សម្តេច ហ៊ុន សែន បានប្រកាសនៅលើទំព័រហ្វេសប៊ុកនៅព្រលប់ថ្ងៃទី៥ កុម្ភៈ ថា សម្តេចមិនអាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនបានទេ ដោយសារលើសអាយុ។ បើតាម សម្តេច វាក់សាំងឈ្មោះស៊ីណូហ្វាមអាចចាក់លើមនុស្សមានអាយុចន្លោះពី ១៨-៥៩ឆ្នាំតែប៉ុណ្ណោះ។
សម្តេច រៀបរាប់ដូច្នេះថា៖«សម្រាប់ខ្ញុំ ដែលមានអាយុជាង៦៨ឆ្នាំទៅហើយមិនទាន់អាចចាក់បានទេ។ ដូចនេះគម្រោងចាក់វ៉ាក់សាំង ដែលគ្រោងចាក់នៅថ្ងៃទី១០ កុម្ភៈ ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ នឹងត្រូវលុបចោលទាំងខ្ញុំ ទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតភាគច្រើនមានអាយុលើសពី៦០ឆ្នាំ»។
ទោះបីលុបចោលការចាក់សាំង តែសម្តេចមិនលុបគម្រោងទៅទទួលវ៉ាក់សាំង ដែលជាជំនួយរបស់ចិននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឡើយ។ វ៉ាក់សាំងកូវីដ-១៩ ដែលមានឈ្មោះថា ស៊ីណូហ្វាមចំនួន៦០ម៉ឺនដូស នឹងមកដល់កម្ពុជានៅល្ងាចថ្ងៃទី៧ កុម្ភៈ។ នេះជាដំណាក់កាលដំបូងក្នុងចំណោមវ៉ាក់សាំង១លានដូស ដែលចិនសន្យាផ្តល់ឲ្យកម្ពុជា៕