បើតាមការចុះផ្សាយដោយសារព័ត៌មានចិន South China Morning Post បានស្រង់របាយការណ៍ថ្មីមួយរបស់ក្រសួងការបរទេសអាមេរិកដែលមានឈ្មោះថា Limits in the Seas ដែលរៀបរៀងយោងទៅតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ដោយក្នុងនោះ សហរដ្ឋអាមេរិកបានច្រានចោលការទាមទារភាគច្រើនរបស់ចិន ក្នុងដែនសមុទ្រចិនខាងត្បូង ហើយរិះគន់ចិនថា បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ច្បាប់នៅក្នុងមហាសមុទ្រ និងខូចខាតដល់វិធានសកលជាច្រើនផ្សេងទៀត នៃច្បាប់អន្តរជាតិ ដែលមានចែងក្នុងសន្ធិសញ្ញាអង្គការសហប្រជាជាតិ។
គួរកត់សម្គាល់ថា របាយការណ៍ថ្មីរបស់អាមេរិកធ្លាក់មកចំពេលដែលភាពតានតឹងកំពុងកើតមានកាន់តែខ្លាំងរវាងចិន និងប្រទេសជាគូរប្រជែងរបស់ចិនក្នុងតំបន់សមុទ្រចិនខាងត្បូងនិងខាងកើត ។ សេចក្តីរាយការណ៍ចុងក្រោយបំផុតបានឲ្យដឹងថា ប្រទេសជប៉ុនបានបង្កើនការធ្វើនាវាល្បាតនៅក្បែរប្រជុំកោះកំពុងមានជម្លោះ គឺប្រជុំកោះស្ព្រេតលី ដែលចិនបានទាមទារថា ជាកម្មសិទ្ធិរបស់ខ្លួន តាមរយៈហេតុផលប្រវត្តិសាស្ត្រ។ប៉ុន្តែសម្រាប់អាមេរិក ការយកប្រវត្តិសាស្ត្រមកជាសំអាង ដើម្បីបានគ្រប់គ្រងតំបន់ណាមួយក្នុងដែនសមុទ្រគឺជាទង្វើខុសច្បាប់។ យ៉ាងណាមិញ ក្នុងពេលកន្លងមកចិន បានប្រើប្រាស់ហេតុផលប្រវត្តិសាស្ត្រនេះ ដើម្បីគូសវាសព័ទ្ធយកស្ទើរតែជាង៨០%ទៅហើយ នៃដែនសមុទ្រចិនខាងត្បូង ដោយរួមបញ្ចូលទាំងតំបន់កោះស្ព្រេតលី និងបានលាតសន្ធឹងដល់ទៅ២ពាន់គីឡូម៉ែត្រ ពីចិនដីគោក រហូតទៅដល់ដែនទឹកនៅជិតប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ជាមួយនឹងការប្រើប្រាស់បន្ទាត់គូសចំនួន ៩ចំណុច (9 dashline)។
ភាគីចិននៅថ្ងៃព្រហស្បតិ៍ទី១៣មករា បានចេញមកការពារការទាមទាររបស់ខ្លួនទៅលើតំបន់សមុទ្រចិនខាងត្បូង ហើយបានរិះគន់របាយការណ៍របស់អាមេរិកខ្លាំងៗផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ីន បានហៅរបាយការណ៍ថ្មីរបស់ក្រសួងការបរទេសអាមេរិកថាជា ការប៉ុនប៉ងបំភ្លៃច្បាប់អន្តរជាតិ បំភ័ន្តសាធារណមតិ សាបព្រួសជម្លោះ និងចង់កកូរកកាយស្ថានការណ៍នៅក្នុងតំបន់។
លោកបន្តថា ប្រាកដណាស់ចិនមានសិទ្ធិប្រវត្តិសាស្ត្រ អធិបតេយ្យភាព និងសិទ្ធិទទួលបានផលប្រយោជន៍ដែលពាក់ព័ន្ធនៅសមុទ្រចិនខាងត្បូង ដែលត្រូវបានបង្កើតឡើងក្នុងប្រវត្តិសាស្ត្រតាំងពីយូរលង់ណាស់មកហើយ និងស្របទៅតាមច្បាប់អន្តរជាតិផងដែរ៕