ប្រធានាធិបតីមីយ៉ាន់ម៉ា ដែលមានការគាំទ្រពីក្រោយដោយរបបសឹក បានព្រមានកាលពីសប្តាហ៍មុនថា ប្រទេសមីយ៉ាន់ម៉ាអាចប្រឈមនឹងការបំបែករដ្ឋ ប្រសិនបើរដ្ឋាភិបាលយោធាមិនអាចទប់ទល់នឹងកងកម្លាំងបះបោរបានទេនោះ។
ចាប់តាំងពីចុងខែតុលា មក កងកម្លាំងជនជាតិភាគតិចបះបោរប្រឆាំងនឹងយោធាចំនួនបីក្រុមបានបើកការវាយលុកជាបន្តបន្ទាប់ និងដណ្តើមបានទីប្រជុំជន និងប៉ុស្តិ៍យោធាជាច្រើនកន្លែងពីរបបសឹក។ ក្រុមមួយក្នុងចំណោមបី ដែលមានឈ្មោះ កងទ័ព អារ៉ាក់ខាន់ (Arakan) ដែលកំពុងប្រយុទ្ធ ដើម្បីស្វ័យភាពក្នុងរដ្ឋរ៉ាឃីន ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា បានដណ្តើមយកប៉ុស្តិ៍យោធានៅតំបន់ Rathedaung និង Minbya ចម្ងាយប្រហែល២០០គីឡូម៉ែត្រពីគ្នា។
នេះបើតាមការឱ្យដឹងដោយអ្នកនាំពាក្យនៃកងកម្លាំងនេះ។ ប្រជាពលរដ្ឋម្នាក់នៅខេត្ត Rathedaung បាននិយាយថា គេបានលឺស្នូរកាំភ្លើងនៅព្រឹកព្រលឹមថ្ងៃចន្ទ អមដោយការទម្លាក់គ្រាប់បែកជាច្រើនម៉ោង និងឃើញកងទ័ពរបបយោធាបានបិទផ្លូវចូលក្នុងតំបន់ និងពង្រឹងអគាររដ្ឋបាល។
ទន្ទឹមគ្នានេះ ការប្រយុទ្ធគ្នាក៏បានផ្ទុះឡើងដែរនៅក្នុងរដ្ឋ Chin ដែលមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា នៅពេលដែលក្រុមបះបោរបានវាយប្រហារជំរុំយោធាចំនួនពីរកន្លែង។ នេះបើយោងតាមប្រភពពីមន្ត្រីឥណ្ឌា។
ហើយប្រជាជនមីយ៉ាន់ម៉ា ប្រមាណ៥ពាន់នាក់បានឆ្លងព្រំដែនចូលទៅក្នុងទឹកដីនៃរដ្ឋ Mizoram របស់ឥណ្ឌា ដើម្បីរកកន្លែងសុវត្តិភាពជ្រកកោន។ នេះបើតាមការឱ្យដឹងដោយស្នងការរងនៃស្រុកមួយរបស់ឥណ្ឌា នៅជាប់ព្រំដែនមីយ៉ាន់ម៉ា។ ទោះយ៉ាងណា អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាមិនបានឆ្លើយតបភ្លាមៗចំពោះការស្នើសុំបំភ្លឺបន្ថែមទេជុំវិញរឿងនេះ។
គួរជម្រាបថា ការវាយលុកប្រឆាំងរបបយោធាជាបន្តបន្ទាប់របស់ក្រុមជនជាតិភាគតិច ដែលបានចាប់ ផ្តើម កាលថ្ងៃទី២៧ ខែតុលា មកទល់ពេលនេះត្រូវបានរាយការណ៍ថា ពួកគេបានដណ្តើមកាន់កាប់ទីប្រជុំជន និងប៉ុស្តិ៍យោធាជាង១០០កន្លែងពីដៃយោធានៅក្នុងរដ្ឋសាន ភាគឦសាននៃប្រទេស។ ការវាយលុកនៅកណ្តាលទីក្រុងក្នុងតំបន់ Sagaing ក៏បានកើតឡើងដែរ ដោយតំបន់នេះឋិតនៅកណ្តាលប្រទេសមីយ៉ាន់ម៉ាតែម្តង។
ទន្ទឹមគ្នានេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានចុះផ្សាយថា អាជ្ញាធររបបយោធា បានសម្រេចដាក់ចេញបម្រាមគោចរលើទីក្រុង Sittwe ភាគខាងលិចនៃប្រទេស ដោយហាមប្រាមប្រជាជនមិនឱ្យចេញធ្វើដំណើរចាប់ពីម៉ោង៩យប់។
មែនទែនទៅ របបយោធាកំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំបំផុតចាប់តាំងពីរដ្ឋប្រហារ ឆ្នាំ២០២១ មក បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់បែបនេះពីសំណាក់ក្រុមបះបោរប្រឆាំង និងកម្សោយនៃការទប់ទល់។
នៅសប្តាហ៍មុន ប្រធានាធិបតីប្រទេសនេះគឺលោក Myint Swe បាននិយាយព្រមានថា ប្រសិនបើរដ្ឋាភិបាលមិនមានប្រសិទ្ធភាពទប់ទល់ការវាយសម្រុកដោយក្រុមភេរវកម្មទាំងនោះបានទេ នោះមីយ៉ាន់ម៉ានឹងត្រូវបែកជាចំណែកៗមិនខានឡើយ៕