បើតាមរបាយការណ៍ ពី អគ្គនាយកដ្ឋានពន្ធបានបង្ហាញថា គិតរយៈពេល ៨ខែឆ្នាំនេះ ចំណូលពន្ធ អាករ ដែលប្រមូលបាន ដោយអគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១.៩៥២ លានដុល្លារអាមេរិក ស្មើនឹង ៨៥,៣៣% នៃផែនការប្រចាំឆ្នាំ។ បើសិនជាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ឃើញថា មានការកើនឡើងជាទឹកប្រាក់ ៤៤៩,៣៤ លានដុល្លារអាមេរិក ស្មើនឹងអត្រាកំណើនជាភាគរយ ២៩,៨៩%។
ក្នុងនោះដែរ នៅ៨ខែ ឆ្នាំនេះដែរ ប្រភេទពន្ធសំខាន់ៗ ក៏បានបន្តរក្សាកំណើនដែរ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ តួយ៉ាង ពន្ធលើប្រាក់ចំណូលកើនឡើង ២៥,៨៩% អាករពិសេស កើន២៦,៦១% ពន្ធលើប្រាក់បៀវត្សកើនឡើង១៦,១២% និងពន្ធប្រថាប់ត្រាលើអចលនទ្រព្យ កើន ៦០,១៨%។
ដោយឡែក បើគិតតែក្នុងខែសីហាមួយប៉ុណ្ណោះ ចំណូលពន្ធដារ មានជាង ២១៥,៤៥ លានដុល្លារអាមេរិក ស្មើនឹង៩,៤១% នៃផែនការប្រចាំឆ្នាំ ហើយបើធៀបនឹងខែសីហាឆ្នាំ២០១៨ ឃើញថា បានកើនឡើងជាទឹកប្រាក់ ៦៨,៥៤ លានដុល្លារអាមេរិក ស្មើនឹងអត្រាកំណើន៤៦,៦៦%។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានពន្ធដារដដែល។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា កំណើននៃការប្រមូលពន្ធដារនេះ គឺដោយសារតែមានការអនុវត្តនូវកំណែទម្រង់រដ្ឋបាលសារពើពន្ធ និងការធ្វើទំនើបកម្មពន្ធដារ ដែលថ្មីថ្មីនេះ រួមមាន ការដាក់ឲ្យមាន ប្រើប្រាស់នូវប្រព័ន្ធ E-VAT ដើម្បីពង្រឹងការគ្រប់គ្រងការបង្វិលសង និងប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម ឲ្យមានប្រសិទ្ធភាព និងភាពត្រឹមត្រូវជាដើម៕