អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ បានគូសបញ្ជាក់ថា ជើងហោះហើរអន្តរជាតិទាំងអស់ ដំបូងឡើយគ្រោងនឹងបើកដំណើរការឡើងវិញ នៅក្នុងដំណាច់ខែឧសភានេះ តែសម្រេចពន្យារពេលដល់ ដំណាច់ខែមិថុនា វិញ បើទោះបីជា ករណីឆ្លងមេរោគកូវីដ១៩ ស្ងប់ស្ងាត់ជាងមុនក៏ដោយ។
ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Thai Airways ក៏បានប្រកាសពន្យារពេលបើកជើងហោះហើរអន្តរជាតិរបស់ខ្លួន ហើយនឹងបន្តតាមដានស្ថានការណ៍ជាបន្តទៀត យ៉ាងណាក៏ដោយ ក្រុមហ៊ុន Thai Airways នៅតែដំណើរការជើងហោះហើរ ដែលនាំយក ជនជាតិថៃ ចូលមកក្នុងប្រទេស និងការដឹកជញ្ជូនចែកចាយ ទំនិញកសិកម្ម ជាដើម។
ក្រៅពីវិស័យអាកាសចរណ៍ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលថៃ ក៏បានអនុញ្ញាតឲ្យមាន ការបើកដំណើរការ ហាងទំនិញផ្សារទំនើប និងភោជនីយដ្ឋាន ឡើងវិញ បន្ទាប់ពី បញ្ហាមេរោគកូវីដ១៩ បានធូរស្បើយបន្តិចហើយរដ្ឋ រំពឹងថា វានឹងអាចជួយដល់ ការជម្រុញកំណើនសេដ្ឋកិច្ចឡើងវិញ ជាបណ្តើរៗ។
គួរជម្រាបដែរថា គិតត្រឹមថ្ងៃទី ២០ ខែឧសភានេះ ករណីឆ្លងមេរោគកូវីដ ១៩ នៅក្នុងប្រទេសថៃ បានកើនដល់ជាង ៣ពាន់ករណីហើយ ក្នុងនោះមានករណីស្លាប់ជាង ៥០ករណី ខណៈករណីព្យាបាលជាសះស្បើយមានជាង ២៨០០ករណី៕