លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត មកទល់ពេលនេះ ម្រេចកំពតបាននាំចេញទៅកាន់ទីផ្សារបរទេសបានប្រមាណជាង ៣ប៉ុណ្ណោះ នៃទិន្នផល ដែលប្រមូលបាននៅឆ្នាំនេះ មានប្រមាណ ៩០ តោនប៉ុណ្ណោះ។
លោកបន្ថែមទៀតថា នៅដើមខែមិថុនានេះ មានក្រុមហ៊ុនចំនួន ៣ ប៉ុណ្ណោះ ដែលបានបញ្ជាទិញម្រេចពីសមាគមម្រេចកំពត ដើម្បីនាំចេញ ទៅកាន់ទីផ្សារអឺរ៉ុប ពិសេស គឺប្រទេសបារាំង។ ប៉ុន្ដែ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ការនាំចេញហាក់មានការស្ងប់ស្ងាត់ទៅវិញ ដោយសារតែវាកំពុងស្ថិតនៅក្នុងការចរចាទីផ្សារបន្ដទៀត ព្រោះវាមានបញ្ហាប្រឈមច្រើនលើការដឹកជញ្ជូន ដោយប្រទេសប៉ែកអឺរ៉ុប និងអាមេរិកមានការរឹតត្បិតជើងហោះហើរ ហើយមកទល់ពេលនេះ ការចរចានេះ នៅមិនទាន់សម្រេចបានអ្វីជាផ្លែផ្កានៅឡើយទេ។
ទោះយ៉ាងណា បើតាមប្រធានសមាគមម្រេចកំពត ក្រៅពីមានក្រុមហ៊ុនបញ្ជាទិញដែលជាធ្លាប់ជាដៃគូរបស់សមាគមហើយនោះ បច្ចុប្បន្ននេះ ក៏មានក្រុមហ៊ុនថ្មីៗមួយចំនួនទាក់ទងមកសមាគម ដើម្បីបញ្ជាទិញម្រេចកំពតផងដែរ ប៉ុន្ដែ កំពុងស្ថិតក្នុងដំណាក់កាលចរចានៅឡើយ។
ការអូសបន្លាយការនាំចេញម្រេចកំពត បាននិងកំពុងធ្វើឲ្យកសិករម្ចាស់ចម្ការជាច្រើន ពិសេសចម្កាស់ចម្ការខ្នាតតូច គឺត្រូវបានបង្ខំចិត្តលក់ម្រេចរបស់ខ្លួន ដែលមានគុណភាពមិនសូវខ្ពស់មួយចំនួន ទៅកាន់ឈ្មួញនាំចេញទៅវៀតណាម។ លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពតគូសបញ្ជាក់ថា ក្នុងពេលវេលានេះ វាដល់ពេលត្រូវ កាប់ភ្លឺទប់ភ្លឺហើយ បានន័យថា កសិករត្រូវបង្ខំចិត្តលក់ម្រេចរបស់ខ្លួនចេញខ្លះ ដើម្បីបានប្រាក់ដោះស្រាយជីវភាព មិនអាចបន្តរង់ចាំលក់នាំចេញអឺរ៉ុប និងអាមេរិក ដែលមានតម្លៃខ្ពស់បានទេ ពោលគឺមានម្រេចគុណភាពមិនសូវល្អប្រមាណ ២០ ទៅ៣០តោន បាន លក់ទៅឲ្យឈ្មួញដើម្បីនាំចេញទៅវៀតណាម ក្នុងតម្លៃពី ៧៥០០រៀល ទៅ ដល់ ១ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ ទោះយ៉ាងណា ម្រេច ដែលមានគុណភាពខ្ពស់ ពួកគាត់នៅតែរក្សាទុក រង់ចាំមើលនាំចេញទៅទីផ្សារអឺរ៉ុប និងអាមេរិកបន្ដទៀត ដោយតម្លៃនាំចេញទៅទីផ្សារទាំងនេះ អាចលក់បានរហូតដល់ ១៥ ដុល្លារក្នុងមួយគីឡូក្រាមសម្រាប់ម្រេចខ្មៅ ខណៈម្រេចក្រហមលក់តម្លៃ ២៥ដុល្លារ ក្នុងមួយគីឡូក្រាម និង២៨ដុល្លារសម្រាប់ម្រេចស។
លោក ងួន ឡាយបញ្ជាក់ថា ការលក់ចេញម្រេចកំពតមួយចំនួន ទៅកាន់ទីផ្សារវៀតណាមនេះ ក៏អាចនឹងធ្វើឲ្យប៉ះពាល់ដល់បរិមាណនាំចេញ ម្រេចកំពតទៅកាន់ទីផ្សារអឺរ៉ុប និងអាមេរិកផងដែរ ដោយលោករំពឹងថា នៅឆ្នាំនេះ ការនាំចេញ អាចនឹងមានការធ្លាក់ចុះទាបជាងឆ្នាំមុន។
បើតាមសមាគមម្រេចកំពតកាលពីឆ្នាំ២០១៩ ការនាំចេញម្រេចកំពតសម្រេចបានប្រមាណ ៧២ តោន ដោយក្នុងនោះ ការនាំចេញ ម្រេចខ្មៅ មានប្រមាណ ៧០% និង៣០% ជាប្រភេទម្រេចស និងក្រហម បើគិតជាទឹកប្រាក់គឺំមានតម្លៃប្រមាណជាង ១លានដុល្លារអាមេរិក៕