សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ លោក Ted S. Yoho បាននិយាយក្នុងសេចក្តីថ្លែងការណ៍ បន្ទាប់ពីការអនុម័តរួចមកថា សេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជានេះ ត្រូវឆ្លងកាត់ព្រឹទ្ធសភាអាមេរិក ផងដែរ។
លោក Ted S. Yoho បាននិយាយដូច្នេះថា ៖ «ថ្ងៃនេះ សភាបានអនុម័តច្បាប់ប្រជាធិបតេយ្យនៅកម្ពុជា ឆ្នាំ២០១៩ ដែលខ្ញុំបានស្នើឡើងកាលពីខែមេសា។ ច្បាប់ដ៏សំខាន់និងអនុម័តដោយគណបក្សទាំង២នេះ នឹងដាក់ទណ្ឌកម្ម តាមរយៈការរាំងខ្ទប់ទ្រព្យសម្បត្តិរបស់រដ្ឋាភិបាល ក្រុមមន្ត្រីយោធាឬសន្តិសុខ ដែលបានធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឬក៏បានប្រព្រឹត្តបទល្មើសទាក់ទងនឹងសិទ្ធិមនុស្ស។»
លោក Ted S. Yoho បានសង្ឃឹមថា ព្រឹទ្ធសភាអាមេរិកនឹងអនុម័តច្បាប់ផងដែរ ដើម្បីឲ្យវាក្លាយទៅជាច្បាប់។
សេចក្តីថ្លែងការណ៍នេះ មិនបាននិយាយលម្អិតថា តើបុគ្គលណាខ្លះ ដែលត្រូវរងទណ្ឌកម្មនោះទេ។ យោងតាមសេចក្តីព្រាងច្បាប់ នៅលើគេហទំព័រសភាអាមេរិក ច្បាប់នេះសំដៅលើមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល, យោធា, ឬកងកម្លាំងសន្តិសុខកម្ពុជា រួមទាំងអង្គភាពដែលគ្រប់គ្រងដោយឬមានម្ចាស់ជាមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល, ជាយោធាឬកងកម្លាំងសន្តិសុខ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានហៅច្បាប់នេះជាការចោទប្រកាន់គ្មានមូលដ្ឋាននិងមាននិន្នាការនយោយបាយ។
លោក ផៃ ស៊ីផាន បាននិយាយដូច្នេះថា ៖ «ច្បាប់នេះគឺប្រឆាំងនឹងសន្តិភាព ស្ថិរភាព និងភាពរុងរឿងដែលប្រជាជនកម្ពុជាបានជ្រើសរើសតាមរយៈការបោះឆ្នោតទូទៅ នៅក្នុងខែកក្កដា ឆ្នាំ២០១៨។»
មន្រ្តីក្រសួងការបរទេសកម្ពុជា បានអះអាងថា ក្រសួងនឹងចេញសេចក្តីថ្លែងការណ៍៍នៅថ្ងៃអង្គារ ទី១៦ ខែកក្កដា នេះ៕