សេចក្តីប្រកាសរបស់សហរដ្ឋអាមេរិក ធ្វើឡើងបន្ទាប់ពីមានការអត្ថាធិប្បាយរបស់មន្ត្រីជាន់ខ្ពស់សេតវិមានថា ប្រទេសចិនចង់ឱ្យមានទំនាក់ទំនង ដែលមានស្ថិរភាពជាមួយសហរដ្ឋអាមេរិកក្នុងរយៈពេលខ្លី ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចក្នុងស្រុក និងការជំរុញឱ្យមានភាពរស់រវើកឡើងវិញនៃការទូតរបស់ខ្លួននៅអាស៊ី។
បើតាមក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំនួយការរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel Kritenbrink និងនាយកជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិសម្រាប់ប្រទេសចិន និងកោះតៃវ៉ាន់ លោកស្រី Laura Rosenberger នឹងធ្វើដំណើរទៅកាន់ប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន ចាប់ពីថ្ងៃទី១១ដល់១៤ ខែធ្នូនេះ។
គួរជម្រាបថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានពិភាក្សាគ្នាដោយត្រង់ទៅត្រង់មក ជុំវិញបញ្ហាកោះតៃវ៉ាន់ និងកូរ៉េខាងជើងនៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី កាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ ដែលជាកិច្ចប្រជុំមួយក្នុងគោលបំណងការពារទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនដែលកំពុងកើនឡើងនូវភាពតានតឹងខ្លាំង ក៏ដូចជាភាពភ័យខ្លាចដែលអាចការធ្លាក់ចូលក្នុងសង្គ្រាមត្រជាក់ថ្មីរវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក។
ក្រសួងការបរទេសបាននិយាយថា គណៈប្រតិភូនឹងតាមដានកិច្ចប្រជុំ «ដើម្បីបន្តគ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសទាំងពីរប្រកបដោយការទទួលខុសត្រូវ និងដើម្បីស្វែងរកផ្នែកសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងគ្នា» ហើយនឹងធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ប្លីនខែន នៅឆ្នាំក្រោយផងដែរ។
មែនទែនទៅ វិធានការកូវីដ១៩ដ៏តឹងរ៉ឹងរបស់ប្រទេសចិនកាលពីពេលថ្មីៗនេះ បានធ្វើឱ្យមានការផ្ទុះការតវ៉ាទ្រង់ទ្រាយធំនៅក្នុងទីក្រុងធំៗ ដែលសរបង្ហាញពីការមិនពេញចិត្តគួរឱ្យកត់សម្គាល់ចំពោះការគ្រប់គ្រង់ដោយបក្សកុម្មុយនិស្តចិនជាពិសេសលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលបានឡើងកាន់អំណាចតាំងពីឆ្នាំ២០១២ និងបន្ដដល់អាណត្តិទី៣ មិនធ្លាប់មានពីមុនមកនោះ។ ហើយច្បាប់ទប់ស្កាត់ជំងឺកូវីតដ៏តឹងតែងនេះ ក៏បានរួមចំណែកដល់ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ៕