យោងតាមទិន្នន័យពី សមាគមវាយនភ័ណ្ឌ និងសម្លៀកបំពាក់វៀតណាម បានបង្ហាញថា ការនាំចេញផលិតផលវាយនភ័ណ្ឌ និងសម្លៀកបំពាក់ នៅក្នុង៤ខែដំបូង ឆ្នាំ២០២០នេះ សម្រេចបានតែជាង ១០ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ធ្លាក់ចុះ ៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩កន្លងទៅ ហើយការនាំចូលវត្ថុធាតុដើម សម្រាប់វិស័យនេះ ក៏ធ្លាក់ចុះ ៣% ដូចគ្នា គឺមានប្រមាណតែ ៥,២ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
អនុប្រធានសមាគមវាយនភ័ណ្ឌ និងសម្លៀកបំពាក់វៀតណាម បានមានប្រសាសន៍ដែរថា តួលេខនៃការធ្លាក់ចុះខ្លាំងយ៉ាងនេះ មិនធ្លាប់កើតមានពីមុនមកនោះទេ ទាំងការនាំចេញសម្លៀកបំពាក់ និងសសៃអំបោះ សុទ្ធតែធ្លាក់ចុះចន្លោះ ៦% ទៅ ២២% ក្នុងរយៈពេល ៤ខែដំបូងនេះ ហើយតួលេខដ៏អាក្រក់នេះ អាចនឹងបន្តក្នុងខែឧសភា និងខែមិថុនា ទៀត ដោយសារតែការបញ្ជាទិញ ត្រូវបានពន្យារពេល និងខ្លះទៀតត្រូវបានលុបចោលតែម្តង។
វិស័យវាយនភ័ណ្ឌ និងសម្លៀកបំពាក់វៀតណាម ជាវិស័យមួយដែលកាន់កាប់ចំណែកនាំចេញធំ លំដាប់ទី ៣ នៃការនាំចេញសរុបរបស់វៀតណាម ហើយកំពុងប្រឈមនឹងផលលំបាកជាច្រើន ដោយសារតែមេរោគកូវីដ-១៩ បានធ្វើឲ្យបណ្តាទីផ្សារយក្សៗ ដូចជា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក លុបចោលការបញ្ជាទិញ និងពន្យារពេលកម្មង់ទំនិញ។
សមាគមវាយនភ័ណ្ឌ និងសម្លៀកបំពាក់វៀតណាម បានព្យាករថា នៅក្នុងករណីអាក្រក់បំផុតដែលអាចកើតមាន ការនាំចេញផលិតផលសម្រេចរបស់វិស័យមួយនេះ អាចនឹងធ្លាក់ចុះរហូតដល់ទៅ ២៣% នៅក្នុងឆ្នាំ ២០២០នេះ ពោលគឺ នាំចេញបានត្រឹមតែ ៣០ពាន់លានដុល្លារប៉ុណ្ណោះ។
គួរជម្រាបដែរថា ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២០នេះ ប្រទេសវៀតណាម សម្រេចបាននូវ ការនាំចេញប្រមាណ ៨៣ពាន់លានដុល្លារអាមេរិក ដែលមានកំណើន ៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩៕