ត្រូវបានស្រង់សម្ដីដោយការិយាល័យព័ត៌មានជាតិនៃប្រទេសថៃ លោក សូរិយា ចិន្ដាវង្ស មន្ត្រីនាយកដ្ឋានកិច្ចការអាស៊ាន បានលើកឡើងថា សម្រាប់ធ្វើជាប្រធានកិច្ចប្រជុំអាស៊ាននៅឆ្នាំនេះ ដែលនឹងធ្វើឡើង ក្នុងសប្ដាហ៍នេះ ប្រទេសថៃ បានត្រៀមរៀបចំខ្លួនរួចរាល់អស់ហើយ សម្រាប់ទទួលថ្នាក់ដឹកនាំប្រទេសអាស៊ាន និងអ្នកចូលរួមទាំងអស់។
លោកបន្តថា មេដឹកនាំនៃប្រទេសអាស៊ានទាំងអស់ នឹងចូលរួមជាមួយគ្នា ដើម្បីចែករំលែកចក្ខុវិស័យ នៃភាពជាដៃគូ សម្រាប់និរន្តរភាព កិច្ចសហប្រតិបត្តិការអាស៊ានចំពោះការបង្ការនិងកាត់បន្ថយគ្រោះមហន្ដរាយ និងការចុះ ហត្ថលេខាលើសេចក្ដីប្រកាស និងផែនការប្រតិបត្តិការ ដោះស្រាយបញ្ហាកាកសំណល់សមុទ្រ ក្របខណ្ឌស្ដីពីវប្បធម៌អាស៊ានឆ្នាំ២០១៩ និងការពិគ្រោះយោបល់ទាក់ទងនឹងកិច្ចការក្នុងតំបន់ឥណ្ឌូចិនជាដើម។
បន្ថែមពីនេះទៀត នៅថ្ងៃទី ២១-២២ មិថុនានេះដែរ ក៏មានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានពិសសមួយ នឹងត្រូវធ្វើឡើង ដើម្បីកំណត់ជំហរទៅវិញទៅមកសម្រាប់អាស៊ាន ទាក់ទងនឹងដំណើរការនៃភាពជាដៃគូសេដ្ឋកិច្ចថ្នាក់តំបន់ ដែលនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំនេះ។ មិនតែប៉ុណ្ណោះ ក៏មានការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរបស់អាស៊ានក្នុងសម័យឌីជីថល និងការលើកកម្ពុស់បច្ចេកវិទ្យាឌីជីថល នៅក្នុងអាជីវកម្ម និងការតភ្ជាប់ប្រព័ន្ធគយអេឡិចត្រូនិកតែមួយ របស់ប្រទេសអាស៊ានទាំង១០ផងដែរ។
កាសែតបាងកកប៉ុស្ដិ៍ បានស្រង់សម្ដី លោកស្រី Auramon Supthaweethum អគ្គនាយក នៃនាយកដ្ឋានចរចាពាណិជ្ជកម្ម បានឲ្យដឹងថា ក៏អាចនឹងមានការចរចាបន្ថែម ទាក់ទងនឹងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ផងដែរ ខណៈមេដឹកនាំប្រទេសអាស៊ាន រំពឹងថា កិច្ចព្រមព្រៀងនឹងអាចនឹងត្រូវបានបញ្ចប់ការចរចានៅចុងឆ្នាំនេះ។
លោកស្រី Auramon បញ្ជាក់ថា នឹងមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដើម្បីបញ្ជាក់ពីជំហររួមមួយ សម្រាប់អាស៊ាននៅក្នុងការចរចា។
កិច្ចព្រមព្រៀង RCEP នេះ គឺដើមឡើយគឺមានប្រទេសចំនួន ១៦ ដូចជា ចិណ ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និងញ៉ូស័រឡែន រួមទាំងប្រទេសអាស៊ាន ទាំង ១០ ផងដែរ ដែលគេធ្លាប់កំណត់ថា នឹងបញ្ចប់ការចរចានៅឆ្នាំ២០១៥។ ប៉ុន្ដែ ការចរចានេះ មិនបានបញ្ចប់តាមការគ្រោងទុកនោះទេ ដោយវាបានអូសបន្លាយមកដល់បច្ចុប្បន្ន ដោយសារតែ ខ្វែងគំនិតគ្នា លើការនាំចេញនាំចូលទំនិញចូលទីផ្សារ ពិសេស គឺប្រទេសឥណ្ឌា និងចិនតែម្ដង។
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរបស់ថៃ ជាមួយប្រទេសអាស៊ានកាលពីឆ្នាំ២០១៨ សម្រេចបានទំហំទឹកប្រាក់ ប្រមាណ ១០០ ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើងជាង ១០% ធៀបនឹងឆ្នាំ២០១៧។ ក្នុងនោះ ការនាំចេញរបស់ថៃ ទៅប្រទេសអាស៊ានមានតម្លៃទឹកប្រាក់ប្រមាណ ៦០ ពាន់លានដុល្លារអាមេរិក ខណៈដែលប្រទេសអាស៊ាននាំចូលទៅថៃវិញ មានជាង ៤០ ពាន់លានដុល្លារអាមេរិក។
ផលិតផលដែលថៃ នាំចេញភាគច្រើន គឺមានដូចជា យានយន្ដ និងគ្រឿងបង្គុំយានយន្ដ ប្រេងច្រមាញ់រួច ផលិតគីមី និងគ្រឿងម៉ាស៊ីន ខណៈការនាំចូលវិញ មានដូចជាប្រេងឆៅ កុំព្យូរទ័រ និងគ្រឿងបង្គុំផ្សេងៗទៀត។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៣ កាលពីឆ្នាំ២០១៨ គឺបានធ្វើឡើងនៅប្រទេសសិង្ហបុរី។ ដោយឡែក ចំពោះកម្ពុជាវិញ ក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននេះ ពីរលើករួចមក ហើយដែរ ដោយកាលពីកិច្ចប្រជុំលើកទី១ធ្វើនៅឆ្នាំ២០០២ និងលើកទី២ នៅឆ្នាំ២០១២ ហើយការ កិច្ចប្រជុំកំពូលអាស៊ានទាំងពីរលើកដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ គឺសុទ្ធតែធ្វើឡើងនៅរាជធានីភ្នំពេញ។ ប៉ុន្ដែ នៅឆ្នាំ២០២២ ខាងមុខនេះ កម្ពុជានឹងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ជាថ្មីម្ដងទៀត ដែលត្រៀមនឹងធ្វើនៅខេត្តព្រះសីហនុ។
គួរចាប់អារម្មណ៍ដែរថា រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីនេះ ក៏បាននិងកំពុងជំរុញឲ្យក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ត្រូវធ្វើយ៉ាងណា ត្រូវបញ្ចប់គម្រោងពង្រីកផ្លូវរត់យន្ដហោះរបស់ខ្លួនបន្ថែម ឲ្យបានចប់សព្វគ្រប់នៅ មុនឆ្នាំ២០២២ ដើម្បីអាចមានសមត្ថភាពគ្រប់គ្រាន់ ត្រៀមចាំទទួលយន្ដហោះខ្នាតធំៗរបស់ថ្នាក់ដឹកនាំកំពូលៗដែលនឹងអញ្ចើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ ២០២២ ខាងមុខនេះផងដែរ៕