
លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា(AIB) បានឲ្យដឹងថា វិទ្យាស្ថាន បានត្រៀមស្តង់ដាសុវត្ថិភាពរួចជាស្រេច ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពនិងម៉ឺងម៉ាត់បំផុត តាមការណែនាំពីក្រសួងអប់រំ និងក្រសួងសុខាភិបាល។
លោកបណ្ឌិត ផុន ណារិន បានមានប្រសាសន៍ដូច្នេះថា ៖« តាមរយៈកិច្ចព្រមព្រៀងMOU រវាង AIB ជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ គឺយើងនឹងធ្វើម៉ឺងម៉ាត់បំផុត ដើម្បីឲ្យកិច្ចការហ្នឹងដំណើរការទៅដោយរលូន ធានាសុខភាពទាំងនិស្សិត ទាំងគ្រូ បុគ្គលិកអប់រំ ហើយនិងការសិក្សា នឹងចាត់ទៅតាមចំនួននិស្សិតមួយថ្នាក់សិស្សពី១៥ទៅ២៥នាក់»។
បែបនេះក្តី បើតាមការបញ្ជាក់បន្ថែមពីលោកបណ្ឌិតនាយកវិទ្យាស្ថាន ឲ្យដឹងថា បច្ចុប្បន្ននេះ វិទ្យាស្ថានមិនទាន់អាចកំណត់ថ្ងៃឲ្យនិស្សិតចូលរៀនឲ្យបានច្បាស់លាស់នៅឡើយទេ ដោយហេតុថា បច្ចុប្បន្នសិស្សដល់ពេលសម្រាកវិស្សមកាលហើយ ប៉ុន្តែបុគ្គលិកផ្ទៃក្នុង និងការបណ្តុះបណ្តាលសហគ្រិនវគ្គខ្លី បានដំណើរការហើយនៅថ្ងៃទី១៥កញ្ញានេះ។
លោកបណ្ឌិតនាយកវិទ្យាស្ថាន បានបញ្ជាក់ថា ៖«ជារួមដោយនិស្សិតរបស់យើងគាត់បានវ៉ាកង ដោយសារតែចប់ឆមាសផង ហើយការចូលរៀនវិញហ្នឹងខ្ញុំអត់ទាន់ប្រាកដថា ចូលថ្ងៃណាទាំងអស់គ្នាទេ ប៉ុន្តែសម្រាប់ខាងបុគ្គលិកវិទ្យាស្ថានបានដំណើរការហើយ តែដោយសារស្អែកភ្ជុំបិណ្ឌ អ៊ីចឹងក្រោយភ្ជុំយើងនឹងដំណើរការការងារផ្ទៃក្នុងទាំងស្រុងជាផ្លូវការ តែសម្រាប់និស្សិតទាល់តែចូលឆមាសថ្មី »។






បើទោះបីជា ក្រសួងអប់រំអនុញ្ញាតឲ្យវិទ្យាស្ថានបើកថ្នាក់បង្រៀនដោយផ្ទាល់វិញក៏ពិតមែន តែលោកបណ្ឌិត ផុន ណារិន អះអាងថា វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា(AIB) នៅតែបន្តមានថ្នាក់រៀនអនឡាញសម្រាប់និស្សិតណាដែលមិនចង់មករៀននៅថ្នាក់ដោយផ្ទាល់ ម្យ៉ាងវិញទៀត លោកបណ្ឌិតថា កម្ពុជាត្រូវការបន្សាំខ្លួនចំពោះការសិក្សាតាមអនឡាញនេះ ឲ្យបានថ្នឹក ដើម្បីតាមឲ្យទាន់ការបដិវត្តឧស្សាហកម្ម4.0 ដែលពិភពលោកកំពុងប្រើប្រាស់សព្វថ្ងៃ៕