តាមការរាយការណ៍ដោយសារព័ត៌មានក្នុងស្រុក VN Express បានឲ្យដឹងថា មែនទែនទៅ ប្រទេសចិនបាននិងកំពុងរឹតបន្ដឹងគោលនយោបាយការនាំចូលរបស់ខ្លួន ដើម្បីកាត់បន្ថយហានិភ័យឆ្លងកូវីដ-១៩ និងបានត្រួតពិនិត្យលើមុខទំនិញនាំចូលមួយចំនួនពីវៀតណាម តាំងពីដើមឆ្នាំមុនមកម្ល៉េះ តែវាកំពុងត្រូវបានធ្វើឡើងកាន់តែម៉ឺងម៉ាត់ជាងមុននៅក្រោយពេលប្រទេសវៀតណាមកំពុងប្រឈមនឹងការឆ្លងរីករាលដាលកូវីដ-១៩កាន់តែខ្លាំង។ ការអនុវត្តនូវគោលការណ៍ត្រួតពិនិត្យកូវីដ-១៩ ក៏បានបណ្ដាលឲ្យមានការកកស្ទះទំនិញជាច្រើននៅច្រកទ្វារព្រំដែនភាគខាងជើងរបស់វៀតណាមជាមួយចិនផងដែរ។
ជាមួយនឹងស្ថានភាពកូវីដ-១៩កាន់តែអាក្រក់ទៅៗ ដែលកំពុងកើតមាននៅក្នុងប្រទេសមួយចំនួនក្នុងតំបន់ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានបញ្ជាក់ថា វាមានឱកាសខ្ពស់សម្រាប់ប្រទេសចិន ឡាវ និងកម្ពុជា អាចបន្ដការរឹតបន្ដឹងវិធានការការពារនៅតាមច្រកព្រំដែន ដែលវាអាចធ្វើឲ្យរាំងស្ទះដល់ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសវៀតណាម និងប្រទេសទាំងនេះផងដែរ។
ក្រសួងឧស្សហកម្ម និងពាណិជ្ជកម្មវៀតណាម បានស្នើដល់ភាគីចិន ឡាវ និងកម្ពុជា សហការជាមួយនឹងវៀតណាមក្នុងការអនុវត្តនីតិវិធីត្រួតពិនិត្យការរាតត្បាតនៃមេរោគនៅតាមច្រកព្រំដែន ដើម្បីធានាការពារពីការចម្លងកូវីដ-១៩ផង និងធានានូវលំហូរពាណិជ្ជកម្មរវាងគ្នានឹងគ្នាផងដែរ។
របាយការណ៍ការិយាល័យស្ថិតិទូទៅវៀតណាមបានឲ្យដឹងថា នៅក្នុងរយៈពេល ៤ខែដំបូងនៅឆ្នាំ២០២១ វៀតណាមនាំចេញទំនិញសរុបក្នុងតម្លៃជាង១០០ពាន់លានដុល្លារ កើនឡើង២៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញទៅចិនសម្រេចបាន១៧ពាន់លានដុល្លារ កើនឡើងជាង៣២%។
ការរឹតបន្ដឹងតាមច្រកព្រំដែនរវាងវៀតណាម និងប្រទេសជិតខាង គឺត្រូវបានធ្វើឡើងម៉ឺងម៉ាត់ជាងមុន នៅក្រោយពេលដែលវៀតណាម កំពុងមានការកើនឡើងនូវចំនួនអ្នកឆ្លងកូវីដ-១៩កាន់តែច្រើនឡើងៗ ដោយតួលេខនៅថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ វៀតណាមរកឃើញអ្នកឆ្លងថ្មី ១២៧នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបបានកើនឡើងជាង ៤ពាន់នាក់ហើយ ហើយក្នុងនោះ អ្នកស្លាប់មាន៣៦នាក់។
បើយើងក្រឡេកទៅមើលការចាក់វ៉ាក់សាំងនៅវៀតណាមវិញ មកទល់ពេលនេះ មានពលរដ្ឋត្រឹមតែប្រមាណជិត១លាននាក់ ឬស្មើនឹងប្រមាណ១% នៃចំនួនប្រជាជនសរុបប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ខណៈដែលកម្ពុជាយើងវិញមានពលរដ្ឋដល់ទៅជាង២លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំង ដែលចំនួននេះ គឺមានជាង២០% នៃគោលដៅចាក់វ៉ាក់សាំងសម្រាប់ប្រជាជន១០លាននាក់។
វៀតណាមរំពឹងថា នៅចុងឆ្នាំនេះ ខ្លួននឹងទទួលបានវ៉ាក់សាំងកូវីដ-១៩សរុបដល់ទៅ១១០លានដូស ដែលក្នុងនោះរួមមាន វ៉ាក់សាំង Pfizer របស់ក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់ និងវ៉ាក់សាំង AstraZeneca និងវ៉ាក់សាំងដែលផ្ដល់ដោយកម្មវិធី COVAXជាដើម។ ប៉ុន្ដែ មកទល់ពេលនេះ វៀតណាមមិនទទួលបានវ៉ាក់សាំងពីចិននៅឡើយទេ៕