ចិនចេញមុខច្រានចោលការលើកឡើងរបស់អាមេរិក ដែលថា រុស្ស៊ីសុំជំនួយពីចិនដើម្បីវាយប្រហារអ៊ុយក្រែននេះ នៅអំឡុងកិច្ចប្រជុំរយៈពេលប្រាំពីរម៉ោងនៅទីក្រុងរ៉ូម រវាងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកជេក ស៊ូឡីវ៉ាន (Jake Sullivan) ជាមួយនឹងអ្នកការទូតកំពូលរបស់ប្រទេសចិន គឺលោក យ៉ាង ជាឈី (Yang Jiechi)។
ទីក្រុងប៉េកាំងបានប្រតិកម្មខ្លាំងៗ ក្រោយមន្ត្រីសហរដ្ឋអាមេរិកមួយចំនួនធ្វើការអធិប្បាយថា រុស្ស៊ីបានស្នើសុំជំនួយទាំងផ្នែកយោធា និងការគាំទ្រសេដ្ឋកិច្ចពីប្រទេសចិន ក្នុងប្រតិបត្តិការយោធាឈ្លានពានប្រទេសអ៊ុយក្រែន។ ជាការឆ្លើយតប ចិនបានចោទអាមេរិកវិញថា បាននិងកំពុងផ្សព្វផ្សាយព័ត៌មានមិនពិតម្តងហើយម្តងទៀត មានបំណងមិនល្អមកលើប្រទេសចិន ក្នុងសំណុំរឿងសង្គ្រាមនៅអ៊ុយក្រែននេះ។
ជាក់ស្តែង នៅមួយរយៈមុន ក៏មានដែររបាយការណ៍ដែលចោទប្រកាន់ថា ចិនបានដឹងមុនរួចរាល់ពីគម្រោងប្រតិបត្តិការយោធារុស្ស៊ីមកលើអ៊ុយក្រែន ហើយថែមទាំងបានស្នើសុំឲ្យរុស្ស៊ីរង់ចាំដល់ចប់ព្រឹត្តិការណ៍កីឡាអូឡាំពិកសិន សឹមលើកទ័ពចូលអ៊ុយក្រែន។ ទីបំផុតរុស្ស៊ីផ្តើមធ្វើការឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤កុម្ភៈ ពោលគឺនៅ៤ថ្ងៃក្រោយកីឡាអូឡាំពិករដូវរងានៅប៉េកាំង បានបិទបញ្ចប់ជាស្ថាពរ។ យ៉ាងណាក៏ដោយ ចិនចេញមកច្រានចោលការចោទប្រកាន់ទាំងអស់នេះ។
ទីក្រុងប៉េកាំងបានព្យាយាមអះអាងថា ចិនតែងតែដើរតួនាទីក្នុងន័យស្ថាបនា ដើម្បីលើកកម្ពស់ការចរចាសន្តិភាពរវាងភាគីជម្លោះទាំងពីរ គឺរុស្ស៊ី និងអ៊ុយក្រែន។ ប៉េកាំងបានស្តីបន្ទោសទៅទីក្រុងវ៉ាស៊ិនតោនវិញថា អាទិភាពចំបងនៅពេលនេះ គឺការបន្ធូរបន្ថយស្ថានការណ៍ មិនមែនបន្ថែមប្រេងទៅក្នុងភ្លើងនោះទេ ហើយត្រូវព្យាយាមដោះស្រាយតាមការទូត ជាជាងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ឡើងៗ។
គួរជម្រាបថា អាមេរិកបារម្ភខ្លាចទីក្រុងប៉េកាំងអាចនឹងធ្វើឱ្យខូចខាត ដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីជួយកងកម្លាំងអ៊ុយក្រែនការពារប្រទេសរបស់ពួកគេ។ ប្រការទាំងនេះហើយ ទើបលោក ជេក ស៊ូលីវ៉ាន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានចេញមកព្រមានចំៗតែម្តងថា បើហ៊ានតែជួយរុស្ស៊ីមែននោះ ចិននឹងប្រឈមមុខផលលំបាកខ្លួនឯង បើនិយាយឲ្យស្រួលស្ដាប់ទៅ គឺដូចជាយកទុក្ខដាក់ខ្លួនអញ្ចឹងដែរ។
សូមបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកជេក ស៊ូលីវ៉ាន បានជួបពិភាក្សាជាមួយ ទីប្រឹក្សាជាន់ខ្ពស់រដ្ឋចិន លោកយ៉ាង ជាឈី នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ បើតាមមន្ត្រីសេតវិមាន ជំនួបនៅទីក្រុងរ៉ូមអស់ពេល៧ម៉ោងបានផ្តោតទៅលើការប្រកួតប្រជែងគ្នារវាងអាមេរិក ចិន ផលប៉ះពាល់នៃសង្គ្រាមអ៊ុយក្រែនទៅលើសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ពិសេសភាគីទាំងពីរបានបន្តចោទប្រកាន់គ្នាទៅវិញទៅមកក្នុងសំណុំរឿងរបស់អ៊ុយក្រែននេះ៕