ក្រុមហ៊ុនអាកាសចរណ៍ Vietjet របស់វៀតណាម ប្រកាសឲ្យដឹងនៅចុងសប្ដាហ៍នេះថា ខ្លួននឹងបើកជើងហោះហើរត្រង់ទៅមក រវាងកោះភូកុក (ខ្មែរស្គាល់ជា កោះត្រល់) និងទីក្រុងហុងកុង ចាប់ពីខែមេសាទៅ ដោយក្នុងមួយសប្ដាហ៍ នឹងហោះហើរ ៤ជើង។ ការហោះហើរមួយជើងៗ នឹងចំណាយពេល ២ម៉ោង និង ៤៥នាទី។
នៅមុននេះបន្តិច កោះភូកុកទើបតែបានបើកសម្ពោធរមណីយដ្ឋាននិងកាស៊ីណូដ៏ធំមួយនៅលើកោះនោះ។ ក្រុមហ៊ុនអភិវឌ្ឍ និងវិនិយោគទេសចរណ៍លើកោះភូកុក JSC បាន ចំណាយទុនវិនិយោគប្រមាណជាង ២ពាន់លានដុល្លារអាមេរិក សាងសង់រីស៊ត និងកាស៊ីណូ Corona ដោយកាស៊ីណូនេះ នឹងបើក ២៤ម៉ោងក្នុងមួយថ្ងៃ សម្រាប់ជាគម្រោងសាកល្បងរយៈពេល ៣ឆ្នាំ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ កោះភូកុក ដែលស្ថិតនៅក្នុងខេត្តភាគខាងត្បូង កៀនជាំង បានទាក់ទាញវិនិយោគទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើវិស័យសណ្ឋាគារ និងរមណីដ្ឋាន រួមទាំងកាស៊ីណូ។
ក្រុមហ៊ុន អាកាសចរណ៍ VietJet ថ្លែងថា ការបើកជើងហោះហើរត្រង់ថ្មីនេះ គឺនឹងបង្កើតឱកាសធ្វើដំណើរច្រើនថែមទៀតដល់អ្នកទេសចរ និងប្រជាជនក្នុងស្រុក ដែលកត្តានេះនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរវាងកោះភូកុក និងទីក្រុងហុងកុង។
សព្វថ្ងៃ Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេបំផុត នៅវៀតណាម ដែលប្រតិបត្តិការផ្លូវហោះហើរក្នុងស្រុក ៤០ខ្សែ និងផ្លូវហោះហើរអន្តរជាតិ ៦៦ខ្សែ។
យោងតាមការិយាល័យស្ថិតិទូទៅ ឆ្នាំ២០១៨ ប្រទេសវៀតណាមបានស្វាគមន៍អ្នកធ្វើដំណើរតាមយន្តហោះ ១២,៥លាននាក់ ពោលគឺកើនឡើងជាង ១៤% បើធៀបនឹងឆ្នាំ២០១៧។ ចរាចរណ៍តាមផ្លូវអាកាសរបស់វៀតណាម កើនឡើងជាមធ្យម ១៦% គិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៧៕