ថ្លែងនៅក្នុងសន្និសីទដែលរៀបចំដោយ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក ក្វៀន សៀនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម បានអះអាងថា ប្រទេសវៀតណាមត្រូវខិតខំពុះពារធ្វើយ៉ាង ណា ក្លាយខ្លួនជាកំពូលប្រទេស ដែលមានការអភិវឌ្ឍលើវិស័យកសិកម្មខ្លាំងក្លា ក្នុងចំណោមប្រទេសទាំង ១៥ នៅទូទាំងសកលោក ក្នុងរយៈពេល១០ឆ្នាំ ដើម្បីលើកម្ពស់ដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាចំណូលប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ លោក ក្វៀន សៀនហ្វុកបានបញ្ជាក់ទៀតថា វិស័យផលិតកែច្នៃកសិកម្មរបស់វៀតណាម គួរតែត្រូវបានឈរក្នុងលំដាប់កំពូលទី១០ នៅទូទាំងសកលោកផងដែរ ពិសេសគឺវៀតណាមត្រូវតែព្យាយាម អភិវឌ្ឍខ្លួនឲ្យក្លាយទៅជាមជ្ឈមណ្ឌលសកលមួយ សម្រាប់ការកែច្នៃឈើ និងផលិតកម្មកែច្នៃបង្គា។
បើតាមលោកនាយករដ្ឋមន្ត្រីវៀតណាម នៅឆ្នាំ២០១៩នេះ វៀតណាមមានគោលដៅ ជំរុញកំណើនក្នុងវិស័យលក់ដុំ នៃវិស័យកសិកម្ម និងនេសាទ ឲ្យបាន ៣% ដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ៤២ ទៅ៤៣ ពាន់លានដុល្លារអាមេរិក។
លោក ក្វៀន សៀនហ្វុក បានបញ្ជាក់ទៀតថា ការឈានទៅសម្រេចនូវគោលដៅនេះ គឺជារឿងមួយដ៏លំបាក ប៉ុន្ដែ ត្រូវតែសម្រេចវាឲ្យបាន ហើយបើធ្វើមិនបានសម្រេចទេ ប្រជាជននឹងនៅតែបន្ដរស់ក្នុងស្ថានភាពលំបាក។
ទោះយ៉ាងណា វិស័យកសិកម្មវៀតណាម ក៏ត្រូវការអភិវឌ្ឍខ្លួននៅក្នុងទីផ្សារឲ្យបានកាន់តែប្រសើរឡើងផងដែរ ដូចជាការព្យាករ និងប៉ាន់ប្រមាណ ពីការផ្គត់ផ្គង់ និងតម្រូវការ ការពង្រីកទីផ្សារថ្មីៗបន្ថែម និងការអភិវឌ្ឍលើម៉ាកសញ្ញា ឬហៅថា Branding សម្រាប់ផលិតផលកសិកម្មដូចជា អង្ករ បង្គា និងស្រូវសាលី ជាដើម ខណៈដែល លោក ក្វៀន សៀនហ្វុក មើលឃើញថា បញ្ហាទាំងអម្បាលមាណខាងលើនេះ វៀតណាមហាក់ដើរយឺតបន្តិច បើធៀបនឹងប្រទេសថៃ និងកម្ពុជា។
តាមការិយាល័យស្ថិតិទូទៅវៀតណាម បានឲ្យដឹងថា កំណើនវិស័យកសិកម្មវៀតណាម បានកើនឡើង ៣,៦% ក្នុងឆ្នាំ គិតត្រឹមឆ្នាំ២០១៨ កន្លងទៅ ហើយកំណើនខ្ពស់បំផុត មានតាំងពីឆ្នាំ២០១២ មកម្លេះ។
ប្រភពដដែលបានឲ្យដឹងទៀតថា កាលពីឆ្នាំ២០១៨ វៀតណាមរកចំណូលបានប្រមាណ ២២ពាន់លានដុល្លារអាមេរិក ពីផលិតផលកសិកម្ម និងរុក្ខាប្រមាញ់ មានកំណើន១០% និងចំណូល ៨,៨ពាន់លានដុល្លារផ្សេងទៀត រកបានពីផលិតផលនេសាទ ដែលមានកំណើនជាង៦% បើធៀបនឹងឆ្នាំ ២០១៧៕