អ្នក​ណា​មិន​ចង់​រីករាយ?

ទម្លាប់​ប្រចាំ​ថ្ងៃ​សាមញ្ញៗ​១០​យ៉ាង​ដែល​ជួយ​ឲ្យ​អ្នក​រីករាយ​ជាង​មុន!


មិន​ថា​អ្នក​មាន អ្នកក្រ បុគ្គលិក សេដ្ឋី មន្រ្តី ស្តេច ឬ​នរណា​ក៏​ដោយ​ តែង​ចង់​សប្បាយ​រីករាយ​ចិត្ត​ដូចៗ​គ្នា។ អ្នក​ខ្លះ​គាត់​គិត​ថា ពេល​មាន​លុយ​ចាយ​គ្រប់​គ្រាន់​ហើយ គឺ​សប្បាយ​រីករាយ រីឯ​អ្នក​ខ្លះ​គិត​ថា មាន​ត្រឹមតែ​​​ល្មម​​រស់​​ក៏បាន​ដែរ សំខាន់​ឲ្យ​តែ​មាន​អ្នក​យល់​ចិត្ត ។ល។
ទម្លាប់សាមញ្ញៗ​ទាំង​១០ ដែល​ជួយ​អ្នក​ឲ្យ​រីករាយ​ជាង​មុន។
ដោយ

វា​ជា​ការ​ពិត​ដែល​សុភមង្គល​របស់​មនុស្ស​ម្នាក់ៗ ជា​ប្រធាន​បទ​នៃ​ការ​ពិភាក្សា​នានា ហើយ​វា​ក៏​ជា​ធាតុ​ផ្សំ​សាកល​មួយ​សម្រាប់​ជីវិត​មនុស្ស​យើង​ម្នាក់ៗ។ តាម​ការ​ពិត​ទៅ មាន​ទម្លាប់​ខ្លះ​ដែល​អាច​ជួយ​មនុស្ស​គ្រប់​គ្នា​បាន នៅ​ពេល​ដែល​យើង​ធ្វើ​វា​ឲ្យ​ធ្លាប់​ជា​ប្រចាំ​ទៅ​ហើយ​នោះ វា​នឹង​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ថ្លា រីករាយ​ជាង​មុន មិន​ថា​អ្នក​ជា​នរណា​នោះ​ទេ។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ និង​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​សហគ្រិនភាព។ 

ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​ទាំង​១០ ដែល​ជួយ​អ្នក​ឲ្យ​ស្រស់​ថ្លា និង​រីករាយ​ជាង​មុន៖

១. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន 

នេះ​គឺ​ជា​ទម្លាប់​ដ៏​សាមញ្ញ​បំផុត​ហើយ​នរណាៗ​ក៏​អាច​ធ្វើ​បាន។ ក្រោក​ពី​គេង​ ញ៉ាំ​ទឹក​មួយ​កែវ ហើយ​បន្ត​ញ៉ាំ​នៅ​​រៀងរាល់​មួយ​ម៉ោង​ម្តង នឹង​ជួយ​ឲ្យ​កម្រិត​ជាតិ​ទឹក​ក្នុង​ខ្លួន​របស់​យើង​ខ្ពស់។ តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា អ្នក​ដែល​មាន​កម្រិត​ជាតិ​ទឹក​ខ្ពស់ មាន​ភាព​រហ័ស​រហួន ឋាមពល និង​គំនិត​បែប​វិជ្ជមាន​ច្រើន​ជាង​អ្នក​ដែល​មិន​ញ៉ាំ​ទឹក​ច្រើន។

២. ការ​ធ្វើ​សមាធិ 

តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ការ​ធ្វើ​សមាធិ​ជា​ប្រចាំ​ថ្ងៃ នឹង​បង្កើន​គំនិត​បែប​វិជ្ជមាន ការ​ពេញ​ចិត្ត​ជាមួយ​នឹង​ជីវិត​ខ្លួន​ឯង និង​កាត់​បន្ថយ​ការ​ធ្លាក់​ទឹក​ចិត្ត​នានា។ នៅ​ពេល​ដែល​យើង​រៀន​ពី​ការ​គ្រប់គ្រង​ខ្យល់​ដង្ហើម​របស់​យើង វា​នឹង​បង្រៀន​ឲ្យ​យើង​រៀន​ពី​របៀប​គ្រប់គ្រង​បញ្ហា​ថប់​អារម្មណ៍ និង​ចិត្ត​ជ្រួល​ច្របល់​ផង​ដែរ។ នា​ពេល​បច្ចុប្បន្ន​នេះ មិន​មាន​ការ​លំបាក​ទេ​ក្នុង​ការ​ហ្វឹក​ហាត់​ការ​ធ្វើ​សមាធិ​នោះ នៅ​តាម​ប្រព័ន្ធ​អ៊ិនថឹណិត និង​ទូរស័ព្ទ​ដៃ​របស់​យើង មាន​កម្មវិធី​ជា​ច្រើន​សម្រាប់​ណែនាំ​ពី​ការ​ធ្វើ​សមាធិ។ 

៣. គេង​ឲ្យ​ឆ្អែត 

កាល​ពី​យើង​នៅ​ក្មេង ម្តាយ​របស់​យើង​តែងតែ​ប្រាប់​ឲ្យ​យើង​គេង​ឲ្យ​ឆ្អែត ហើយ​នា​ពេល​នេះ ការ​ស្រាវជ្រាវ​ក៏​បាន​ប្រាប់​ដូច្នោះ​ទៀត។ បើ​សិន​ជា​យើង​ចង់​មាន​អារម្មណ៍​ស្រស់​ថ្លា និង​រីករាយ​ជាង​មុន ចាំបាច់​ត្រូវ​គេង​ឲ្យ​​ឆ្អែត ដោយ​យ៉ាង​ហោច​ណាស់ ៧​ម៉ោង​ក្នុង​មួយ​យប់។

៤. ការ​ហាត់​ប្រាណ 

ការ​ហាត់​ប្រាណ​ជា​ប្រចាំ​មិន​ត្រឹម​តែ​ជួយ​ពង្រឹង​រាងកាយ​តែ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ពង្រឹង​ផ្នែក​អារម្មណ៍​ថែម​ទៀត។ ការ​ពិត​ទៅ គ្រាន់​តែ​ចំណាយ​ពេល​២០​នាទី​ដើរ​ឲ្យ​បែក​ញើស​ក្នុង​មួយ​ថ្ងៃ យើង​នឹង​ឃើញ​ប្រសិទ្ធភាព​​ភ្លាមៗ។ មិន​ថា អ្នក​ធ្វើ​អ្វី​ទេ ហាត់​កីឡា​ប្រភេទ​ណា​នោះ​ទេ សំខាន់​ឲ្យ​រាងកាយ​របស់​យើង​បាន​បញ្ចេញ​ឋាមពល ញើស និង​ជាតិ​ពុល នោះ​អារម្មណ៍​របស់​យើង​នឹង​ស្រស់​ថ្លា ហើយ​សប្បាយ​រីករាយ​ជាង​មុន។ 

៥. ការ​រៀន​សូត្រ 

ការចំណាយ​ពេល​វេលា​ខ្លះ​រៀនសូត្រ​បន្ថែម​ក៏​អាច​ជួយ​ឲ្យ​យើង​មាន​សុភមង្គល​ផង​ដែរ។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា ការ​ចង់​ចេះ​ចង់​ដឹង និង​ស្វះស្វែង​រៀនសូត្រ​អំពី​អ្វី​ដែល​ថ្មីៗ នឹង​ជួយ​បង្កើន​សុភមង្គល ​និង​សុច្ឆន្ទៈ​របស់​យើង។ 

៦. ការ​បង្រៀន 

ការ​រៀន​សូត្រ​បន្ថែម​ជួយ​ឲ្យ​យើង​សប្បាយ​ចិត្ត តែ​ការ​បង្រៀន​វិញ​ក៏​ជួយ​ឲ្យ​យើង​សប្បាយ​ដូច​គ្នា​ដែរ។ ការ​បង្រៀន​នរណា​ម្នាក់​អំពី​អ្វី​ក៏​ដោយ វា​នឹង​ជួយ​ជំរុញ​យើង​ឲ្យ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង និង​សុភមង្គល​កាន់​តែ​ច្រើន​ឡើង។ ការ​បង្រៀន​នេះ​អាច​ធ្វើ​ឡើង​ជា​លក្ខណៈ​ឯកជន ស្ម័គ្រចិត្ត ឬ​សហគមន៍ ដែល​វា​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​សប្បាយ​ចិត្ត​និងមោទនភាព​ចំពោះ​ការ​បង្រៀន​របស់​យើង​ទៅ​ដល់​ពួកគេ។

៧. ការ​ប្រើ​តែ​ពាក្យ​វិជ្ជមាន 

តាម​ការ​ស្រាវជ្រាវ​របស់​សាកល​វិទ្យាល័យ​ផែនស៊ីវ៉ានៀ សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​ថា ការ​ប្រើប្រាស់​ពាក្យ​វិជ្ជមាន​តែ​៣​ឃ្លា​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ យុវជន​២​ភាគ​៣ មាន​អារម្មណ៍​សប្បាយ​រីករាយ​និង​ពេញចិត្ត។ ការ​​ប្រើប្រាស់​ពាក្យ​វិជ្ជមាន ឬ​គិត​បែប​វិជ្ជមាន​ជាមួយ​អ្នក​ដទៃ វា​នឹង​ជួយ​ឲ្យ​យើង​ទាំង​អស់​គ្នា​មាន​អារម្មណ៍​ល្អ និង​ស្រស់​ថ្លា​ជាង​មុន។ 

៨. បង្កើត​ចំណង់​ចំណូល​ចិត្ត​ធ្វើ​ប្រចាំ​ថ្ងៃ 

ការសិក្សា​នា​ពេល​ថ្មីៗ​នេះ បង្ហាញ​ថា មនុស្ស​ដែល​ឲ្យ​តម្លៃ​ទៅ​លើ​ចំណង់​ចំណូល​ចិត្ត​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ច្រើន​ជាង​ការងារ​មុខ​របរ​របស់​ខ្លួន មាន​កម្រិត​សុភមង្គល​ខ្ពស់​ជាង។ ប្រសិន​បើ​យើង​បង្កើន​ចំណង់​ចំណូល​ចិត្ត​​របស់​ខ្លួន ជាង​ការ​ចំណាយ​ឋាមពល​លើស​លប់​ទៅ​លើ​ការ​រក​លុយ យើង​នឹង​មាន​អារម្មណ៍​វិជ្ជមាន​ក្នុង​ជីវិត​ទូទៅ។

៩. មិន​មាន​គំនិត​អាត្មា​និយម 

ការ​សិក្សា​ក៏​បាន​បង្ហាញ​ដែរ​ថា ៧៨%​នៃ​មនុស្ស​ដែល​បាន​ចំណាយ​ពេល​ជួយ​អ្នក​ដទៃ​មិន​ថា រូបភាព​ណា​នោះ​ទេ ការ​ពិត​ទៅ​ គឺ​ជួយ​បង្កើន​កម្រិត​សុភមង្គល​របស់​ខ្លួន​ឯង។ ជា​ទូទៅ នៅ​ពេល​ដែល​យើង​ប្រកាន់​នូវ​មេត្តា ករុណាធម៌ ទៅ​កាន់​អ្នក​ដទៃ ពួក​គេ​សប្បាយ​ចិត្ត ហើយ​យើង​ក៏​សប្បាយ​ចិត្ត​ផង​ដែរ។ 

១០. ដក​ខ្លួន​មួយ​រយៈ​ពី​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​នានា 

ការ​ចំណាយ​ពេល​តិច​បំផុត​ក្នុង​មួយ​ថ្ងៃៗ​ទៅ​លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម នឹង​ជួយ​ឲ្យ​យើង​មាន​សភាព​ចិត្ត​ប្រសើរ​ជាង​មុន។ នៅ​ពេល​ដែល​យើង​ដក​ខ្លួន​ពី​ប្រព័ន្ធ​ទាំង​នោះ វា​ប្រៀប​បាន​ជា​យើង​ដក​ខ្លួន​លែង​ដឹង​លែង​ឮ​ពី​បញ្ហា​អវិជ្ជមាន​នៅ​ក្នុង​សង្គម​នានា​ផង​ដែរ អ៊ីចឹង​កម្រិត​នៃ​ការ​ព្រួយ​បារម្ភ ខ្វល់ខ្វាយ និង​ថប់​អារម្មណ៍ គឺ​មាន​ការ​ថយចុះ៕

None



អត្ថបទបន្ទាប់


ឧកញ៉ា​មហា​សេដ្ឋី​​ដែល​មាន​សកម្មភាព​មុខ​ជំនួញ​លេច​ធ្លោ​ខ្លាំង​​ក្នុង​ឆ្នាំ​២០១៧!

សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស ដែល​ផ្តោត​សំខាន់​ទៅ​លើ​ព័ត៌មាន​សេដ្ឋកិច្ច ពាណិជ្ជ​កម្ម អ្នក​ជំនួញ​ជោគជ័យ ធុរជន​ល្បីៗ ស៊ី​ជម្រៅ​នៅ​…

នាយក​រដ្ឋមន្ត្រី​នឹង​ចុះ​សួរ​សុខទុក្ខ​កម្មករ​កម្មការិនី​រោងចក្រ​រៀងរាល់​សប្ដាហ៍

នេះ​អាច​ជា​ដំណឹង​ល្អ​សម្រាប់កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ និង​សហគ្រាស​នានា! នាយក​រដ្ឋមន្ត្រី​ សម្ដេច​តេជោ ហ៊ុន សែន ប្រកាសថា លោក​នឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ