ប្រធានបទចិន-អាមេរិកបានទាក់ទាញការចាប់អារម្មណ៍ជាច្រើនពីសាធារណជនក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដូច្នេះ ខេមបូណូមីស សូមនាំលោកអ្នកនាងមកក្រឡេកមើលយ៉ាងលម្អិតអំពីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់មហាអំណាចទាំងពីរ ដែលផ្ដល់មកឲ្យប្រទេសអាស៊ីដ៏តូចមួយនេះ។
ចិនមានចំនួនគម្រោងតិចជាងសហរដ្ឋអាមេរិក ប៉ុន្តែ ចំនួនទឹកប្រាក់វិញ គឺមានចំនួនច្រើនជាង ដោយសារតែគម្រោងនីមួយៗរបស់ទីក្រុងប៉េកាំងផ្តល់ដល់កម្ពុជា មានលក្ខណ:ជាទ្រង់ទ្រាយធំៗ។
យោងតាមឯកសាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ ចិនមានគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ចំនួនតែ ២៧ទេ បើប្រៀបធៀបនឹងសហរដ្ឋអាមេរិក ដែលមានគម្រោងដល់ទៅចំនួន ១៦៨គម្រោង។
គម្រោងទាំង២៧របស់ចិននោះ មានលក្ខណ:ជាគម្រោងធន់ធ្ងន់ដែលមានដូចជា កសាងផ្លូវជាតិ កសាងទំនប់ទឹក ប្រឆាំងភេរវកម្ម កែលម្អមធ្យោបាយធ្វើដំណើរសាធារណៈ គ្រប់គ្រងទឹកជំនន់ ប្រព័ន្ធធារាសាស្រ្ត ពហុកីឡដ្ឋានជាតិ ស្ពាន និងអគ្គិសនី ជាដើម។
ចំណែកសហរដ្ឋអាមេរិក ដែលមានដល់ទៅដល់ ១៦៨គម្រោង បានផ្តោតលើវិស័យកសិកម្ម ជំនួយពង្រឹងការអានអក្សរសម្រាប់ក្មេងៗ វិទ្យាសាស្រ្ត កម្មវិធីយុវជន ប្រឆាំងការជួញដូរមនុស្ស អភិរក្សសត្វដំរីនិងសត្វជិតផុតពូជផ្សេងទៀត ធនាគារ រោងចក្រកាត់ដេរ សង្គមស៊ីវិល កំណែទម្រង់ ប្រជាធិបតេយ្យ ការអង្កេតការបោះឆ្នោត និងកម្មវិធីប្រឆាំងពលកម្មកុមារ ជាដើម។
យោងតាមតួលេខដដែល ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ពីប្រទេសចិន មានដូចតទៅ៖
- ឆ្នាំ២០១៤ មានចំនួន ៣៤៧,៧៨៩,៧៦៤ដុល្លារ
- ឆ្នាំ២០១៥ មានចំនួន ៣៣៩,៣៨៥,០៩៧ដុល្លារ
- ឆ្នាំ២០១៦ មានចំនួន ២៦៥,៣១៣,៦២៨ដុល្លារ
- សម្រាប់ឆ្នាំ២០១៧ ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ឯកសារបង្ហាញថា ចិននឹងផ្តល់ជំនួយមួយឆ្នាំៗ ចំនួន ២២៣,០៩៣,៧៧៦ដុល្លារ។
ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ពីសហរដ្ឋអាមេរិក មានដូចខាងក្រោម៖
- ឆ្នាំ២០១៤ មានចំនួន ៩១,៦០៥,៩២៤ដុល្លារ
- ឆ្នាំ២០១៥ មានចំនួន ១០០,៩៦៥,៨៥៩ដុល្លារ
- ២០១៦ មានចំនួន ៧១,០៩៨,២៧១ដុល្លារ
- សម្រាប់ឆ្នាំ២០១៧ ឆ្នាំ២០១៨ និងឆ្នាំ២០១៩ វិញ ឯកសារបានបង្ហាញថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយចំនួន ៧៦,០៣១,០៨០ដុល្លារសម្រាប់ឆ្នាំនីមួយៗ៕