លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានកតស់ម្គាល់ឃើញថា បច្ចុប្បន្ន តម្លៃដឹកជញ្ជូននៅកម្ពុជា ហាក់មានការថយចុះខ្លាំង បើប្រៀបទៅនឹងអំឡុងដែលមានការរាតត្បាតខ្លាំងពីជំងឺកូវីដ១៩។ ការធ្លាក់ចុះនៃតម្លៃដឹកជញ្ជូននៅកម្ពុជា ក៏ដោយសារតែ នាពេលបច្ចុប្បន្ននេះ តម្លៃប្រេងឥន្ធនៈពិភពលោកក៏មានការធ្លាក់ចុះ។ បើតាមប្រធានសមាគមរូបនេះ បច្ចុប្បន្ន តម្លៃដឹកជញ្ជូនតាមផ្លូវទឹកទៅកាន់គោលដៅនៅប៉ែកអឺរ៉ុប មានតម្លៃចាប់ពី ១ពាន់ដុល្លារ ទៅ ៣ពាន់ដុល្លារ។ ខណៈនៅអំឡុងវិបត្តិកូវីដ១៩ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកទៅកាន់គោលដៅនៅប៉ែកអឺរ៉ុប មានតម្លៃរហូត ១ម៉ឺនដុល្លារ ទៅ២ម៉ឺនដុល្លារ។ រីឯ ការដឹកជញ្ជូនតាមផ្លូវទឹកទៅកាន់ប្រទេសជិតខាង និងប្រទេសចិន វិញ បច្ចុប្បន្ន បានធ្លាក់ចុះ មានតម្លៃចន្លោះ ១រយដុល្លារ ទៅ៣រយដុល្លារ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនរូបនេះ ក៏បានកត់សម្គាល់ឃើញថា សកម្មភាពនៃដឹកជញ្ជូនហាក់មិនសូវ មានភាពមមាញឹកនោះទេ ដោយលោកអះអាងថា នៅដើមឆ្នាំ២០២៣នេះ ការបញ្ជាទិញទំនិញពីទីផ្សារខាងក្រៅមិនសូវមានសន្ទុះ នោះទេ ទើបធ្វើឲ្យសកម្មភាពដឹកជញ្ជូនថយចុះ។
ដោយឡែកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពដឹកជញ្ជូនទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងពីកម្ពុជា ទៅកាន់ប្រទេសក្បែរខាង សុទ្ធតែមានការធ្លាក់ចុះ។ បើតាមជំនាញរូបនេះ ដ្បិតស្ថានភាពពិភពលោកមានភាពធូរស្បើយ តែសម្រាប់វិស័យដឹកជញ្ជូននៅកម្ពុជា នៅតែបន្តជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន នៅឡើយ ដែលធ្វើឲ្យសកម្មភាពនៃការដឹកជញ្ជូនទំនិញកម្ពុជា តាមវិស័យនីមួយៗ មានការធ្លាក់ចុះ ដូចជា ទំនិញកាត់ដេរ សម្ភារៈសំណង់ ទំនិញគ្រឿងទេស ក៏ដូចជា សកម្មភាពនាំចេញទំនិញសរុប៕