
ម៉ាស៊ីនដែលបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយទាំងនេះ រួមមាន ម៉ាស៊ីនដាក់ប្រាក់បញ្ញើមានកាលកំណត់ (TDM); ម៉ាស៊ីនបើកគណនីនិងបោះពុម្ពបណ្ណអេធីអឹម (VTM); ម៉ាស៊ីនដាក់កាបូបប្រាក់ (CBD); ម៉ាស៊ីនដាក់-ដកប្រាក់ (CRM); និង ម៉ាស៊ីនដកប្រាក់ (ATM) ។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា «យើងធ្វើអ្វីៗយើងគិតពីសុខុមាលភាពអតិថិជនជាចម្បង ។ ធនាគារ អេស៊ីលីដា បង្កើតឲ្យមានទីតាំងសេវាកម្មធនាគារស្វ័យប្រវត្តិ ជាមួយនឹងម៉ាស៊ីនជាច្រើនប្រភេទ ជិត ១ពាន់គ្រឿង ដើម្បីបម្រើជូនអតិថិជនប្រកបដោយផាសុកភាព ២៤/២៤ម៉ោង ដោយមិនចាំបាច់មកធនាគារ ដោយផ្ទាល់ឡើយ ។»

ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរដ៏ធំមួយ និងចំណាស់ជាងគេនៅកម្ពុជា បានខិតខំពង្រីកហេដ្ឋារចនាសម្ព័ន្ធឌីជីថលបម្រើដល់អតិថិជនរបស់ខ្លួន នៅទូទាំងប្រទេស ហើយថ្មីៗនេះ ទីតាំងសេវាកម្មធនាគារស្វ័យប្រវត្តិ ចំនួន ១៣ទីតាំង ត្រូវបានដាក់ឲ្យប្រើប្រាស់ គិតត្រឹមដំណាច់ខែសីហានេះ ។
បើតាមថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា បានឲ្យដឹងថា ធនាគារ អេស៊ីលីដា មានគម្រោងដាក់បម្រើសេវាកម្មធនាគារស្វ័យប្រវត្តិរបៀបនេះ ចំនួន ៥០ទីតាំងនៅទូទាំងប្រទេស ជាបន្តបន្ទាប់ នៅឆ្នាំ២០២១នេះ ៕
