ថ្មីៗនេះ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានជួបជាមួយតំណាងសភាពាណិជ្ជកម្មថៃ សមាគមធនាគារថៃ និងក្រុមប្រឹក្សាទេសចរណ៍ថៃ និងបានកំណត់ពីតួនាទីជាក់លាក់ដែលវិស័យឯកជន នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដែលគ្រោងនឹងចាក់ឲ្យប្រជាជនឲ្យបាន ៧០% ក្នុងចំណោមប្រជាជនសរុប នៅត្រឹមដំណាច់ឆ្នាំនេះ ។
ក្រុមហ៊ុន CP Group របស់មហាសេដ្ឋីដ៏ល្បីល្បាញបំផុតមួយរូបនៅប្រទេសថៃ គឺលោក ថានិន ជរ៉ាវ៉ានុន្ទ និង VGI ស្ថិតក្នុងចំណោមក្រុមហ៊ុនធំៗ ដែលបានយល់ព្រមចូលរួមនៅក្នុងកម្មវិធីចាក់វ៉ាក់សាំងនេះ ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាល ។
ម្ចាស់ផ្សារទំនើប អគារអចលនទ្រព្យ និងឧទ្យានឧស្សាហកម្មធំៗ នឹងជួយផ្ដល់ទីតាំងសម្រាប់ធ្វើជាជំរំចាក់វ៉ាក់សាំង នៅពេលដែលប្រទេសថៃទទួលបានវ៉ាក់សាំងច្រើនថែមទៀតចាប់ពីខែមិថុនាទៅ ចំណែកឯក្រុមហ៊ុនផ្សេងៗទៀត នឹងជួយក្នុងកិច្ចការចែកចាយនិងឡូជីស្ទិក ការប្រាស្រ័យទាក់ទងជាមួយសាធារណជន និងការធ្វើលទ្ធកម្មទិញវ៉ាក់សាំងឲ្យបានច្រើនដូសថែមទៀត ។
ប្រធានសភាពាណិជ្ជកម្មថៃ បានសម្ដែងសុទិដ្ឋិនិយមថា ជាមួយនឹងផែនការចាក់វ៉ាក់សាំងនេះ គេសង្ឃឹមថា ប្រទេសថៃអាចបើកឡើងវិញនៅឆ្នាំក្រោយ ដើម្បីស្ដារសេដ្ឋកិច្ចទៅរកភាពធម្មតាវិញ ។ បើតាមការផ្សាយកន្លងមក រដ្ឋាភិបាលថៃមានផែនការបើកតំបន់ទេសចរណ៍កោះភូកេត ឡើងវិញ ដើម្បីទទួលភ្ញៀវទេសចរណ៍ដែលចាក់វ៉ាក់សាំងរួច ឲ្យចូលមកទស្សនាកម្សាន្ត ចាប់ពីខែកក្កដាខាងមុខនេះហើយ ។
ប្រទេសថៃហាក់មានការយឺតយ៉ាវនៅឡើយក្នុងការចាក់វ៉ាក់សាំងឲ្យប្រជាជនដើម្បីទប់ការរាលដាលនៃជំងឺកូវីដ-១៩ ដោយគិតមកដល់ពេលនេះ វ៉ាក់សាំងទើបតែ ១,៣លានដូសប៉ុណ្ណោះ ដែលបានចាក់ឲ្យប្រជាជនរួចរាល់ ដែលស្មើនឹង ១% នៃប្រជាជនសរុប ។ បច្ចុប្បន្ន រដ្ឋាភិបាលថៃកំពុងចរចាទិញវ៉ាក់សាំងបន្ថែម ដើម្បីឲ្យបានដល់ ១០០លានដូស នៅត្រឹមឆ្នាំនេះ ។
លោក ប្រាយុទ្ធ បានថ្លែងការពារការយឺតយ៉ាវនៃការចាក់វ៉ាក់សាំង ដោយនិយាយថា ក្នុងឆមាសទីមួយនៃឆ្នាំ២០២១នេះ គឺពុំមានវ៉ាក់សាំងគ្រប់គ្រាន់ទេ ។ លោកនាយករដ្ឋមន្ត្រីថៃបាននិយាយផងដែរថា ឥឡូវនេះ រដ្ឋាភិបាលថៃកំពុងធ្វើការជាមួយវិស័យឯកជនដើម្បីនាំចូលវ៉ាក់សាំងបន្ថែមទៀត ហើយកិច្ចប្រឹងប្រែងរួមគ្នាសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះ នឹងអាចឲ្យប្រទេសថៃបើកឡើងវិញពេញលេញ នៅដើមឆ្នាំក្រោយ ៕
(ប្រភព ៖ សារព័ត៌មាន ប៊្លូមប៊ើក)