កោះតៃវ៉ាន់ជារឿយបានត្អូញត្អែរពីក្ដីបារម្ភរបស់ខ្លួនចំពោះសកម្មភាពយោធាចិនជាញឹកញាប់នៅក្បែរដែនសមត្ថកិច្ចកោះតៃវ៉ាន់ ហើយដែលភាគច្រើនប្រមូលផ្តុំសកម្មភាពនៅផ្នែកខាងត្បូង និងនិរតីនៃតំបន់ការពារដែនអាកាសរបស់កោះមួយនេះតែម្ដង។
កងទ័ពអាកាសរបស់កោះតៃវ៉ាន់កាលពីថ្ងៃសុក្រសប្តាហ៍មុន បានបញ្ជូនយន្តហោះចម្បាំងដើម្បីទៅហោះព្រមានយន្តហោះចិនចំនួន ១៨គ្រឿង ដែលបានធ្វើដំណើរចូលក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន។ អាជ្ញាធរតៃវ៉ាន់ បានរាយការណ៍ថា មានការបំពានដែនអាកាសនេះ បន្ថែមទៀតកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ បើទោះបីជាចំនួនយន្តហោះមានតិចជាងកាលពីថ្ងៃសុក្រក៏ដោយ។
កងទ័ពរំដោះប្រជាជនចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នាព្រឹកថ្ងៃចន្ទថា កងទ័ពជើងទឹក និងទ័ពអាកាសរបស់ចិន បានធ្វើសមយុទ្ធរួមគ្នាមួយកាលពីថ្ងៃពីថ្ងៃទី៦ ដល់ថ្ងៃទី ៨ឧសភា នៅភាគខាងកើត និងភាគនិរតីនៃកោះតៃវ៉ាន់ ដើម្បីសាកល្បង និងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រយុទ្ធរួមគ្នា រួមមានការធ្វើលំហាត់សាកល្បង និងការប្រើប្រាស់អាវុធថ្មីៗ។ ប៉ុន្តែភាគីចិនមិនបានបញ្ជាក់លម្អិតទេពីប្រភេទអាវុធថ្មីៗដែលខ្លួនសាកល្បងនោះទេ។
បើតាមការអះអាងពីខាងភាគីកោះតៃវ៉ាន់បានឲ្យដឹងថា ប្រទេសចិនបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក យន្តហោះចម្បាំង និងយន្តហោះប្រឆាំងនាវាមុជទឹកជាច្រើនគ្រឿង។ គួរកត់សម្គាល់ថា តៃវ៉ាន់បានបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាងមុន ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនមក។ តៃវ៉ាន់តែងបារម្ភថា ថាប្រទេសចិននឹងធ្វើរឿងស្រដៀងគ្នានេះមកលើខ្លួន បើទោះបីជាអ្នកឃ្លាំមើលនៅទីក្រុងតៃប៉ិ មិនបានរាយការណ៍ពីសញ្ញាណាមួយ ដែលអាចនឹងកើតឡើងក៏ដោយ។
មន្ត្រីជាន់ខ្ពស់តៃវ៉ាន់ បាននិយាយថា ចិនកំពុងបន្តគំរាមកំហែងមកលើតៃវ៉ាន់ ប៉ុន្តែតៃវ៉ាន់នៅតែមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការការពារខ្លួន។
គួរជម្រាបថា ប្រទេសចិនមិនដែលបោះបង់សេណារីយ៉ូប្រើប្រាស់កម្លាំង ដើម្បីនាំយកតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ មកនៅក្រោមការគ្រប់គ្រងរបស់ខ្លួនវិញនោះទេ ហើយច្រកសមុទ្រតៃវ៉ាន់ គឺជាចំណុចក្តៅ ក្នុងករណីមានការប្រើប្រាស់កម្លាំងយោធាមែននោះ។ តៃវ៉ាន់បដិសេធការទាមទារអធិបតេយ្យភាពរបស់ចិន ដោយនិយាយថាមានតែប្រជាជនទាំង ២៣ លាននាក់របស់កោះនេះប៉ុណ្ណោះ ដែលអាចសម្រេចពីអនាគតរបស់ពួកគេ៕