បើតាមការអះអាង របស់ឯកឧត្តម វេង សាខុន បានប្រាប់ឲ្យសារព័ត៌មានខេមបូណូមីសដឹងថា បញ្ហាបិទព្រំដែនរបស់វៀតណាមនេះ វាបានធ្វើឲ្យប្រឈមនឹងប៉ះពាល់ដល់ច្រកព្រំដែនជាច្រើនដូចជាច្រកព្រំដែន នៅខេត្តកំពត តាកែវ ព្រៃវែង ស្វាយរៀងជាដើម ហើយផលប៉ះពាល់ខ្លាំងជាគេនោះ គឺខេត្តត្បូងឃ្មុំ ដោយសារតែខេត្តត្បូងឃ្មុំនេះ ត្រូវការនាំចេញដំឡូងទៅវៀតណាមជាច្រើន។
ឯកឧត្តម វេង សាខុន មានប្រសាសន៍ថា «ប្រាកដវានឹងជួបបញ្ហាប្រឈម ក្នុងការបិទច្រកព្រំដែន ប៉ុន្តែបើតាមអ្វីដែលខ្ញុំបានសាកសួរមន្រ្តីរបស់យើងនៅតាមខេត្ត ដែលជាប់ព្រំដែននេះ គឺខេត្តកំពត ស្រូវនៅដំណើរការជាធម្មតា ស្វាយអនុញ្ញាតនៅពេលអាធ្រាត្រ ម៉ោង១២ ទើបចេញបាន ហើយខេត្តតាកែវប្រព្រឹត្តទៅធម្មតាចំពោះស្រូវ តែគោ និងជ្រូកគេហាមចូល ដោយឡែកខេត្តព្រៃវែងនៅដំណើរការធម្មតា និងខេត្តស្វាយរៀងមានដំណើរការរអាក់រអួលបន្តិចបន្តួច ប៉ុន្តែនៅបន្តនាំចេញបាន ហើយឥឡូវនេះ ចាប់ផ្តើមប៉ះពាល់ខេត្តត្បូងខ្លាំងជាង រឿងដឹកដំឡូងមីចេញ»។
ចំពោះបញ្ហានាំចេញនាំចូលកសិផលនៅច្រកព្រំដែនវិញ ត្រូវបានឯកឧត្តមបានបញ្ជាក់ថា «យើងដឹងហើយថា ការបិទនេះគឺបិទតែមនុស្សទេ អញ្ចឹងហើយបានជាយើងឲ្យមន្រ្តីរបស់យើង នៅតាមខេត្តជាប់ព្រំប្រទល់ដែន ជាពិសេសសម្តេចតេជោបានផ្តាំផ្ញើពីយប់មិញនេះ គឺថាឲ្យមន្ត្រីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ ជាពិសេស គឺខេត្តជាប់ព្រំប្រទល់ហ្នឹង គឺថា ឲ្យធ្វើការសម្របសម្រួលធម្មតា ធ្វើទំនាក់ទំនងធម្មតា ប៉ុន្តែគឺដាច់ខាត រឿងចរាចរណ៍មនុស្សហ្នឹងគឺទប់ស្កាត់ គឺវៀតណាមក៏ទប់ស្កាត់ យើងក៏ទប់ស្កាត់ដែរ អញ្ចឹងបើនិយាយរឿងផលិតផលកសិកម្ម អាចនៅចចារធម្មតា ហើយដូចខ្ញុំបានជម្រាបជូនអញ្ចឹង ខេត្ត០៣ តាកែវ កំពត និងព្រៃវែង ហាក់បីដូចជាទៅរលូនទេ នឹងតទៅមុនទៀត ប៉ុន្តែខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ ដែលបន្តការចចារ គឺវាអត់មានចែងនៅក្នុងលិខិត យើងកំពុងតែតាមដានត្រួតពិនិត្យទៅលើលិខិត ដែលប្រទេសនីមួយៗទប់ស្កាត់ គឺទប់តែមនុស្សទេ អញ្ចឹងកុំទាន់អាលព្រួយលើបញ្ហាហ្នឹង»។ដោយឡែកលោក ចាន់ សុផល អ្នកវិភាគសេដ្ខកិច្ចយល់ឃើញថា ការបិទច្រកព្រំដែនភ្លាមៗបែបនេះ គឺប៉ះពាល់ បើសិនជាបិទទាំងមនុស្សចរាចរណ៍ និងទំនិញ។
លោកបញ្ជាក់យ៉ាងដូច្នេះថា «ខាតទី១ គឺការនាំចេញទំនិញពីប្រទេសមួយទៅប្រទេសមួយ ហើយការនាំចូលហ្នឹងក៏ខាតដែរ ព្រោះយើងអាចខ្វះទំនិញប្រើប្រាស់ ទំនិញបរិភោគ។ ធម្មតា វាមិនអាចបិទរហូតទេ វាអាចនឹងបើកវិញនៅពេលណាមួយ បើសិនជាមួយខែ ពីរខែ អ្នកខ្លះអាចទុកទំនិញបាន ទំនិញខ្លះទុកអត់បានទៀត ឧទាហរណ៍ដូចស្វាយចឹង មិនអាចទុកបានទេ តែដូចជាម្រេច ដូចជាដំឡូងស្ងួត អាចទុកបាន កៅស៊ូអាចទុកបាន តែប្រជាកសិករខ្លះគាត់ត្រូវការចំណូលភ្លាមៗប្រមូលផលហើយគាត់ត្រូវការលុយ អញ្ចឹងគាត់មិនអាចទុកបានទេ អញ្ចឹងបើគាត់បង្ខំចិត្តលក់ គឺបានតម្លៃទាប បើគាត់នៅតែលក់ ចឹងគាត់អាចខាតចំណូល។ អញ្ចឹងដំណោះស្រាយ ប្រហែលអាចមានក្រុមការងារឬក៏ គម្រោងខាងវិស័យឯកជនក្តី ចាំទិញទុកសិនក្នុងតម្លៃសមរម្យ ប្រហែលអាចជួយដល់កសិករបាន»។
លិខិតប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទជាបណ្ដោះអាសន្នលែងឲ្យពលរដ្ឋវៀតណាមចូលមកប្រទេសកម្ពុជា តាមគ្រប់ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ចាប់ពីម៉ោង ២៣៖៥៩នាទីយប់ ថ្ងៃទី២០ ខែមីនា តទៅ ក្នុងគោលបំណងបញ្ចៀសនូវការលំបាកចំពោះពលរដ្ឋវៀតណាម ក៏ដូចជាពលរដ្ឋកម្ពុជា ដែលតម្រូវឲ្យបង្ខាំងខ្លួននៅដាច់ពីគេ ក្រោយពីធ្វើដំណើរពីកម្ពុជាចូលទៅវៀតណាម។
យោងតាមលិខិត របស់ក្រសួងការបរទេសកម្ពុជាដដែលនេះ បានបញ្ជាក់ថា «ការបិទការធ្វើដំណើរបណ្ដោះអាសន្នតាមច្រកព្រំដែនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសនេះ គឺស្ថិតក្នុងស្មារតីមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ទាក់ទងនឹងការការពារការរីករាលដាលនៃវីរុស Covid-19។» ជាមួយគ្នានេះ នៅក្នុងលិខិតរបស់ក្រសួងការបរទេសដដែលនេះ បានគូសបញ្ជាក់ដែរថា ភាគីកម្ពុជាស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរធ្វើការងាររួមគ្នា ដើម្បីសម្របសម្រួល និងធានាថា ការដឹកជញ្ជូនទំនិញ ឆ្លងកាត់ព្រំដែនរួម អាចអនុវត្តដោយគ្មានការរាំងស្ទះ៕