បើតាមកាសែតបាងកកប៉ុស្ដិ៍ បានរាយការណ៍ថា អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកស្រី Narumon Pinyosinwat បានបញ្ជាក់ថា គណៈកម្មាធិការគោលនយោបាយសហគ្រាសរដ្ឋ សម្រាប់សហគ្រាសរដ្ឋ បានព្រមព្រៀងថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នេះ គួរតែ ធ្វើការស្ដារនីតិសម្បទាអាជីវកម្មរបស់ខ្លួន។
រដ្ឋាភិបាលទូទាំងពិភពលោក បានលះបង់ថវិកាជាង ៨៥ ពាន់លានដុល្លារអាមេរិក ក្នុងការផ្គត់ផ្គង់ដល់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន បន្ទាប់ពីមេរោគកូវីដ-១៩ បានវាយប្រហារទៅលើតម្រូវការនៃការធ្វើដំណើរ។ ព្រំដែនរបស់ថៃ ក៏ត្រូវបានរឹតត្បិត ក្រោមស្ថានភាពប្រកាសអាសន្ន ក្នុងការទប់ស្កាត់នឹងការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ នៅក្នុងខែឧសភា ហើយជើងហោះហើរអន្តរជាតិភាគច្រើនបានហាមឃាត់រហូតដល់ចុងខែមិថុនា ប៉ុន្ដែ ជើងហោះហើរក្នុងស្រុកមួយចំនួន ក៏បានចាប់ផ្ដើមបើកដំណើរការឡើងវិញហើយដែរ។
ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways ដែលមានកាន់កាប់ចំណែកភាគហ៊ុនធំដោយក្រសួងហិរញ្ញវត្ថុថៃនោះ មានបំណុលមិនទាន់ទូទាត់សងប្រហែល ៩២ពាន់លានបាត ឬស្មើនឹងប្រមាណជិត ៣ពាន់លានដុល្លារអាមេរិក ហើយក្នុងនោះ មានប្រមាណ ៧៨% គឺជំពាក់វិនិយោគិនដែលបានទិញបណ្ណបំណុលរបស់ក្រុមហ៊ុននេះ។ នេះបើតាមទិន្នន័យដែលបង្ហាញដោយសារព័ត៌មាន Bloomberg។
ក្រុមហ៊ុន Tris Rating Co ដែលផ្នែកមួយនៃក្រុមហ៊ុនក្រុមហ៊ុន S&P Global Ratings បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួនថា ការដែលរដ្ឋាភិបាលកំពុងពិចារណាក្នុងការដាក់ពាក្យស្នើសុំប្រកាសក្ស័យធន ដើម្បីធ្វើការរៀបចំរចនាសម្ព័ន្ធឡើងវិញនេះ បានធ្វើឲ្យខូចនូវទំនុកចិត្តរបស់ក្រុមហ៊ុន និងថា សកម្មភាពចាំបាច់ពីសំណាក់រាជរដ្ឋាភិបាល នឹងត្រូវបានធ្វើឡើង ដើម្បីធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ អាចបំពេញកាតព្វកិច្ចបានទាន់ពេលវេលា។
លោក Thiti Tantikulanan អនុប្រធានប្រតិបត្តិជាន់ខ្ពស់ នៃគ្រុមហ៊ុន Kasikornbank Plc បាននិយាយក្នុងសិក្ខាសាលាមួយនាពេលថ្មីៗនេះថា ម្ចាស់មូលបត្របំណុលរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នឹងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត សម្រាប់ព័ត៌មានលម្អិតនៃផែនការស្ដារនីតិសម្បទានេះ។ លោកបន្ថែមថា ផលប៉ះពាល់មកលើទីផ្សារមូលបត្របំណុលជារួម នឹងត្រូវបានកំណត់ ព្រោះថា មានបណ្ណបំណុលភាគច្រើនបានលក់ចេញ ទៅកាន់ក្រុមហ៊ុនវិនិយោគិនដែលបានកំណត់។
ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ថៃ បានបង្ហាញពីការខាតបង់ប្រចាំឆ្នាំជារៀងរាល់ឆ្នាំ តាំងពីចាប់ផ្ដើមឡើងកាលពីឆ្នាំ២០១៣មក ពោលគឺក្រុមហ៊ុននេះ មានជួបបញ្ហាតាំងពីមុនពេលមានការផ្ទុះឡើងនៃមេរោគកូវីដ-១៩ទៅទៀត។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានធ្លាក់ចុះ ១៣% នៅក្នុងថ្ងៃចន្ទ ទី១៨ ខែឧសភានេះ ទៅដល់កម្រិតមួយទាបបំផុតក្នុងរយៈពេលជាង ១ខែមកនេះ។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះ មានការធ្លាក់ចុះជាង ៩០% ពីតម្លៃដែលធ្លាប់មានខ្ពស់បំផុតក្នុងឆ្នាំ១៩៩៩៕