ការឆ្លើយតបរបស់ក្រុមហ៊ុនជីប ម៉ុង លែននេះ គឺធ្វើឡើងក្រោយពីម្ចាស់បុរីលំនៅដ្ឋាននៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ បានតវ៉ា និងស្នើឲ្យក្រសួងពាក់ព័ន្ធជួយអន្តរាគមន៍ ចំពោះគម្រោងលុបបឹងនេះ។
ក្រុមហ៊ុន ជីប ម៉ុង បានបញ្ជាក់ប្រាប់ ខេមបូណូមីស តាមបណ្ដាញតេឡេក្រាមថា «ក្រុមហ៊ុនយើងខ្ញុំបានទទួលជួបជាមួយអ្នកតំណាងឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ ហ្គ្រេន ភ្នំពេញ និងបានធ្វើការពន្យល់យ៉ាងក្បោះក្បាយនូវសិទិ្ធស្របច្បាប់របស់ក្រុមហ៊ុន រួមជាមួយឯកសារផ្សេងៗទៀត ដែលពាក់ព័ន្ធទៅលើដីដែលអាងស្តុកទឹកនោះស្ថិតនៅ ដោយក្រុមហ៊ុនជីប ម៉ុង លែន និងតំណាងម្ចាស់កម្មសិទ្ធិករមុន បានបញ្ជាក់យ៉ាងច្បាស់ថា ដីនេះជាប្រភេទ “ដីសាងសង់” ដូចមានចារឹកក្នុងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ ច IX-0905»។
ក្រុមហ៊ុនជីប ម៉ុង លែន បានបន្ថែមទៀតថា តំណាងម្ចាស់កម្មសិទ្ធិករមុនបានបញ្ជាក់ថា ដីស្រះ ដែលតំណាងប្រជាពលរដ្ឋធ្វើការតវ៉ាមិនឱ្យលុបនេះ វាគឺជាទីតាំងដែលត្រូវបានជីកយកអាចម៍ដី និងប្រើប្រាស់ជាអាងស្តុកទឹកបណ្តោះអាសន្ន សម្រាប់ស្រោចស្រពទីលានវាយកូនហ្គោល តែប៉ុណ្ណោះ ។
ក្រុមហ៊ុនជីប ម៉ុង លែន បានបញ្ជាក់ទៀតថា «ក្រុមហ៊ុនបានប្តេជ្ញាកែប្រែអាងស្តុកទឹកបណ្តោះអាសន្ននេះឱ្យក្លាយទៅជាសួនឧទ្យានបៃតងចម្រុះដោយមានដើមឈើជាច្រើន កន្លែងហាត់ប្រាណ កន្លែងលេងសម្រាប់កុមារ និងទីតាំងសម្រាប់លំហែអារម្មណ៍ ដោយមានកន្លែងបាញ់ទឹក (ហៅថាគម្រោង “Central Park”) ជាជាងការរក្សាទុកអាងស្តុកទឹកនេះ។»
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ ចំនួន ១៤០ នាក់ បានដាក់ពាក្យស្នើសុំអន្តរាគមន៍/ទប់ស្កាត់ការលុបស្រះទឹកទៅកាន់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឲ្យជួយអន្តរាគមន៍រក្សាទុក/ទប់ស្កាត់ការលុបបឹង ដែលមានបណ្ដោយប្រវែង ៤២៣ ម៉ែត្រ ទទឹងប្រហែល ២៤៥ ម៉ែត្រ ស្ថិតនៅតាមបណ្ដោយវិថីហ្គ្រេនកែងផ្លូវខាងលិចស្រះទឹក ក្នុងទីតាំងបុរីទីក្រុងរណបអន្តរជាតិ ហ្គ្រេនភ្នំពេញ ស្របតាមប្លង់សរុប ដែលបានអនុញ្ញាតជាផ្លូវការ និងផ្សព្វផ្សាយជាសាធារណៈចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៩ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមសម្រាប់សហគមន៍៕