លោកឧកញ៉ា ចេង ខេង អះអាងថា នឹងធ្វើការសិក្សាស្វែងយល់ឲ្យលម្អិតពី ប្លង់គោល និងយកបទពិសោធន៍ទាំងអស់នោះ មកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង។
សូមជម្រាបថា ក្រុមហ៊ុនអចលនទ្រព្យចិន Country Garden Group បានសម្រេចអភិវឌ្ឍ គម្រោង Forest City ដែលជាគម្រោងដ៏ធំបំផុត នៅលើកោះតូចៗចំនួន ៤ ក្នុងទីក្រុង ចូហ៊រ ប្រទេសម៉ាឡេស៊ី កៀកនឹងព្រំប្រទល់ ប្រទេសសិង្ហបុរី ដែលមានផ្ទះទំនើបជាង ២៥ម៉ឺនយូនីត និងអាចឲ្យប្រជាជនរស់នៅ និងធ្វើអាជីវកម្មជាង ៧០ម៉ឺននាក់ ហើយលក្ខណៈពិសេសរបស់គម្រោងនេះ គឺការអភិវឌ្ឍបែបធម្មជាតិ ដែលផ្លូវសម្រាប់យានយន្តគ្រប់ប្រភេទ គឺស្ថិតនៅក្រោមដីទាំងអស់។
លោក ឧកញ៉ា ចេង ខេង ជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ី.ភី.អិល ផងដែរនោះ បានឲ្យដឹងទៀតថា ក្នុងនាមជា អ្នកអភិវឌ្ឍន៍វិស័យអចលនវត្ថុនៅកម្ពុជា លោកនឹងចុះទៅសិក្សាផ្ទាល់ពី ប្លង់គោលរបស់គម្រោងយក្សមួយនេះ ដើម្បីយកមកវិភាគ និងអភិវឌ្ឍ នៅកម្ពុជា ធ្វើយ៉ាងណាឲ្យ វិស័យអចលនវត្ថុ នៅកម្ពុជា កាន់តែប្រសើរឡើង។
ដោយឡែក លោក សុត វីរៈ នាយកប្រតិបត្តិក្រុមហ៊ុន Huttons CPL និងជា អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឲ្យដឹងដែរថា ការចុះកិច្ចព្រមព្រៀងនេះ គឺដើម្បីទទួលបានព័ត៌មានលម្អិតពីគម្រោង ដើម្បីយកមក អភិវឌ្ឍនៅកម្ពុជា អាចជាទ្រង់ទ្រាយធំ ឬកែប្រែស្តង់ដារ ដែលមានស្រាប់ ឲ្យកាន់តែប្រសើរជាងនេះ។
លោកបន្តឲ្យដឹងថា រដ្ឋាភិបាលម៉ាឡេស៊ី នឹងផ្តល់សិទ្ធិរស់នៅដល់ អ្នកទិញគម្រោងនេះ បានរយៈពេល ១០ឆ្នាំ ហើយនាពេលអនាគត អាចនឹងផ្តល់សិទ្ធិរស់នៅអចិន្រ្តៃយ៍ ខណៈដែរ សិទ្ធិកាន់កាប់ គឺមានរហូត។
គួរបញ្ជាក់ថា គម្រោង Forest City ត្រូវបានសាងសង់ឡើងនៅឆ្នាំ ២០១៤ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០៤០ខាងមុខ ដែលនៅក្នុងគម្រោងនេះ រួមមានសណ្ឋាគារ ផ្សារទំនើប មន្ទីរពេទ្យ អគារស្នាក់នៅ អគារពាណិជ្ជកម្ម សួនកម្សាន្ត និងទីក្រុងក្រោមដីដ៏ទំនើប លាតសន្ធឹងលើផ្ទៃដីប្រមាណ ៣ពាន់ហិកតា៕