មន្ត្រីជាន់ខ្ពស់ជប៉ុនបានអះអាងថា លទ្ធផលនេះអាចឆ្លុះបញ្ចាំងពីទំនាក់ទំនងកាន់តែស៊ីជម្រៅរបស់ចិនជាមួយអាស៊ាន និងបង្ហាញកាន់តែច្បាស់ពីការកើនឡើងនូវឥទ្ធិពលរបស់ចិនកាន់តែខ្លាំងឡើងនៅក្នុងតំបន់អាស៊ានផងដែរ តាមរយៈ "ការទូតវ៉ាក់សាំង" នៃការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍មួយចំនួន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ការស្ទង់មតិដែលធ្វើឡើងដោយប្រទេសជប៉ុនថ្មីៗនេះបានបង្ហាញថា ចំនួន ៤៨% នៃអ្នកចូលរួមក្នុងការស្ទង់មតិមកពីបណ្ដាប្រទេសអាស៊ានបានជ្រើសរើសយកប្រទេសចិន ខណៈដែលប្រទេសជប៉ុនវិញបានតាមពីក្រោយប្រទេសចិនដោយ ៤៣% ពោលគឺធ្លាក់ចុះ ៨% ធៀបនឹងការស្ទង់មតិកាលពីលោកមុន ហើយបន្ទាប់មកទៀត គឺសហរដ្ឋអាមេរិកមាន៤១% ពោលគឺបានកើនឡើង ៤%។
នេះគឺជាលើកដំបូងហើយ ដែលរដ្ឋាភិបាលក្រុងប៉េកាំងបានជាប់ចំណាត់ថ្នាក់លេខមួយចាប់តាំងពីក្រសួងការបរទេសជប៉ុនបានចាប់ផ្តើមការស្ទង់មតិតាំងពីឆ្នាំ២០១៥មក។
មន្ត្រីក្រសួងការបរទេសជប៉ុនម្នាក់បាននិយាយថា លទ្ធផលនេះអាចឆ្លុះបញ្ចាំងពីទំនាក់ទំនងកាន់តែស៊ីជម្រៅរបស់ចិនជាមួយអាស៊ាន និងបង្ហាញកាន់តែច្បាស់ពីការកើនឡើងនូវឥទ្ធិពលរបស់ចិនកាន់តែខ្លាំងឡើងនៅក្នុងតំបន់អាស៊ានផងដែរតាមរយៈ "ការទូតវ៉ាក់សាំង" ដែលបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍មួយចំនួន។
នៅក្នុងសំណួរនៃការស្ទង់មតិដែលគេសួរថា តើប្រទេសណាដែលពួកគេជឿថា ជាដៃគូដ៏សំខាន់នាពេលឥឡូវនេះ អ្នកឆ្លើយសំណួរចំនួន ៥៦% បានជ្រើសរើសយកប្រទេសចិន បើទោះជាអត្រានេះបានធ្លាក់ចុះ ៣ពិន្ទុភាគរយក៏ដោយចុះ ប៉ុន្តែអត្រានេះនៅតែធ្វើឱ្យចិនស្ថិតនៅលើកំពូលតារាងនៃបញ្ជីស្ទង់មតិនេះដដែល ចំណែកឯប្រទេសជប៉ុនវិញ គឺមានអ្នកឆ្លើយគាំទ្រតែ៥០% តែប៉ុណ្ណោះពោលគឺបានធ្លាក់ចុះ ៧ពិន្ទុភាគរយ។
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារដែលមានមូលដ្ឋាននៅទីក្រុងហុងកុង Ipsos ត្រូវបានក្រសួងការបរទេសជប៉ុនផ្ដល់សិទ្ធិសម្រាប់ការស្ទង់មតិនេះតាមអ៊ីនធឺណិត និងដោយផ្ទាល់នៅក្នុងខែមករា ដោយដោយមានអ្នកចូលរួមឆ្លើយសំណួរជិត៣ពាន់នាក់ ដែលជាប្រជាជនរស់នៅក្នុងបណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់ លើកលែងតែប្រទេសមីយ៉ាន់ម៉ាដែលកំពុងជួបវិបត្តិនយោបាយ ហើយការស្ទង់មតិនេះធ្វើឡើងលើមនុស្សដែលមានអាយុចាប់ពី ១៨ ដល់ ៥៩ឆ្នាំ៕
អត្ថបទ៖ សុខ ជា