នេះ។

ឯកឧត្តម​បន្ត​ថា តំណាង​ក្រុមហ៊ុន​ថៃ​មួយ​នេះ​បាន​មក​សិក្សា​លើ​ទីតាំង​សម្រាប់​សាងសង់​រួច​ហើយ។ យ៉ាង​ណា​ក៏​ដោយ ឯកឧត្តម ណាត់តាវុធ ប៉ូទីសារ៉ូ មិន​បាន​ប្រាប់​ទីតាំង​សាងសង់​ផ្សារ​ទំនើប​ដ៏​ធំ​ជាង​គេ​របស់​ថៃ​នៅ​កម្ពុជា​នេះ​ទេ ប៉ុន្តែ គ្រាន់តែ​បង្ហើប​ឲ្យ​ដឹង​ថា ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​មួយ ក្នុង​ទីក្រុង​ភ្នំពេញ។ រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ ពី​គម្រោង​ទីតាំង​​សាងសង់​ផ្សារ​ទំនើប​ដ៏​ធំ របស់​ក្រុមហ៊ុន សិនត្រាល់ គ្រុប។ 

ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា​រូប​នេះ បាន​បញ្ជាក់​ប្រាប់​ថា លោក​មាន​មោទនភាព​ដែល​ក្នុង​អាណត្តិ​ការ​ទូត​នៅ​ក្នុង​កម្ពុជា​រយៈពេល​បី​ឆ្នាំ​កន្លង​មក​នេះ លោក​បាន​ខិតខំ​កៀរគរ​វិនិយោគិន​ថៃ​តូច​ធំ​ជា​ច្រើន​ឲ្យ​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា។ ជាក់ស្តែង ក្រុមហ៊ុន​លក់រាយ សិនត្រាល់ គ្រុប នេះ លោក​បាន​ទាក់ទាញ​តាំង​ពី​៣​ឆ្នាំ​មុន​មក​ម្ល៉េះ។

ក្រុមហ៊ុន សិនត្រាល់ គ្រុប គឺ​ជា​ក្រុមហ៊ុន​ដ៏​ធំ​នៅ​អាស៊ី​អាគ្នេយ៍។ ក្រុមហ៊ុន​នេះ​បាន​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ជា​ច្រើន​ផ្នែក មាន​ដូចជា ការ​លក់​រាយ ផ្សារ​ទំនើប ការ​អភិវឌ្ឍ​អចលន​ទ្រព្យ ការ​គ្រប់គ្រង​ម៉ាក សណ្ឋាគារ និង​រមណីយដ្ឋាន និង​អាជីវកម្ម​ផ្តល់​សេវា​កម្ម​ម្ហូប​អាហារ។ 

ក្រុមហ៊ុន សិនត្រាល់ គ្រុប បាន​ដំណើរការ​ហាង​លក់​ទំនិញ​ធំៗ​របស់​ខ្លួន​ទាំង​នៅ​ប្រទេស​ថៃ​និង​នៅ​ឆាក​អន្តរជាតិ។ ផ្សារ​ទំនើប​ទាំង​នោះ​មាន​លក់​នូវ​ទំនិញ​ប្រើប្រាស់​រួមមាន សាច់ គ្រឿង​សមុទ្រ ហាង​នំបុ័ង និង​ហាង​លក់​គ្រឿង​ទេស​ជា​កញ្ចប់ និង​អាហារ​ពិសេសៗ​ជា​ច្រើន​មុខ​សម្រាប់​អតិថិជន​លក់​ដុំ​របស់​ខ្លូន។

សូម​ជម្រាប​ផង​ដែរ​ថា នៅ​ក្នុង​កម្មវិធី ឧត្តមភាព  លោក ឆានិក ចាន់ឆៃណារ៉ុង បាន​ចូលរួម​ចែក​រំលែក​បទ​ពិសោធន៍​ជោគជ័យ​របស់​ក្រុមហ៊ុន សិនត្រាល់គ្រុប ក្នុង​ការ​ពង្រីក​អាជីវកម្ម​នៅ​បរទេស ការ​អភិវឌ្ឍ​បណ្តាញ​ចែកចាយ​អន្តរជាតិ​ដ៏​រឹង​មាំ យុទ្ធសាស្រ្ត​ទីផ្សារ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត របៀប​បំពេញ​តម្រូវការ​អតិថិជន និង​ការ​ពង្រឹង​ពាណិជ្ជ​សញ្ញា​ក្រុមហ៊ុន។

លើស​ពី​នេះ​​ទៅទៀត លោកបាន​ចែក​រំលែក​ពី​របៀប​ដែល​ក្រុមហ៊ុន សិនត្រាល់ គ្រុប អភិវឌ្ឍ​អាជីវកម្ម​របស់​ខ្លួន​ដែល​ចាប់​ផ្តើម​ពី​សហគ្រាស​ធុន​តូច​និង​មធ្យម រហូត​ក្លាយ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​មួយ​នៅ​ក្នុង​ប្រទេសថៃ ព្រមទាំង​ចែក​រំលែក​បទ​ពិសោធន៍​របស់គាត់​ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​ប្រទេស​ថៃ ក្នុង​អំឡុង​ពេល​បម្រើការងារ​ជា​ប្រធាន​ទីផ្សារ​កំណើន នៃ​ក្រុមហ៊ុន​ផ្សារ​ភាគ​ហ៊ុន​ថៃ៕

None



អត្ថបទបន្ទាប់


ត្រឹម​តែ​៥​ឆ្នាំ ទំហំ​ទឹក​ប្រាក់​ធានា​សរុប​នៃ​​វិស័យ​​ធានា​រ៉ាប់រង​អាយុ​ជីវិត​មាន​ជាង​១​ពាន់​លាន​ដុល្លារ

គិត​ចាប់​តាំង​ឆ្នាំ​២០១២ មក​ទល់​ពាក់​កណ្ដាល​ឆ្នាំ​២០១៧​នេះ វិស័យ​ធានា​រ៉ាប់រង​អាយុ​ជីវិត​​ហាក់​មាន​សន្ទុះ​កើន​ឡើង​យ៉ាង​ខ្លាំង ដោយ…

ស៊ិន ចន្ធី៖ ការ​វិនិយោគ​ផ្លូវ​ក្រវាត់​ក្រុង​ភ្ជាប់​ទៅ​តំបន់​ព្រំដែន​ជា​មេដែក​ស្រូប​សេដ្ឋកិច្ច​ដ៏​សំខាន់

អ្នកជំនាញ​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ទំនិញ​កម្ពុជា បាន​លើក​ឡើង​ថា ការ​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ​៥ ដែល​តភ្ជាប់​ពី​ព្រំដែន​ប្រទេស​ថៃ មក​រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ