ទន្ទឹមនឹងអរគុណដល់មិត្តចិន ដែលបានជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិន-អាស៊ានត្រូវបន្តពួតដៃគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ន្ថែមទៀត ដើម្បីធានានិងរក្សានិរន្តភាពសង្គម សេដ្ឋកិច្ច និងអាយុជីវិតប្រជាជន។
ទោះបីការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងវិស័យនានានៅកម្ពុជាក៏ដោយតែសម្រាប់សម្តេចតេជោ ហ៊ុន សែន វិបត្តិនេះក៏ជាឱកាសសម្រាប់កម្ពុជាក្នុងការកសាងឲ្យមានភាពធន់លើវិស័យនានាផងដែរ។ ប្រមុខដឹកនាំរាជរដ្ឋាកម្ពុជា ប្តេជ្ញាថា សម្តេចនឹងប្រែក្លាយវិបត្តិកូវីដ-១៩ ធ្វើជាឱកាសក្នុងការធ្វើកំណែទម្រង់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីធានា និងរក្សានិរន្តភាពស្ថានភាពសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្នុងវិបត្តិកូវីដ-១៩ជាង១ឆ្នាំកន្លងមកនេះ ទោះបីដៃម្ខាងជាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តែរាជរដ្ឋាក៏មិនភ្លេចក្នុងការអនុវត្តគោលនយោបាយក្នុងការធានា និងរក្សាជីវភាពប្រជាពលរដ្ឋ សេដ្ឋកិច្ច និងធុរកិច្ចរបស់កម្ពុជានោះទេ។
នាពិធីបើកពិព៌រណ៍ពាណិជ្ជកម្មចិន-អាស៊ានលើកទី១៨ ឆ្នាំ២០២១ ក្រោមប្រធានបទ«ការចែករំលែកកាលានុវត្តភាពដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ានមួយសម្រាប់អនាគតរួមគ្នា» សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យចិន និងអាស៊ានបន្តពួតដៃគ្នាប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ក្នុងគោលបំណងដើម្បីរក្សានិរន្តភាពសង្គម សេដ្ឋកិច្ច និងអាយុជីវិតប្រជាពលរដ្ឋ។ បន្ថែមលើនេះ ចិន និងអាស៊ានត្រូវបន្តជំរុញកិច្ចសហការលើគ្រប់វិស័យ ដើម្បីឈានទៅស្តារស្ថានភាពសង្គម និងសេដ្ឋកិច្ចនៅក្រោយវិបត្តិកូវីដ-១៩។
នៅក្នុងឱកាសនោះដែរ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានផ្តល់សម្ភារ បរិក្ខាពេទ្យ រួមជាមួយវ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជាក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ផងដែរ។ លើសពីនេះសម្តេច ហ៊ុន សែន បានចាត់ទុកពិព័រណ៌ចិន-អាស៊ានលើកទី១៨ ជាសក្ខីកម្មនៃទំនាក់ទំនងរវាងចិន និងអាស៊ាន ដែលបាននាំមកនូវការអភិវឌ្ឍស្ទើរគ្រប់វិស័យ និងវិបុលភាពសម្រាប់ប្រជាជាតិ និងប្រជាជនអាស៊ាន និងចិន៕