ក្រុមហ៊ុនផលិតសម្ភារៈលំដាប់ប្រណីតមួយនេះ បានបញ្ជាក់ថា ខ្លួនចង់ជួយបំពេញនូវតម្រូវការនៃផលិតផលការពារមេរោគឆ្លង ដែលកំពុងតែមានការខ្វះខាតនៅទូទាំងប្រទេសបារាំង។
តាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន LVMH ដែលជាម្ចាស់របស់ម៉ាក Louis Vuitton បានឲ្យដឹងថា «ទឹកជេលសម្រាប់លាងដៃទាំងនេះ នឹងផ្ដល់ជូនដោយឥតគិតថ្លៃ សម្រាប់អាជ្ញាធរសុខាភិបាល»។
គិតមកទល់ពេលនេះ ប្រទេសបារាំង មានចំនួនអ្នកស្លាប់ដោយសារតែមេរោគ Covid-19 នេះ កើនឡើងដល់១២០ នាក់ហើយ។
ក្រុមហ៊ុន LVMH បានបញ្ជាក់ទៀតថា «LVMH នឹងប្រើប្រាស់ខ្សែច្រវាក់ផលិតកម្មម៉ាកទឹកអប់ និងគ្រឿងសម្អាងរបស់ខ្លួន ដើម្បីផលិតក្នុងបរិមាណដ៏ច្រើន នៃទឹកជេលមានសារធាតុអាល់កុលនេះ ចាប់ពីថ្ងៃចន្ទទី ១៦ មីនានេះតទៅ»។
រោងចក្ររបស់ក្រុមហ៊ុន LVMH ជាទូទៅមានផលិតទឹកអប់ និងគ្រឿងសម្អាងម៉ាកប្រណីតៗ ដូចជា Christian Dior និង Givenchy ជាដើម។ ក្រុមហ៊ុនម៉ាកប្រណីតរបស់បារាំងមួយនេះ ក៏មានកាន់កាប់លើម៉ាកផលិតផលល្បីឈ្មោះ ដូចជា ក្រុមហ៊ុនផលិតស្រាសំប៉ាញ Moet $ Chandon, ក្រុមហ៊ុនផលិតនាឡិកា Tag Heuer និងគ្រឿងអលង្ការ Bulgari ផងដែរ។
ប្រទេសបារាំង បានបិទភោជនីយដ្ឋាន ហាងកាហ្វេ និងហាងលក់ទំនិញមិនសូវសំខាន់ ក្នុងគោលដៅប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង Covid-19 ដែលបានឆ្លងទៅកាន់មនុស្សប្រមាណជាង ១៦ ម៉ឺននាក់ និងបានសម្លាប់ជីវិតមនុស្សជាង ៦ពាន់នាក់ នៅទូទាំងពិភពលោក។
រដ្ឋាភិបាលទូទាំងពិភពលោក បានអំពាវនាវឲ្យរោងចក្រផលិតទាំងអស់ ជួយផលិតផលិតផល ដែលអាចជួយទប់ស្កាត់ការឆ្លងមេរោគ Covid-19។
នៅប្រទេសចិន អំឡុងពេលមានកម្រិតឆ្លង នៃមេរោគ Covid-19 ដល់កំពូល នៅក្នុងខែកុម្ភៈ កន្លងទៅ គេឃើញមានក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗដូចជា Foxconn ជាដើម បានប្ដូរផ្នែកខ្លះនៃផលិតកម្ម ពីការផលិតទូរស័ព្ទ iPhone មកជាការផលិតម៉ាស់ការពារការឆ្លងមេរោគវិញ៕