លោក James Hodge នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន CBRE បានបញ្ជាក់ប្រាប់ខេមបូណូមីសថា បើទោះបីជា មានករណីកើនឡើងនូវមេរោគរាតត្បាត កូវីត ១៩ បានធ្វើឲ្យទីផ្សារលក់រាយនៅកម្ពុជាមានធ្លាក់ចុះបន្តិចមកមែន។ ប៉ុន្តែបើពិនិត្យមើលលើទិដ្នភាពជារួមនាពេលបច្ចប្បន្ន ក៏ដូចជានៅថ្ងៃអនាគត អាជីវកម្មផ្សារទំនើបល្បីៗនៅតែបន្តរក្សាកំណើន ។
អគ្គនាយកគ្រប់គ្រងទូទៅក្រុមហ៊ុន CBRE រូបនេះ បញ្ជាក់បន្ថែមទៀតថា មានកត្តាជាច្រើនដែលជំរុញដល់ការកំណើននៃការផ្គត់ផ្គង់ហាងលក់ទំនិញ នៅកម្ពុជា ជាពិសេស ការចូលរួមកាន់តែច្រើនឡើងរបស់ប្រជាជនកម្ពុជាក្នុងចំណោម ក្មេងៗជំនាន់ក្រោយក្នុងជម្រើសទិញទំនិញបែបទំនើប។ ពួកគេស្វែងរកនូវបរិយាកាស ការកម្សាន្ត និងបទពិសោធន៍ថ្មី។ ដែលនេះផ្តល់ឱកាសដល់អ្នក អភិវឌ្ឍន៍ទាំងឡាយជាមួយតម្រូវការហាងទំនិញទំនើបៗកាន់តែច្រើនឡើង។
ជាងនេះទៀត ផ្សារទំនើបក្នុងស្រុកជាច្រើនមើលឃើញអំពីការប្រកួតប្រជែង យ៉ាងខ្លាំងនៅក្នុងវិស័យរបស់ពួកគេ ដូចនេះ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការប្រកួតប្រជែង នោះគឺត្រូវប្រែគម្រោងរបស់គេទៅជាហាងទំនិញសម័យថ្មី ទំនើបទាន់សម័យ ក្នុងទាក់ទាញចំណាប់អារម្មណ៍អតិថិជន។
បើតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងថា គិតត្រឹមចុងត្រីមាសទី ១ ឆ្នាំ ២០២១ នេះមានផ្សារទំនើប ២៣ កំពុងប្រតិបត្តិការនៅក្នុងទីក្រុងភ្នំពេញ គ្របដណ្ដប់លើផ្ទៃដីប្រហែល ៣៨ ហិកតា។
សូមបញ្ជាក់ថា គម្រោងផ្សារទំនើបធំៗ ដែលកំពុងសាងសង់នៅកម្ពុជានាពេលបច្ចុប្បន្ននេះ រួមមានដូចជា គម្រោងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល ២៧១, គម្រោងផ្សារទំនើប អ៊ីអន៣, ផ្សារទំនើប PH Dimond Placeរបស់ក្រុមហ៊ុនប៉េង ហួត, គម្រោងផ្សារទំនើប K Mall និងគម្រោងផ្សារទំនើបស៊ិនជូរីផ្លាហ្សាជាដើម ដោយគម្រោងទាំងនេះ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងរយៈពេល៣ឆ្នាំខាងមុខនេះ៕