ទីផ្សាររថយន្ត

ទីផ្សាររថយន្តជប៉ុន អាល្លឺម៉ង់ កូរ៉េខាងត្បូង និងអាម៉េរិក កំពុងរងការគំរាមកំហែងកាន់តែខ្លាំងពីរថយន្តចិន


ក្រុមហ៊ុនផលិតរថយន្ត BYD និងក្រុមហ៊ុន Geely ដណ្តើមបានដំណែងកំពូលនៅក្នុងទីផ្សាររថយន្តពិភពលោក ដោយទាញទម្លាក់ចំនួនលក់រថយន្តរបស់ជប៉ុន អាល្លឺម៉ង់ និងកូរ៉េខាងត្បូងយ៉ាងក្រាសក្រែល ។ ក្រុមហ៊ុនផលិតរថយន្ត BYD បានដណ្តើមដំណែងកំពូលទី៦ពីក្រុមហ៊ុន Ford ហើយក្រុមហ៊ុន Geely បានក្លាយជាក្រុមហ៊ុនកំពូលទី៩ ក្រោយពីវ៉ាដាច់ក្រុមហ៊ុន Nissan ហើយតាមពីក្រោយយ៉ាងប្រកៀកប្រកិតនឹងក្រុមហ៊ុន Honda។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
ទីផ្សាររថយន្ត
ដោយ

ក្រុមហ៊ុនផលិតរថយន្តលោកខាងលិច និងជប៉ុនកំពុងជួបការលំបាក ខណៈពេលដែលក្រុមហ៊ុនរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន BYD បានវ៉ាដាច់ក្រុមហ៊ុន Ford ជាលើកដំបូងដោយដណ្តើមបានចំណាត់ថ្នាក់ទី៦នៅក្នុងទីផ្សាររថយន្តពិភពលោកនៅត្រីមាសទី២ឆ្នាំ២០២៤។ នៅក្នុងអំឡុងត្រីមាសទី២ក្រុមហ៊ុន BYD លក់រថយន្តបានជាង១លានគ្រឿងកើនឡើង៣៨% ដោយបានក្លាយជារថយន្តចិនដំបូងគេ ដែលវ៉ាដាច់ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តកំពូលៗទាំង៣របស់អាម៉េរិក។

ពាក់ព័ន្ធនឹងទីផ្សាររថយន្តនេះ ក្រុមហ៊ុនស្រាវជ្រាវ MarkLines បានឲ្យដឹងថា ក្រៅពីក្រុមហ៊ុន BYD ក្រុមហ៊ុនចិនមួយទៀតគឺក្រុមហ៊ុន Geely ក៏លេចធ្លោខ្លាំងណាស់ដែរ ដោយក្រុមហ៊ុននេះអាចលក់រថយន្តបានរហូតដល់ទៅ៨២ម៉ឺនគ្រឿង កើនឡើង១៤% ដោយបានឈរលេខរៀងទី៩ ដោយផ្តួលក្រុមហ៊ុន Nissan និងកំពុងតាមពីក្រោយក្រុមហ៊ុន Honda របស់ជប៉ុន។

ដោយសារតែកំណើននៃការលក់រថយន្តក្រុមហ៊ុនចិន បានធ្វើឱ្យចំនួនលក់រថយន្តរបស់ក្រុមហ៊ុន Toyota ដែលកំពុងឈរនៅលំដាប់កំពូលបានធ្លាក់ចុះ៤% មកនៅត្រឹមជិត៣លានគ្រឿង ស្របពេលដែលក្រុមហ៊ុន Volkswagen ឈរលំដាប់ថ្នាក់លេខ២បានធ្លាក់ចុះ៧% មកនៅត្រឹមជាង២លានគ្រឿង ហើយក្រុមហ៊ុន Hyundai ដែលឈរចំណាត់ថ្នាក់លេខ៣ បានធ្លាក់ចុះ៣% មកនៅត្រឹមជិត២លានគ្រឿង។ ជាមួយគ្នានេះការលក់រថយន្តរបស់ក្រុមហ៊ុនកំពូលរបស់អាម៉េរិកពីរផ្សេងទៀត គឺ Stellantis និង Chrysler ដែលឈរនៅលំដាប់ទី៤ និងទី៥ ក៏បានធ្លាក់ចុះ២០%ផងដែរ ហើយតួរលេខនៃការលក់ចេញគឺលើស BYD តែបន្តិចបន្តួចប៉ុណ្ណោះ។

ដោយសារតែបញ្ហានេះ បានធ្វើឲ្យក្រុមហ៊ុន Nissan កាលពីថ្ងៃទី៧ ខែវិច្ឆិកា បានប្រកាសថា ខ្លួននឹងកាត់បន្ថយសមត្ថភាពផលិតកម្មជាសកលចំនួន២០% ហើយនឹងកាត់បន្ថយការងារចំនួន៩ពាន់នាក់ ដោយសារតែការលក់ធ្លាក់ចុះនៅក្នុងប្រទេសចិន និងសហរដ្ឋអាម៉េរិក។ ក្រុមហ៊ុន Honda ក៏មានគម្រោងកាត់បន្ថយការផលិតរថយន្តដើរដោយប្រេងឥន្ធនៈនៅចិនពីជាង១លានគ្រឿងមកនៅត្រឹម៩៦ម៉ឺនគ្រឿង។ ជាមួយគ្នានេះ ក្រុមហ៊ុន Stellantis បានប្រកាសថា ខ្លួននឹងកាត់បន្ថយការងារចំនួនជាង១ពាន់នាក់នៅរោងចក្រនៅសហរដ្ឋអាម៉េរិក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សភាវៀតណាមអនុម័តគម្រោងផ្លូវដែកល្បឿនលឿនមានតម្លៃជិត៧០ពាន់លានដុល្លារ

ប្រទេសវៀតណាម នឹងចាប់ផ្តើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនមានតម្លៃវិនិយោគរហូតដល់ទៅ៦៧ពាន់លានដុល្លារអាម៉េរិក ដើម្បីតភ្ជាប់បណ្ដាខេត្តភាគខាងជើង និ…

ទីបំផុតថៃ សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាប្រវត្តិសាស្ត្រជាមួយប្លុកអឺរ៉ុប

នៅទីបំផុតប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដោយជោគជ័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ