IMF និងស្រីលង្កាបើកកិច្ចពិភាក្សារចនាសម្ព័ន្ធបំណុល

IMF និងស្រីលង្កាបើកកិច្ចពិភាក្សាលើការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ


ដូចការគ្រោងទុក ក្រុមមូលនិធិរូបិយវត្ថុអន្តរជាតិមួយក្រុមនៅថ្ងៃទី២៤ សីហាបានទៅជួបជាមួយប្រធានាធិបតីស្រីលង្កា ដើម្បីពិភាក្សាកញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ច និងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ដែលមានចំនួនប្រហែល ២៩ ពាន់លានដុល្លារ ចំពេលប្រទេសនេះ កំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តជាង ៧ ទសវត្សរ៍មកនេះ។
IMF និងស្រីលង្កាបើកកិច្ចពិភាក្សាលើការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ

ជាមួយនឹងការពិភាក្សាជាមួយ IMFនេះ រដ្ឋាភិបាលស្រីលង្កាកាលពីកន្លងទៅ ក៏បានស្នើឲ្យប្រទេសម្ចាស់បំណុលទ្វេភាគីដូចជាជប៉ុន និងចិន បើកកិច្ចពិភាក្សាលើការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញដូចគ្នាដែរ។ ប៉ុន្ដែ មិនទាន់មានការឆ្លើយតបពីប្រទេសម្ចាស់បំណុលទាំងនោះឡើយទេ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។

មែនទែនទៅ វាជាលើកទីពីរហើយក្នុងរយៈពេលបីខែមកនេះ ដែលអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិអន្តរជាតិ (IMF) បានទទួលជួបចរចាជាមួយតំណាងប្រទេសស្រីលង្កា ស្តីពីកញ្ចប់ជំនួយ ដែលមានចំនួន ៣ ពាន់លានដុល្លារ ដើម្បីប្រើប្រាស់ដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលកំពុងដួររលំ។

ទន្ទឹមនឹងនេះ ការិយាល័យប្រធានាធិបតីស្រីលង្កាបាននិយាយថា «ប្រទេសស្រីលង្កាសម្រេចរៀបចំកិច្ចពិភាក្សានេះម្តងទៀត នៅថ្ងៃទី២៦ ខែសីហា ដើម្បីរកបញ្ហាបច្ចេកទេសជាមួយមន្ត្រីនៃធនាគារកណ្តាល និងភាគីពាក់ព័ន្ធ»។

ចំណុចជាប់គាំងសំខាន់ នៅក្នុងបញ្ហាបំណុលនេះ គឺពាក់ព័ន្ធនឹងរបៀបស្វែងរកច្រកចេញដែលមាននិរន្ដរភាពសម្រាប់បំណុលវណ្ឌករបស់ប្រទេសនេះស្រីលង្កាមួយនេះ ដែលបច្ចុប្បន្នមានដល់ទៅ ១១៤% នៃផលិតផលក្នុងស្រុកសរុប បើគិតនៅត្រឹមចុងឆ្នាំ២០២១។

បើតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុស្រីលង្កាបង្ហាញថា ប្រទេសស្រីលង្កាមានបំណុលទ្វេភាគីសរុប ៩ពាន់៦រយដុល្លារ និងឥណទានឯកជន ដែលរាប់បញ្ចូលទាំងមូលបត្របំណុលអន្តរជាតិផងដែរនោះមានដល់ចំនួនជិត២០ ពាន់លានដុល្លារ។

ក្នុងនោះ ជប៉ុន និងចិន គឺជាម្ចាស់បំណុលធំជាងគេបំផុត នៃបំណុលទ្វេភាគីរបស់ស្រីលង្កា ដោយចំនួនបំណុលចុងក្រោយថ្មីៗនេះមានចំនួនប្រហែល ៣,៥ ពាន់លានដុល្លារបន្ថែមទៀត។ ជារួម នៅពេលដែលបំណុលពាណិជ្ជកម្មត្រូវបានបន្ថែម នោះប្រទេសចិនកាន់កាប់ប្រហែលមួយភាគប្រាំនៃផលប័ត្របំណុលរបស់ប្រទេសស្រីលង្កា។

ប្រធានាធិបតី លោក Ranil ក៏គ្រោងនឹងស្នើឱ្យជប៉ុនដឹកនាំកិច្ចពិភាក្សាស្តីពីការរៀបចំរចនាសម្ព័ន្ធបំណុលទ្វេភាគីជាមួយប្រទេសម្ចាស់បំណុលផ្សេងៗទៀតរបស់ស្រីលង្កាផងដែរ ក្រោយពីទទួលបានការគាំទ្រពីអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

លោកស៊ើហ្គី លានូ (Sergi Lanau) អនុប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ បាននិយាយថា រដ្ឋាភិបាលស្រីលង្កាកំពុង «មានការចរចាចំពោះមុខជាច្រើនមុខ ហើយខ្លួនត្រូវធ្វើឲ្យមានវឌ្ឍនភាពយ៉ាងហោចណាស់ជាមួយម្ចាស់បំណុលធំៗ» ដើម្បីឲ្យកិច្ចពិភាក្សាបំណុលឆ្ពោះទៅមុខ។

គួរជម្រាបត្រួសៗថា បញ្ជីនៃម្ចាស់បំណុលក្នុងសេដ្ឋកិច្ចស្រីលង្កា ៨១ ពាន់លានដុល្លារ មានចាប់ពីម្ចាស់បំណុលប្រទេសលោកខាងលិច ដែលរួមបញ្ចូលគ្នាមានចំនួន ១៤ ពាន់លានដុល្លារ បន្ទាប់មកគឺចិន ជប៉ុន និងឥណ្ឌា ព្រមទាំងអ្នកផ្តល់កម្ចីពហុភាគីគឺ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (WB) ជាដើម៕




អត្ថបទបន្ទាប់


អាជីវកម្មទេសចរណ៍ជិត៥០%ហើយ បានបើកដំណើរការឡើងវិញ ក្រោយរងផលប៉ះពាល់ដោយសារកូវីដ១៩

នៅអំឡុងពេលកូវីដ១៩ រាតត្បាតខ្លាំងវិស័យទេសចរណ៍បានរងទុក្ខខ្លាំងជាងគេពីវិបត្តិនេះ ដោយក្នុងនោះ សម្រាប់កម្ពុជាមានកម្មកររាប់ម៉ឺននាក់បានបាត់ប…

នាយករដ្ឋមន្ត្រីជប៉ុន បញ្ជាឱ្យសាងសង់រោងចក្រដើរដោយថាមពលនុយក្លេអ៊ែរថ្មីបន្ថែមទៀត

ប្រទេសជប៉ុនត្រូវបានគេមើលឃើញថា កំពុងឈានជើងចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍថាមពលនុយក្លេអ៊ែររបស់ខ្លួន ដោយនាយករដ្ឋមន្រ្តីជប៉ុនកាលពីថ្ងៃពុធ ទី …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ