
លោក Edgar Bonte នាយកប្រតិបត្តិក្រុមហ៊ុនផ្សារទំនើបបារាំង Auchan Retail បាននិយាយក្នុងកាសែតបារាំងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុននេះ បានសម្រេចចិត្តរួចហើយថានឹងលក់ផ្សារទំនើបរបស់ខ្លួនចំនួន១៨ កន្លែងនៅវៀតណាមទៅឲ្យក្រុមហ៊ុនផ្សេងគ្រប់គ្រងវិញ។
លោកបានបញ្ជាក់ថា អាជីវកម្មរបស់ផ្សារទំនើបAuchan នៅវៀតណាម រកចំណូលបានប្រមាណ ជាង ៥០ លានដុល្លារអាមេរិក កាលពីឆ្នាំមុន ប៉ុន្ដែ ក្រោយពីផាត់ទាត់ចំណាយរួច ក្រុមហ៊ុននៅតែមានការខាតបង់។ ប៉ុន្ដែ នាយកប្រតិបត្តិក្រុមហ៊ុនផ្សារទំនើបបារាំងមួយនេះ មិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ខាតបង់នោះឡើយ។
សារព័ត៌មានវៀតណាម VnExpress បានចុះផ្សាយដែរថា ផ្សារទំនើបបារាំង Auchan នេះត្រូវបានទិញរួចហើយដោយក្រុមហ៊ុនលក់រាយក្នុងស្រុកវៀតណាម ដោយគេរំពឹងថា ការផ្ទេរសិទ្ធិនិងប្រព័ន្ធប្រតិបត្តិការផ្សារទំនើបនេះ នឹងត្រូវធ្វើឡើង នៅខែក្រោយនេះ។
មិនមែនតែនៅទីផ្សារវៀតណាមទេ ដែលផ្សារទំនើបមួយនេះ មានការខាតបង់ប្រាក់ចំណេញ នៅទីផ្សារអ៊ីតាលីឯណោះវិញ ក៏ខាតដូចគ្នាដែរ ហើយថ្មីៗនេះ ក្រុមហ៊ុននេះ ក៏ទើបតែបានផ្ទេរប្រតិបត្តិការរបស់ខ្លួនទៅឲ្យផ្សារ Conad របស់អ៊ីតាលីគ្រប់គ្រងផងដែរ។
គួរបញ្ជាក់ថា ផ្សារទំនើប Auchan បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនក្នុងទីផ្សារវៀតណាមដំបូង នៅឆ្នាំ ២០១៥ និងបានពង្រីកសាខា ១៣ កន្លែងនៅទីក្រុងហូជីមិញ ៤សាខានៅរដ្ឋធានីហាណូយ និង១សាខាទៀត នៅខេត្តតៃនិញ៕