ប្រទេសក្បែរខាងកម្ពុជាមួយនេះ ត្រូវបានធនាគារកណ្តាលរបស់ខ្លួន ព្រមទាំងស្ថាប័នរូបិយវត្ថុអន្តរជាតិនានាសុទ្ធតែបានព្យាករពីការធ្លាក់ចុះនៃ GDP ក្នុងស្រុកសរុបរួមទាំង ទំហំសេដ្ឋកិច្ចជារួម។
រដ្ឋាភិបាលថៃចាប់ពីពាក់កណ្តាលខែធ្នូ២០២០មក បានទម្លាក់កញ្ចប់ថវិកាជំនួយចំនួន ២១០ ពាន់លានបាតបន្ថែមឬស្មើនឹងជាង៧ពាន់លានដុល្លារអាមេរិក ដើម្បីទប់ទល់នឹងរលកឆ្លងកូវីដ១៩ដែលបាននឹងកំពុងរាលដាលខ្លាំងដោយមានអ្នកឆ្លងកើនឡើងសរុបដល់ទៅជាង១ម៉ឺន៦ពាន់នាក់ហើយ គិតមកទល់ពេលនេះ។
ថៃក៏ជាប្រទេសមួយដែលរំពឹងលើចំណូលពីវិស័យទេចរណ៍ខ្លាំងណាស់ដែរ ដោយកាលពីឆ្នាំ២០១៩កន្លងទៅ ថៃទាក់ទាញភ្ញៀវទេសចរបានចំនួនជាង ៤០លាននាក់ឯណោះ ខណៈ២០២០ ភ្ញៀវទេសចរដែលមកទស្សនានៅថៃបានដាំក្បាលចុះខ្លាំងមកនៅត្រឹម ៦លាននាក់ប៉ុណ្ណោះ។ ក្រសូងទេសចរណ៍ថៃក៏ប៉ាន់ប្រមាណដែរថា ឆ្នាំ២០២១អាចនឹងធ្លាក់ចុះបន្ថែមទៀតមកត្រឹម ៥លាននាក់។
កត្តានេះបានបណ្តាលឲ្យថៃបាត់បង់ចំណូលមួយភាគធំ ហើយថៃក៏នឹងត្រូវបង្កើនការចំណាយបន្ថែមទៀតក្នុងថវិកាជាតិឆ្នាំនេះ ក្នុងរង្វង់ជាង១៣៣ពាន់លានដុល្លារអាមេរិក។
សូមជម្រាបជូនថា នៅខែកុម្ភៈខាងមុខនេះ ប្រទេសថៃ នឹងលក់បណ្ណសន្សំរដ្ឋាភិបាលប្រមាណ ២ពាន់លានដុល្លារ ដើម្បីជួយដល់វិធានការជំរុញសេដ្ឋកិច្ច សំដៅដល់កាត់បន្ថយផលប៉ះពាល់ ដែលបណ្ដាលមកពីការផ្ទុះរាលដាលមេរោគកូវីដ-១៩៕