ចំនួនទឹកប្រាក់ត្រូវបង់សោធននិវត្តន៍សម្រាប់បុគ្គលិកនេះ គឺត្រូវបានបង្ហាញឡើង ស្របពេលដែលក្រុមហ៊ុន Thai Airways បានដាក់បញ្ជូនគ្នានូវផែនការស្ដារបំណុល ដែលចាំបាច់ត្រូវការកាត់បន្ថយប្រាក់ខែបុគ្គលិក និងការចំណាយផ្សេងៗទៀត ដើម្បីដាក់បញ្ជូនទៅកាន់តុលាការក្ស័យធនកណ្ដាលនៅថ្ងៃទី ១៧ ខែសីហានេះ។
ក្រុមហ៊ុននេះ ក៏បានតែងតាំងសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៦រូប ដើម្បីប្រតិបត្តិផែនការនេះផងដែរ។
បន្ទាប់ពី ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នាពេលថ្មីៗនេះ បានបាត់បង់នូវឋានៈជាក្រុមហ៊ុនសហគ្រាសរដ្ឋ នៅពេលដែលក្រសួងហិរញ្ញវត្ថុថៃ បានកាត់បន្ថយចំនួនភាគហ៊ុនរដ្ឋនៅក្នុងក្រុមហ៊ុនអាកាសចរណ៍នេះ មកនៅក្រោម៥០%។ ក្រោយពី អស់ឋានៈជាក្រុមហ៊ុនសហគ្រាសរដ្ឋ អាកាសចរណ៍ Thai Airways ក៏បានកាត់ផ្ដាច់ប្រព័ន្ធនៃការផ្ដល់ប្រាក់សោធននិវត្តិន៍របស់រដ្ឋាភិបាលសម្រាប់បុគ្គលិកក្រុមហ៊ុននេះផងដែរ។
យ៉ាងណាមិញ ការផ្ដល់ប្រាក់សោធននិវត្តន៍សម្រាប់បុគ្គលិកជាង១.៦០០នាក់នេះ គឺជាក្រុមបុគ្គលិកចុងក្រោយហើយ ដែលពួកគេទាំងនោះ បានមានកិច្ចសន្យាការងារជាមួយក្រុមហ៊ុន កាលពីអំឡុងពេលដែលក្រុមហ៊ុនអាកាសចរណ៍ថៃមួយនេះ នៅមានឋានៈជាក្រុមហ៊ុនសហគ្រាសរដ្ឋនៅឡើយ។
មានបុគ្គលិកសរុប១២៤នាក់នឹងត្រូវចូលនិវត្តន៍ជាចាំបាច់នៅចុងឆ្នាំនេះ ដោយក្រុមហ៊ុនអាកាសចរណ៍នេះ ត្រូវការត្រៀមប្រាក់សោធននិវត្តន៍ប្រមាណជិត១៣លានដុល្លារអាមេរិក សម្រាប់ពួកគេ។
ចំនួនបុគ្គលិកចូលនិវត្តន៍របស់ក្រុមហ៊ុននេះ នឹងបន្ដកើនឡើងរហូតដល់ឆ្នាំ២០២៥ ដែលមានដល់ទៅ ២១៧នាក់ ហើយក្រុមហ៊ុននេះ ត្រូវការចំណាយលើប្រាក់សោធននិវត្តន៍ដល់ពួកគេប្រមាណ២៣ លានដុល្លារអាមេរិក។ ហើយនៅឆ្នាំ២០២៦ ចំនួនបុគ្គលិកចូលនិវត្តន៍នឹងធ្លាក់ចុះមកនៅ ១៦៩នាក់ ដោយក្រុមហ៊ុនត្រូវការចំណាយជាង១៨លានដុល្លារអាមេរិក។ រហូតដល់ឆ្នាំ២០៣២ ដែលជាការការចំណាយសម្រាប់ប្រាក់សោធននិវត្តន៍នេះ ជាលើកចុងក្រោយ ដោយមានបុគ្គលិកចូលនិវត្តន៍ត្រឹមតែ ៣នាក់ប៉ុណ្ណោះ ត្រូវការចំណាយប្រាក់ប្រមាណជាង ៣២ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ។
ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា ក្រុមហ៊ុន Thai Airways ក៏បានបម្រុងទុកមូលនិធិក្នុងគណនីធនាគារសម្រាប់បង់ប្រាក់សោធននិវត្តន៍ទាំងនេះ ជូនដល់បុគ្គលិកសរុបជាង១.៦០០ នាក់នោះ ដើម្បីកុំឲ្យពួកគេបារម្ភថា ក្រុមហ៊ុនត្រូវអស់សាច់ប្រាក់ ដើម្បីបើកជូនពួកគេ៕