ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម ដែលគ្រប់គ្រងលើគម្រោងនេះ ត្រូវបានបង្កើតឡើងក្នុងទម្រង់ជាដៃគូ រវាងវិនិយោគិនកម្ពុជា និងវិនិយោគិនជប៉ុន ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុន International Concept Management Inc. (ICM) មកពី សហរដ្ឋអាមេរិក ដែលរៀបចំរចនាប្លង់ គ្រប់គ្រងគម្រោង និងប្រតិបត្តិជលវប្បដ្ឋាន និងឧទ្យានសមុទ្រនៅទូទាំងពិភពលោក។
គម្រោងក្រោមភាពជាដៃគូនេះ ត្រូវបានបែងចែកជា ៣ដំណាក់កាល ដែលដំណាក់កាលទី១ នឹងចំណាយទឹកប្រាក់ ១៨លានដុល្លារអាមេរិក ចាប់ផ្តើមក្នុងខែ ឧសភា ឆ្នាំ ២០១៩ និងគ្រោងបញ្ចប់ក្នុងរយៈពេល ២ឆ្នាំ ខណៈដែលដំណាក់កាលទី ២ គឺបន្ថែមភាពទាក់ទាញ ដោយបង្កើតនូវ សួនរុក្ខសាស្រ្ត សាលតាំងពិព័រណ៍ ជម្រកល្មូន និង ចុងបញ្ចប់ គឺការអភិវឌ្ឍសណ្ឋាគារលំដាប់ពិភពលោក នៅដំណាក់កាលទី ៣ ក្នុងបំណងធ្វើឲ្យ ជលវប្បដ្ឋានក្រុងអង្គរ និងអាណាចក្រជម្រកសត្វ ក្លាយជាគោលដៅបង្កើននូវការស្នាក់នៅក្រុងសៀមរាប បានយូរថ្ងៃផងដែរ។
ឯកឧត្តម ទិត ចន្ថា រដ្ឋមន្រ្តីស្តីទីក្រសួងទេសចរណ៍ បានស្វាគមន៍ចំពោះគម្រោងថ្មី នឹងបានចាត់ទុកជាសមិទ្ធផលថ្មីមួយ សម្រាប់វិស័យទេសចរណ៍ ដែលនឹងបន្ថែមតម្លៃដល់ ការពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតំបន់អង្គរសៀមរាប និងតំបន់ជុំវិញនោះផងដែរ។
លោកភារធារី Michael Newbill តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានឲ្យដឹងថា គម្រោងនេះ ជាគម្រោងមួយក្នុងចំណោមការវិនិយោគធំជាងគេរបស់អាមេរិក នៅកម្ពុជា នៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលវានឹងក្លាយទៅជា គោលដៅទេសចរថ្នាក់ពិភពលោក។
លោក Roger R. Reynolds ប្រធានក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម និងជាស្ថាបនិករបស់ ICM មានប្រសាសន៍ថា ត្រឹមតែដំណាក់កាលទីមួយប៉ុណ្ណោះ ការបង្កើតភាពទាក់ទាញថ្មី នឹងធ្វើឲ្យមានសក្ដានុពលជំរុញឲ្យ ភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប បន្តការស្នាក់នៅជាមធ្យមពាក់កណ្ដាលថ្ងៃទៅហើយ។
លោក បន្តថា ផែនការ និងមហិច្ចតា របស់លោក មិនបញ្ចប់ត្រឹមនេះទេ គឺម្ចាស់ភាគហ៊ុន មានបំណង បន្តអភិវឌ្ឍទីកន្លែងបោះជំរុំ ពិព័រណ៍ និងបដិសណ្ឋារកិច្ច ដែលនឹងបំពេញបន្ថែមលើ គម្រោងអភិវឌ្ឍន៍របស់ពួកគេដំណាក់កាលដំបូង។
គួរជម្រាបដែរថា គម្រោងខាងលើនេះ នឹងអភិវឌ្ឍឡើងនៅលើផ្ទៃដីទំហំ ១០០ហិកតា នៅក្នុងភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលក្នុងនោះក៏មាន សួនរុក្ខសាស្រ្ត សាលតាំងពិព័រណ៍ ជម្រកល្មូន និងគំរូភូមិនេសាទខ្មែរ ដែលភ្ញៀវអាចដើរកម្សាន្ដ ទិញទំនិញ ឬទទួលទានម្ហូបអាហារ និងភេសជ្ជៈក្នុងស្រុក៕