សារព័ត៌មាន Vietnam Express ដែលបានស្រង់សម្ដីរបស់ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោកស្រី Vu Thi Mai បាននិយាយកាលពីពេលថ្មីៗនេះថា នៅក្នុងសំណើរបស់ក្រសួងនោះ គឺមានស្នើឲ្យមានការដកចេញនូវពន្ធនាំចូលលើទំនិញម៉ាស់ និងទឹកលាងដៃ ដែលបច្ចុប្បន្នការផ្គត់ផ្គង់ទំនិញទាំងនេះកំពុងមានការខ្វះខាតខ្លាំង។
លោកស្រី Vu Thi Mai បាននិយាយទៀតថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងសុខាភិបាល នឹងបញ្ចូលឈ្មោះទំនិញទាំងនេះ នៅក្នុងបញ្ចីពន្ធនាំចូលដែលនឹងត្រូវបានកាត់ចេញ ដើម្បីដាក់បញ្ជូនបន្តទៅកាន់រដ្ឋាភិបាល សម្រាប់អនុម័ត។
ប្រភព័ត៌មានក្នុងស្រុកវៀតណាមបានឲ្យដឹងទៀតថា តម្លៃម៉ាស់ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម ហើយហាងលក់ឱសថនានាបានលក់ម៉ាស់អស់ពីស្តុក ខណៈដែលមនុស្សម្នាជាច្រើនស្វែងរកការការពារពីការឆ្លងនៃវីរុសកូរ៉ូណា ដោយការពាក់ម៉ាស់នេះ។ បច្ចុប្បន្ននេះ វីរុសកូរ៉ូណា ត្រូវបានគេរកឃើញថា បានឆ្លងដល់មនុស្សចំនួន ១០នាក់ហើយ នៅក្នុងប្រទេសវៀតណាម។
រោងចក្រផលិតម៉ាស់នៅវៀតណាម គឺកំពុងដំណើរការពេញសមត្ថភាព ប៉ុន្ដែក៏កំពុងជួបនូវបញ្ហាប្រភពធនធានសម្រាប់ការផលិត ដោយសារតែប្រទេសចិន បានបិទការនាំចេញ ដោយសារតែចិនកំពុងខិតខំទប់ទល់នឹងការរីករាលដាលនៃវីរុសកូរ៉ូណានេះដូចគ្នាដែរ។
មានអ្នកផលិតម៉ាស់ខ្លះ បានសម្រេចចិត្តនាំចូលម៉ាស់ពីប្រទេសផ្សេងទៀត ដូចជា ឥណ្ឌា ដែលតម្លៃម៉ាស់គឺមានខ្ពស់ជាងនាំចូលពីប្រទេសចិនទៅទៀត។
សូមបញ្ជាក់ថា តម្លៃម៉ាស់បានកើនឡើងយ៉ាងខ្លាំងមិនថាតែនៅប្រទេសវៀតណាម នោះទេ សូម្បីតែនៅ ប្រទេសថៃ ចិន រួមទាំងកម្ពុជាយើងផងដែរ ក៏មានការកើនឡើងថ្លៃម៉ាស់នេះដែរ។
គិតមកទល់នឹងរសៀលថ្ងៃទី ០៦ កុម្ភៈនេះ តាមរបាយការណ៍បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយវីរុសកូរ៉ូណាបានកើនឡើងដល់ទៅ ៥៦៥នាក់ហើយ និងបានឆ្លងទៅកាន់មនុស្សចំនួនជាង ២ម៉ឺន៨ពាន់នាក់ ក្នុងនោះដែរ ក៏មានអ្នកដែលត្រូវបានព្យាបាលធូរស្បើយឡើងវិញ ប្រមាណជាង ១២០០ នាក់៕