អាស៊ីនឹងរងគ្រោះខ្លាំងបំផុតប្រសិនបើពាណិជ្ជកម្មសកលបែកបាក់!

IMF ព្រមានថា សេដ្ឋកិច្ចអាស៊ីនឹងក្លាយជាអ្នករងគ្រោះខ្លាំងបំផុត ប្រសិនបើពាណិជ្ជកម្មពិភពលោកបាក់បែក


មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្រមានកាលពីពេលថ្មីៗនេះថា អាស៊ីប៉ាស៊ីហ្វិកនឹងខាតបង់ច្រើនជាងគេ ច្រើនជាងតំបន់ណានាទាំងអស់ ក្នុងករណីប្រព័ន្ធពាណិជ្ជកម្មពិភពលោកត្រូវបែកបាក់គ្នាជាប្លុក ដែលបង្កឡើងពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។
IMF ព្រមានថា សេដ្ឋកិច្ចអាស៊ីនឹងក្លាយជាអ្នករងគ្រោះខ្លាំងបំផុត ប្រសិនបើពាណិជ្ជកម្មពិភពលោកបាក់បែក

ក្នុងនោះ IMF បានទាញសញ្ញាថា បណ្តាប្រទេសអាស៊ី និងអាស៊ីប៉ាស៊ីហ្វិកអាចបាត់បង់តម្លៃជាង ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) ប្រសិនបើពាណិជ្ជកម្មត្រូវបានកាត់ផ្តាច់នៅតាមវិស័យដែលរងផលប៉ះពាល់ពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗលើវិស័យផលិតបន្ទះឈីបរបស់ប្រទេសចិន។ ដោយឡែក ក្នុងករណីដែលរបាំងរឹតត្បិតមិនមែនពន្ធនៅក្នុងតំបន់ផ្សេងទៀតត្រូវបានកើនឡើងដូចសម័យសង្រ្គាមត្រជាក់ ក៏តំបន់អាស៊ីនឹងត្រូវរងថ្មបាក់ផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNBC។

ស្ថាប័ន IMF បានព្រមានថា ករណីដែលមានការបែកខ្ញែកគ្នានៃពាណិជ្ជកម្មពិភពលោក វិស័យជាច្រើននៅក្នុងប្រទេសនៃតំបន់អាស៊ី នឹងត្រូវដាំក្បាលចុះដោយជៀសមិនរួច បង្កឡើងដោយការបញ្ជាទិញធ្លាក់ចុះ លែងមានការដោះដូរពាណិជ្ជកម្មតទៅទៀត។ ការណ៍នេះអាចបណ្តាលឱ្យកម្មករនិយោជិត បាត់បង់ការងារក្នុងអត្រាខ្ពស់បំផុតក៏ ៧%ដែរ។

នាយកមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ប្រចាំតំបន់អាស៊ីនិងអាស៊ីប៉ាស៊ីហ្វិក លោក គ្រីស្នា ស៊ីរីវ៉ាសាន អះអាងថា នៅពេលដែលគេនិយាយដល់ការរឹតបន្ដឹងពាណិជ្ជកម្ម និងភាពមិនច្បាស់លាស់របស់វា ប្រាកដណាស់វានឹងរាលដាលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកបែងចែក។ អ្នកជំនាញរូបនេះ បន្តថា អាស៊ីប្រឈមនឹងការបាត់បង់ច្រើនខ្លាំងណាស់ ដោយសារអាស៊ីជាតួអង្គសំខាន់ក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកល ហើយដែលបច្ចុប្បន្នស្ថិតក្នុងសម័យកាលផុយស្រួយ អាស៊ីប្រថុយប្រថាននឹងការបាត់បង់ច្រើនជាងអ្នកដទៃ។

កត្តាអ្វីខ្លះ ដែលIMFមើលឃើញថា ផុយស្រួយងាយធ្វើឱ្យសេដ្ឋកិច្ចសកលបែកបាក់?

កត្តា២ធំៗ ក្នុងចំណោមកត្តាជាច្រើនទៀត ដែលអាចរុញឱ្យសេដ្ឋកិច្ចសកលបែកបាក់ និងរុញឱ្យអាស៊ីធ្លាក់ក្នុងរណ្តៅនៃការខាតបង់ នោះគឺ ភាពតានតឹងរវាងយក្សសេដ្ឋកិច្ចទាំងពីរចិន-សហរដ្ឋអាមេរិក និងលំហូរនៃមូលធន។

ភាពតានតឹងរវាងចិន និងអាមេរិក

សញ្ញានៃការបែកបាក់ពិភពលោកបានលេចឡើងដំបូងបំផុត អំឡុងពេលសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនក្នុងឆ្នាំ២០១៨។ ប៉ុន្តែសញ្ញាគួរឱ្យបារម្ភបន្ថែមទៀតដូចជាសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំនេះ បានបន្ថែមភាពតានតឹងមួយកំរិតទៀត។ បើតាម IMF ការដាក់ទណ្ឌកម្មលើរុស្ស៊ី បាននិងកំពុងបន្ថែមភាពមិនច្បាស់លាស់ថ្មីៗទៀតជុំវិញទំនាក់ទំនងពាណិជ្ជកម្ម មិនថាតែជាមួយរុស្ស៊ីនោះទេ។

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះ គូសបញ្ជាក់ទៀតថា ភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្ម មិនត្រឹមតែការរឹតបន្តឹងខ្លួនឯងប៉ុណ្ណោះទេ តែវាអាចរារាំងសកម្មភាពសេដ្ឋកិច្ច ដូចជាឈានទៅធ្វើឱ្យសហគ្រាស និងក្រុមហ៊ុនផ្អាកការជួលបុគ្គលិកកម្មករ ឬផ្អាកការវិនិយោគ ហើយអាចធ្វើឱ្យក្រុមហ៊ុនថ្មីៗ ពន្យារពេលចូលទៅក្នុងទីផ្សារ។

ជាក់ស្តែងបើតាមរបាយការណ៍ IMF បានរកឃើញថា ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនឆ្នាំក្នុងឆ្នាំ២០១៨ បានកាត់បន្ថយការវិនិយោគអស់ប្រហែល ៣,៥%។ ជាងនេះទៅទៀត ការបែកបាក់ពាណិជ្ជកម្មនឹងរឹតតែធ្វើឱ្យមានហានិភ័យខ្ពស់ សម្រាប់ប្រទេសមានទីផ្សារកំពុងរីកចម្រើននៅអាស៊ី និងសម្រាប់ក្រុមហ៊ុនដែលមានបំណុលខ្ពស់។

លំហូរនៃមូលធន

នាយក IMF ប្រចាំតំបន់អាស៊ី លោកស៊ីរីវ៉ាសាន់ លើកឡើងថា មានការព្រួយបារម្ភអំពីលំហូរមូលធនចេញពីតំបន់អាស៊ី ដោយសារអត្រាការប្រាក់នៅក្នុងតំបន់នេះមានតិចជាងនៅសហរដ្ឋអាមេរិក។ ទោះយ៉ាងណារហូតមកដល់ពេលនេះ ប្រទេសនៅអាស៊ីទាំងនេះនៅតែអាចគ្រប់គ្រងស្ថានការណ៍បាន មិនបណ្តាលឱ្យទុំជោរពេកឡើយ។

មែនទែនទៅ មិនមែនអាស៊ីទាំងមូលសុទ្ធតែអាចគ្រប់គ្រងលំហូរនៃមូលធនបានទាំងអស់ទេ។ ជាឧទាហរណ៍ យើងឃើញលំហូរមូលធនជាច្រើនកើតមាននៅប្រទេសឥណ្ឌា យើងឃើញលំហូរមូលធននៅកោះតៃវ៉ាន់ និងប្រទេសចិន ខណៈលំហូរមានកំរិតមធ្យមពីឥណ្ឌូនេស៊ី លំហូរមធ្យមពីម៉ាឡេស៊ី ខណៈក្នុងប្រទេសថៃ យើងឃើញពីលំហូរមូលធនចូលទៅក្នុ្ងងប្រទេសវិញ។ ដូច្នេះបានសេចក្តីថា លំហូរមូលធននៅអាស៊ីគឺមានភាពចម្រុះ។

គួរជម្រាបថា ស្ថាប័នអន្តរជាតិនានា កំពុងជំរុញឱ្យប្រទេសទាំងអស់ ដែលរឹតបន្តឹងពាណិជ្ជកម្ម ឱ្យវិលត្រឡប់មករកសភាពដើមវិញ និងកាត់បន្ថយភាពមិនច្បាស់លាស់ក្នុងគោលនយោបាយរបស់ខ្លះ។ យ៉ាងណាមិញ គេឃើញឥណ្ឌាដែលជាអ្នកផលិតស្ករសធំបំផុតមួយបន្ទាប់ពី ប្រេស៊ីលទើបប្រកាសពីការរឹតត្បិត កំណត់កូតានាំចេញស្ករស ពេញមួយឆ្នាំ២០២៣ទៀត៕




អត្ថបទបន្ទាប់


UN តួកគី និងអ៊ុយក្រែន នៅតែបន្តដំណើរការកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិពីតំបន់សមុទ្រខ្មៅ ទោះបីជារុស្ស៊ីប្រកាសផ្អាកក៏ដោយ

អង្គការសហប្រជាជាតិ តួកគី និងអ៊ុយក្រែនកំពុងជំរុញឱ្យមានការបន្ដអនុវត្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិពីតំបន់សមុទ្រខ្មៅបន្តទៅទៀត បើទោះបីជាប្រទេសរុ…

ហេតុអ្វី ទិន្នផលរោងចក្ររបស់ជប៉ុនកាលពីខែកញ្ញាបានធ្លាក់ចុះទាបបំផុត ក្នុងរយៈពេល ៤ ខែចុងក្រោយនេះ?

ទិន្នផលរោងចក្រនៅប្រទេសជប៉ុនបានធ្លាក់ចុះនៅក្នុងខែកញ្ញាជាកម្រិតធ្លាក់ចុះទាបជាលើកដំបូងនៅក្នុងរយៈពេល ៤ ខែចុងក្រោយនេះ ដោយសារក្រុមហ៊ុនផលិតមួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ